សុខភាព
មន្ទីរសុខាភិបាលខេត្តរតនគិរី បើកវគ្គបណ្តុះបណ្តាលដល់ក្រុមពេទ្យទ្រទ្រង់ភូមិ ពង្រឹងសេវាគាំពារមាតា និងទារក
មន្ទីរសុខាភិបាល ខេត្តរតនគិរី បានបើកវគ្គបណ្តុះបណ្តាលដល់ក្រុមពេទ្យទ្រទ្រង់សុខភាពភូមិ នៅមណ្ឌលសុខភាពកាចូន ដើម្បីពង្រឹងសេវាគាំពារមាតា និងទារក នៅតាមសហគមន៍ដោយមានការចូលរួមពីអនុប្រធានមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិចំនួន ៦ ភូមិ សរុប ១២ នាក់ ក្នុងនោះមានបុរស ២ នាក់។

លោកស្រី កេត កល្លីយ៉ុង ប្រធានកម្មវិធីសុខភាពម្តាយ និងទារក នៃស្រុកប្រតិបត្តិក្រុងបានលុង (OD) បានពន្យល់ដល់ក្រុមទ្រទ្រង់សុខភាពភូមិ អំពីរបៀបទំនាក់ទំនង និងការប្រាស្រ័យទាក់ទងឲ្យមានប្រសិទ្ធភាពជាមួយមាតាបិតា ក្នុងអំឡុងពេលស្ត្រីមានផ្ទៃពោះ ដើម្បីអប់រំសុខភាព និងជំរុញឲ្យស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះឲ្យបានយ៉ាងហោចណាស់ ៤ ដង ដើម្បីបង្ការហានិភ័យ និងការគ្រោះថ្នាក់អាចកើតមានឡើងក្នុងអំឡុងពេលមានផ្ទៃពោះ។ លោកស្រីបានបញ្ជាក់ថា សញ្ញាអាសន្នដែលអាចបង្កគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះ រួមមាន គ្រុនក្តៅ ពិបាកដកដង្ហើម ឈឺពោះខ្លាំង ឈឺក្បាលខ្លាំង ស្រវាំងភ្នែក ហើមដៃ ហើមមុខ ហើមជើង ចលនាកូនថយចុះ និងប្រកាច់។
លោកស្រីបានបញ្ជាក់ថា កន្លងទៅមានករណីស្ត្រីមានផ្ទៃពោះម្នាក់បានស្លាប់នៅផ្ទះខ្លួនឯង ខណៈសម្រាលកូន ដោយសារមិនបានទៅពិនិត្យផ្ទៃពោះជាប្រចាំ បណ្តាលឲ្យធ្លាក់ឈាមខ្លាំង និងមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា។ ដូច្នេះ លោកស្រីបានផ្តល់អនុសាសន៍ដល់ស្ត្រីដែលទើបមានផ្ទៃពោះ ឲ្យទៅពិនិត្យសុខភាពជាប្រចាំ និងសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីបង្ការហានិភ័យធ្លាក់ឈាម និងបាត់បង់ជីវិតដោយចៃដន្យ។

ជាមួយគ្នានេះ លោកស្រីក៏បានណែនាំឲ្យក្រុមទ្រទ្រង់សុខភាព ផ្សព្វផ្សាយអំពីសារៈសំខាន់នៃការត្រៀមសម្ភារៈមុនពេលសម្រាលកូន សម្រាប់ស្ត្រីមានផ្ទៃពោះ និងអ្នកដែលជិតសម្រាល។ លោកស្រីក៏ជំរុញឲ្យម្តាយក្រោយសម្រាល មកពិនិត្យសុខភាពចំនួន ៣ ដង នៅមណ្ឌលសុខភាព និងនាំកូនមកពិនិត្យចំនួន ១០ ដង ដើម្បីការពារជំងឺ និងតាមដានការលូតលាស់ឲ្យបានល្អ។
បន្ថែមពីនេះ លោកស្រីបានក្រើនរំលឹកឲ្យក្រុមទ្រទ្រង់សុខភាព បន្តផ្សព្វផ្សាយទៅកាន់ស្ត្រីនៅសហគមន៍ កុំឲ្យសម្រាលកូនតាមបែបបុរាណនៅផ្ទះ ដូចជា រាំងភ្លើង ឬសង្កត់ថ្ម ព្រោះអាចបណ្តាលឲ្យមានបញ្ហាផ្លូវចិត្ត ធ្លាក់ឈាម ខ្សោះជាតិទឹក វិលមុខ ឬប៉ះពាល់ដល់ទារក។ ជាពិសេស ការសង្កត់ថ្មអាចធ្វើឲ្យស្បូនមិនវិលត្រឡប់ទៅសភាពដើម បង្កផលវិបាក និងអាចមានកំណក់ឈាមនៅក្នុងស្បូន ដែលគ្រោះថ្នាក់ដល់សុខភាពម្តាយ។

អ្នកស្រី ស៊ីណាន ពាន ជាសមាជិកក្រុមទ្រទ្រង់សុខភាពភូមិកាចូនក្រោម បានបញ្ជាក់ថា ក្រោយទទួលបានវគ្គបណ្តុះបណ្តាលនេះ អ្នកស្រីបានទទួលចំណេះដឹងអំពីការថែទាំសុខភាពមាតា និងទារក ការយល់ដឹងអំពីហានិភ័យដែលអាចកើតមានចំពោះស្ត្រីមានផ្ទៃពោះ និងជំនាញក្នុងការប្រាស្រ័យទាក់ទងជាមួយស្ត្រីនៅក្នុងសហគមន៍របស់ខ្លួន។
ចំណែកអ្នកស្រី ខាំ រដ្ឋា អនុប្រធានមណ្ឌលសុខភាពកាចូន បានផ្តាំផ្ញើឲ្យក្រុមទ្រទ្រង់សុខភាពភូមិទាំងអស់ យកចិត្តទុកដាក់ពិនិត្យសុខភាពមាតា និងទារកឲ្យបានទៀងទាត់។ លោកស្រីបានណែនាំថា នៅពេលទៅពិនិត្យសុខភាព គួរយកឯកសារពាក់ព័ន្ធ និងថវិកាសម្រាប់បង់សេវាមណ្ឌលសុខភាពទៅជាមួយផង។ ប្រសិនបើគ្មានលទ្ធភាពបង់ថ្លៃ សូមប្រាប់បុគ្គលិកសុខាភិបាលតាមត្រង់ ដើម្បីទទួលបានការជួយសម្របសម្រួល និងព្យាបាលតាមស្ថានភាពជាក់ស្តែង៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


