Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ណែនាំកម្មករ-កម្មការិនី ត្រូវបង្កើនជំនាញ និងបំពេញការងារប្រកបដោយវិន័យ

បានផុស

នៅ

លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានណែនាំកម្មករ កម្មការិនី តាមបណ្តារោងចក្រនៅទូទាំងខេត្តតាកែវ ត្រូវខិតខំឧស្សាហ៍ព្យាយាមបង្កើនជំនាញ និងបំពេញការងារប្រកបដោយវិន័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំរបស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ធ្វើ​ឡើងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ពិធីនេះក៏មានការចូលរួមពីនាយករដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកត្រាំកក់ អាជ្ញាធរមូលដ្ឋាន ព្រមទាំងកម្មករ កម្មការិនី និងពលករយ៉ាងច្រើនកុះករ។ ក្នុងឱកាសដ៏មានអត្ថន័យនោះ លោក វ៉ី សំណាង អភិបាលខេត្ត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនជាកម្លាំងពលកម្មទាំងអស់ ដែលជាចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចខេត្តឱ្យមានការរីកចម្រើន។ ជាមួយគ្នានោះលោកបានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដល់កម្មករ កម្មការិនី តាមបណ្តារោងចក្រទាំងអស់ទូទាំងខេត្ត ត្រូវខិតខំឧស្សាហ៍ព្យាយាម បង្កើនជំនាញ និងបំពេញការងារប្រកបដោយវិន័យ និងប្រសិទ្ធភាព ព្រោះនេះជាកត្តាសំខាន់បំផុត ក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេសឱ្យមកបណ្តាក់ទុននៅខេត្តតាកែវ ឱ្យបានកាន់តែច្រើន នោះនឹងបង្កើតឱកាសការងារ និងចំណូលជូនដល់ពលរដ្ឋក្នុងមូលដ្ឋានកាន់តែសម្បូរបែប។

យោងតាមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» លោក វ៉ី សំណាង បានបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងសិទ្ធិសេរីភាពរបស់កម្មករ តាមរយៈការធានានូវលក្ខខណ្ឌការងារសមរម្យ សុវត្ថិភាព និងអត្ថប្រយោជន៍ផ្សេងៗ ដើម្បីកសាងកម្លាំងពលកម្មមួយដែលមានភាពធន់ទៅនឹងការប្រែប្រួលនៃសេដ្ឋកិច្ចសកល៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម