Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យខេត្តរតនគិរី ធ្វើយុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការគ្រុនស្វិតដៃជើង និងថ្នាំព្រូនដល់កុមារ

បានផុស

នៅ

មណ្ឌលសុខភាពឃុំកាចូន បានបន្តយុទ្ធនាការចុះតាមភូមិ ដើម្បីផ្តល់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង ជូនកុមារអាយុក្រោម ៥ ឆ្នាំ និងថ្នាំព្រូនដល់កុមារ ក្នុងគោលបំណងការពារសុខភាពកុមារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះនៅក្នុងសហគមន៍។ យុទ្ធនាការនេះ បានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី ដោយមានមាតាបិតា អាណាព្យាបាល នាំកូនៗមកទទួលវ៉ាក់សាំងជាច្រើននៅក្នុងថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែង វុទ្ធី មន្ត្រីទទួលបន្ទុកវ៉ាក់សាំងកុមារ បានឲ្យដឹងថា ការផ្តល់វ៉ាក់សាំងនេះ ជាផ្នែកមួយនៃយុទ្ធនាការគាំពារសុខភាពមាតា និងទារក សម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ។ លោកបន្តថា កន្លងមកក្រុមការងារបានចុះផ្តល់វ៉ាក់សាំងដល់កុមារសរុបចំនួន ១៨០ នាក់រួចហើយ នៅភូមិវ៉ង ភូមិវ៉ាយ ភូមិកាចូនក្រោម និងភូមិកាចូនលើ។ ចំណែកនៅសល់ចំនួន ២ភូមិទៀត គឺភូមិទៀមលើ និងភូមិកាឡឹម ដែលនឹងបន្តអនុវត្តនៅថ្ងៃបន្ទាប់ ដោយមានកុមារសរុបប្រមាណ ២៥៥ នាក់ទៀត។

ក្រៅពីវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង ក្រុមគ្រូពេទ្យក៏បានផ្តល់វ៉ាក់សាំងផ្សេងៗ និងថ្នាំព្រូនជូនកុមារដែលមិនទាន់បានទទួលសេវាសុខាភិបាលគ្រប់គ្រាន់ផងដែរ។ ដើម្បីធានាថាកុមារទទួលបានវ៉ាក់សាំងគ្រប់ចំនួន ក្រុមការងារបានចុះទៅផ្តល់សេវាតាមខ្នងផ្ទះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺគ្រុនស្វិតដៃជើង ដែលអាចប៉ះពាល់ដល់កុមារមិនបានចាក់វ៉ាក់សាំង។

លោក ប៉ែង វុទ្ធី ក៏បានបញ្ជាក់ថា វ៉ាក់សាំងនេះ នឹងមិនបង្កផលប៉ះពាល់ដល់កុមារដូចជាក្តៅខ្លួន ឬការរំខានអ្វីឡើយ។ យុទ្ធនាការនេះ ត្រូវបានចាត់ទុកថា ជាការរួមចំណែកសំខាន់ក្នុងការការពារសុខភាពកុមារ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងបង្ការ។

សូមជម្រាបថា ការផ្តល់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងលើកទី២នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅតាមទីតាំងដែលមានចងបដាសម្គាល់ តាមសាលារោងភូមិនីមួយៗ។ វ៉ាក់សាំងនេះមានប្រសិទ្ធភាពខ្ពស់ ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាលកម្ពុជា ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម