ព័ត៌មានជាតិ
ស្អែកនេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រៀបចំពិព័រណ៍សៀវភៅ ក្នុងឱកាសទិវាជាតិនៃការចងចាំ
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ ដែលជាទិវាជាតិនៃការចងចាំ មជ្ឈមណ្ឌលធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នឹងរៀបចំកម្មវិធីបើកពិព័រណ៍ស្តីអំពី “សំណងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា” និងពិព័រណ៍សៀវភៅក្រោមប្រធានបទ “អក្សរសាស្ដ្រ ប្រវត្តិសាស្ដ្រដើម្បីការចងចាំ” នៅក្នុងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

ពិព័រណ៍ រៀបចំឡើងដោយមានគោលបំណង ៦។ ទី១ ដើម្បីបង្ហាញអំពីសិទ្ធិទទួលបានសំណង និងការវិវត្តរបស់គម្រោងសំណងនៅក្នុងបរិបទរបស់ អ.វ.ត.ក.។ ទី២ នាំឱ្យមានការយល់ដឹងច្បាស់លាស់និងងាយស្រួលអំពីប្រព័ន្ធសំណងរបស់ អ.វ.ត.ក. ចាប់ពីដំណាក់កាលដាក់ពាក្យរហូតដល់ការអនុវត្ត។ ទី៣ គោរព ផ្ដល់តម្លៃ សេចក្តីត្រូវការ និងសេចក្តីថ្លៃថ្នូររបស់ដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះ។ ទី៤ ជំរុញការឆ្លុះបញ្ចាំងប្រកបដោយស្ថាបនាអំពីសមិទ្ធផល ដែនកំណត់ និងឥទ្ធិពលនៃសំណងដែលតុលាការបានផ្តល់។ ទី៥ បង្ហាញពីគំនិតផ្តួចផ្តើមរបស់អង្គការសង្គមស៊ីវិល ដែលបន្តគាំទ្រជនរងគ្រោះលើសពីក្របខណ្ឌយុត្តិធម៌របស់ អ.វ.ត.ក. និងទី៦ ជំរុញភាពជាដៃគូ គំនិតថ្មីៗ និងការប្តេជ្ញាចិត្តសម្រាប់ស្ថាប័នកេរដំណែក អ.វ.ត.ក. នាពេលអនាគត។
សម្រាប់ពិព័រណ៍សំណងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងដាក់តាំងបង្ហាញអំពីគម្រោងសំណងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅក្នុងបរិវេណនៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. តាមរយៈរូបថត ឯកសារ សក្ខីកម្ម និងផ្ទាំងព័ត៌មានអប់រំផ្សេងៗ ដែលបង្ហាញពីដំណើរការនៃសំណង ចាប់ពីគោលការណ៍ រហូតដល់ការអនុវត្តជាក់ស្តែង និងផលទទួលបានពីសំណងទាំងនោះដល់ជនរងគ្រោះ និងក្នុងសង្គមទាំងមូល។
រីឯ ពិព័រណ៍សៀវភៅស្ដីពី “អក្សរសាស្ដ្រ ប្រវត្តិសាស្ដ្រដើម្បីការចងចាំ” ធ្វើឡើងដើម្បីរម្លឹកកដល់ការចងចាំពីព្រឹត្តការណ៍ក្នុងរបបខ្មែរក្រហម ក្នុងទិវានៃការចងចាំ២០ ឧសភា ឆ្នាំ២០២៦ ដែលផ្តោតសំខាន់ទៅលើសៀវភៅប្រវត្តិសាស្រ្ត សៀវភៅច្បាប់ និងប្រភេទសៀវភៅមួយចំនួនទៀត ដើម្បីបង្ហាញនូវការរួមចំណែករបស់ អ.វ.ត.ក.ដែលបានធ្វើការងារលើដំណើរការស្វែងរកយុត្តិធម៌ ការផ្សះផ្សា ការចងចាំ សន្តិភាព ដែលជាកេរដំណែលមិនអាចកាត់ថ្លៃបាន។ បន្ថែមពីនេះ ពិព័រណ៍នឹងមានស្ដង់ដាក់លក់និងចែកចាយសៀវភៅនិងឯកសារផ្សេងៗពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ ច្បាប់ យុត្តិធម៌អន្តរកាលនិងឯកសារអប់រំផ្សេងៗ ដោយមានការចូលរួមពីអ្នកនិពន្ធ បណ្ណាល័យ បណ្ណាគារ ស្ថាប័នអប់រំនិងសង្គមស៊ីវិល។ ក្រៅពីស្ដង់ពិព័រណ៍សៀវភៅ កម្មវិធីនេះក៏នឹងមានការធ្វើបទបង្ហាញ កិច្ចពិភាក្សា និងការចាក់បញ្ចាំងភាពយន្តឯកសារ ផងដែរ។
រយៈពេល ៤ថ្ងៃ នៃការរៀបចំពិព័រណ៍ រំពឹងថានឹងមានការចូលរួមពីជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី យុវជន អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសាធារណជនទូទៅ ដើម្បីរួមគ្នាឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃការចងចាំ ការទទួលខុសត្រូវ និងការផ្សះផ្សានៅក្នុងសង្គមកម្ពុជា៕






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


