Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីរៀបចំ​បង្កើតប្រព័ន្ធ​នាំចូលពិសេស ដើម្បីនាំចូលប្រេងរុស្ស៊ី​ ១៥០ លានបារ៉ែល ឆ្នាំនេះ

បានផុស

នៅ

​ឥណ្ឌូ​ណេស៊ីកំពុង​រៀបចំ​ប្រព័ន្ធ​នាំចូល និងក្របខ័ណ្ឌបទប្បញ្ញត្តិពិសេស ដើម្បីបំពេញផែនការនាំចូលប្រេងរុស្ស៊ីប្រមាណ ១៥០ លានបារ៉ែល នៅឆ្នាំនេះ ខណៈទិន្នន័យបង្ហាញថា រហូតដល់ខែឧសភា ប្រទេសនេះទើបតែទទួលបានការដឹកជញ្ជូនប្រេងតែមួយជើងពីរុស្ស៊ីប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីសប្ដាហ៍មុន​ ដោយស្រង់សម្ដីប្រភពមន្រ្តីជាន់ខ្ពស់ឥណ្ឌូណេស៊ីម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងក្រោយឥណ្ឌូណេស៊ី និងរុស្ស៊ី បាន​សម្រេចលើកិច្ចព្រមព្រៀង​ផ្គត់ផ្គង់ប្រេងមួយ​កាលពីខែមុន ដែលនោះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ឥណ្ឌូណេស៊ីទប់ទល់នឹង​វិបត្តិកង្វះខាតប្រេងសកលដោយសារតែជម្លោះអាមេរិក-អ៊ីរ៉ង់ ក្រោយប្រធានាធិបតី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ជួបជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅក្រុងមូស្គូ។

ទោះបីជាមានក្របខ័ណ្ឌក៏ដោយ គោលដៅ​របស់ឥណ្ឌូណេស៊ី​មានមហិច្ឆតាខ្លាំងពេក​។ ដើម្បីនាំចូលប្រេងចំនួន ១៥០ លានបារ៉ែល រវាងពាក់កណ្តាលឆ្នាំឆ្នាំនេះ ដល់​ចុងខែមករាឆ្នាំក្រោយ​ រុស្ស៊ីត្រូវដឹកជញ្ជូនប្រេងប្រហែល ៧០០ ០០០ បារ៉ែល/ថ្ងៃ ដែលជិតបរិមាណដែលរុស្ស៊ីផ្ដល់ឱ្យតួកគី។ ​

អ្នក​ជំនាញពាណិជ្ជកម្ម​បាន​លើកឡើងថា រុស្ស៊ីបច្ចុប្បន្ននាំចេញប្រេង ៥ លានបារ៉ែល/ថ្ងៃ ទៅចិន និងឥណ្ឌា ហើយការបែងចែកប្រេងទៅឱ្យអតិថិជនថ្មី មានន័យថា រុស្ស៊ីត្រូវបំបែកប្រេងខ្លះពីអតិថិជនចាស់ ដែលនោះ​អាច​ជាបញ្ហាលំបាក។

លោក Laode Sulaeman មន្ត្រីជាន់ខ្ពស់ក្រសួងថាមពលឥណ្ឌូណេស៊ី បានប្រាប់អ្នកយកព័ត៌មាន​កាលពីសប្ដាហ៍មុន​ថា មិនទាន់មានក្រុមហ៊ុនណាមួយ ត្រូវបានកំណត់ឱ្យធ្វើការនាំចូលនៅឡើយទេ​។

លោក Sulaeman ​បន្តថា៖ «ក្រុមហ៊ុន(ថាមពលរដ្ឋ) Pertamina មានមូលបត្របំណុលសកល ហើយវាត្រូវតែជៀសវាងរឿងដែលអាចរំលោភលើលក្ខខណ្ឌនៃមូលបត្របំណុលសកលរបស់​ក្រុមហ៊ុន​។ នោះហើយជាមូលហេតុដែលយើងកំពុងស្ថិតក្នុងដំណើរការនៃការបង្កើតគម្រោងមួយ​»​។

​ពេលសួរអំពីផែនការនាំចូល អ្នកនាំពាក្យរបស់ Pertamina លោក Muhammad Baron បាននិយាយកាលពីថ្ងៃសុក្រថា៖ «ដំណើរការទាំងមូលនឹងត្រូវបានអនុវត្តស្របតាមការណែនាំរបស់រដ្ឋាភិបាល ខណៈ​ផ្តល់អាទិភាពដល់គោលការណ៍នៃអភិបាលកិច្ចសាជីវកម្មល្អ និងបទប្បញ្ញត្តិដែលអាចអនុវត្តបាន​»។

អ្នក​ជំនាញពាណិជ្ជកម្ម​បាននិយាយថា ​ចំនួនមាន​កំណត់​នៃនាវាដឹកប្រេងដោយសារតែទណ្ឌកម្មរបស់លោកខាងលិច ​និងរយៈចម្ងាយដឹកជញ្ជូនដ៏​ឆ្ងាយ ​នឹងធ្វើឱ្យការដឹកជញ្ជូនប្រេងរុស្ស៊ីទៅឥណ្ឌូណេស៊ីមានការលំបាក និងចំណាយច្រើន។

គេមើលឃើញថា ​ឥណ្ឌូ​ណេស៊ី ដែលនាំចូលប្រហែល ១ លានបារ៉ែល​/ថ្ងៃ កំពុងស្វែងរកការផ្គត់ផ្គង់បន្ថែមពីប្រភពផ្សេងៗ រួមទាំងសហរដ្ឋអាមេរិក ដើម្បីពង្រឹងសន្តិសុខថាមពលរបស់ខ្លួន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម