Connect with us

ព័ត៌មានអន្ដរជាតិ

សភាអាមេរិក អនុម័តថវិកា ៧០ពាន់​លាន​ដុល្លារ ឱ្យលោក ត្រាំ យកទៅពង្រឹងព្រំដែន

បានផុស

នៅ

បន្ទាប់ពីប្រកែកគ្នាយ៉ាងតឹង​សសៃ​ ក រហូតធ្វើឱ្យស្ថាប័នរដ្ឋខ្លះត្រូវបិទទ្វារ ទីបំផុតភាពទាល់ច្រកខាងនយោបាយនៅក្នុងសភាជាតិ​អាមេរិក ជុំវិញរឿងលុយកាក់សម្រាប់ពង្រឹងច្បាប់អន្តោប្រវេសន៍ ត្រូវបានបញ្ចប់ហើយកាលពីថ្ងៃអង្គារ ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៦ បន្ទាប់ពីសភាតំណាងរាស្ត្រ ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានបោះឆ្នោតអនុម័តច្បាប់ថវិកា​ ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ៧០ ពាន់លាន​ដុល្លារ សម្រាប់​ផ្តល់ជូនភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ព្រមទាំងកងល្បាតព្រំដែន ប្រើប្រាស់រហូតដល់ចប់អាណត្តិរបស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។

កងកម្លាំង ICE (រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះផ្សាយ​ថ្ងៃទី​១០មិថុនា សារព័ត៌មាន The Star បានឱ្យដឹងថា ការអនុម័តនេះ បានឆ្លងផុតទាំងប្រកៀកប្រកិតបំផុត គឺ ២១៤ ទល់នឹង ២១២សំឡេង ហើយឥឡូវនេះត្រូវបញ្ជូនទៅសេតវិមាន ដើម្បីឱ្យលោក ត្រាំ ចុះហត្ថលេខា។

រឿងថវិកាការពារព្រំដែននេះ ធ្លាប់បានធ្វើឱ្យបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យឈ្លោះគ្នាយ៉ាងខ្លាំង រហូតដល់ថ្នាក់ធ្វើឱ្យក្រសួងសន្តិសុខមាតុភូមិអាមេរិកត្រូវបិទទ្វារការងារអស់ ៧៦ថ្ងៃ កាលពីដើមឆ្នាំនេះ។ ខាងបក្សប្រជាធិបតេយ្យ បានប្រឆាំងដាច់ខាតមិនចង់ឱ្យលុយទៅខាងភ្នាក់ងារអន្តោប្រវេសន៍ឡើយ ព្រោះខឹងនឹងរឿងមានការបាញ់សម្លាប់ពលរដ្ឋអាមេរិកពីរនាក់ កាលពីខែមករា ប៉ុន្តែពួកគេនៅតែមិនអាចទប់ទល់នឹងសំឡេងភាគច្រើនរបស់បក្សសាធារណរដ្ឋបាន។

កាលពីដំបូងឡើយ ការអនុម័តច្បាប់នេះ មានភាពរញ៉េរញ៉ៃបន្តិច ដោយសារលោក ត្រាំ បានទាមទារចង់បានលុយរាប់ពាន់លានដុល្លារបន្ថែមទៀត ដើម្បីយកទៅធ្វើសន្តិសុខសាលពិធីផ្ទាល់ខ្លួន និងបង្កើតមូលនិធិសងជំងឺចិត្តដល់ក្រុមសម្ព័ន្ធមិត្តរបស់លោក។ ទោះជាយ៉ាងណា គម្រោងចំណាយផ្ទាល់ខ្លួនទាំងនោះ ត្រូវបានកាត់ចោលវិញអស់ហើយ ទើបធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ អាចហែលឆ្លងផុតការអនុម័តពីសភាទាំងពីរថ្នាក់បាននៅពេលនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម