Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​ដាក់ចេញមហិច្ឆតា ​បណ្តុះ​សមត្ថភាព​ជន​ជាតិ​​ខ្មែរ​ ឈាន​ចាប់កាន់​​តួនាទី​ដឹកនាំ​លើ​វិស័យ​ធានារ៉ាប់​រង

បានផុស

នៅ

រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​មហិច្ឆតា​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានជំនាញ​​ក្នុង​ស្រុក​ ដើម្បី​អាច​ឈាន​​ទៅ​ចាប់​កាន់់​តំណែង​ជា​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ធំៗ​​លើវិស័យ​ធានារ៉ាប់រង​។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក​និយ័តករ​ធានារ៉ាប់រង​កម្ពុជា​បាន​បញ្ជាក់​ថា ដោយសារ​កម្ពុជា​មិនទាន់​មាន​ការ​បណ្តុះបណ្តាល​ជំនាញ​ធានារ៉ាប់រង​នៅ​សាកលវិទ្យាល័យ លោកមើលឃើញ​ថា​​តំណែង​ថ្នាក់ដឹកនាំ​កណ្តាល និង​កំពូលៗ​ភាគច្រើន​ត្រូវ​បង្ខំចិត្ត​ពឹងផ្អែក​លើ​ជនបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​គឺ​ព្យាយាម​បង្កើត​ទីផ្សារ​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ មិនមែន​បង្កើត​សម្រាប់​ជន​បរទេស​ឡើយ។ ចាប់​ពី​កម្រិតទាប មធ្យម រហូត​ដល់​កម្រិតខ្ពស់ គឺ​ត្រូវ​តែ​ជា​ប្រជាពលរដ្ឋខ្មែរ ដែល​មាន​ជំនាញ​ធានារ៉ាប់រង​ច្បាស់លាស់»។ លោក ប៊ូ ច័ន្ទភីរ៉ូ បញ្ជាក់។

យ៉ាងណាមិញ ​ស្ថានភាព​មាន​ការ​ប្រែប្រួល។ ប្រជាពលរដ្ឋខ្មែរ​មាន​ចំណុច​ពិសេស​គឺ​ឆាប់​ចាប់​បាន ពេល​​ចូល​ធ្វើការ​ផ្ទាល់។

​លោក ភី ច័ន្ទភីរ៉ូ មើលឃើញ​ពលរដ្ឋខ្មែរ​មាន​ចំណុច​ពិសេស​មួយ​គឺ ចង់​ចេះ​ចង់​ដឹង ឆាប់​ចាប់​បាន​ការងារ។ នៅ​ពេល​ចូលបម្រើការងារ ពួកគេធ្វើការផង​រៀនសូត្រ​ផង រហូត​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង។

លោកលើកឡើងដូច្នេះថា​ «បច្ចុប្បន្ន​​សូម្បីតែតំណែងថ្នាក់កណ្តាល និងថ្នាក់កំពូលៗដូចជាអគ្គនាយក (CEO) នៅ​ក្នុង​ក្រុមហ៊ុន​ធានារ៉ាប់រង​អន្តរជាតិ​ធំៗដែល​មាន​សាខា​គ្រប់​ទ្វីប ក៏​មាន​ជនជាតិខ្មែរ​ធ្វើជា CEO ដែរ ព្រោះ​ក្រុមហ៊ុន​ទទួល​បាន​អត្ថប្រយោជន៍​ពីរ​គឺ ចំណាយ​តិច​ជាង​ជនបរទេស និង​មាន​សមត្ថភាព​​ដឹកនាំ​ឱ្យ​ក្រុមហ៊ុន​ជោគជ័យ​ដូចគ្នា»។

«តាមធម្មជាតិ​នៃ​ការ​ធ្វើអាជីវកម្ម ក្រុមហ៊ុន​បរទេស​តែងតែ​ចង់​ចំណាយ​តិច ដោយ​សារ​​ការ​ជួល​ជន​បរទេស​មានការ​ចំណាយ​ខ្ពស់។ ហេតុនេះ នៅ​ពេល​ដែល​ជនជាតិខ្មែរ​មាន​សមត្ថភាព​អាច​​​​បំពេញ​ការងារ​បាន ក្រុមហ៊ុន​អន្តរជាតិ​ធំៗចង់​​តែងតាំង​ជនជាតិ​ខ្មែរ​ជា​អគ្គនាយក (CEO) និង​ជា​ថ្នាក់ដឹកនាំ​កណ្តាល​​វិញ ព្រោះ​សមត្ថភាព​ដឹកនាំ​ជោគជ័យដូចគ្នា ហើយការចំណាយតិចជាង»។ លោក​ ប៊ូ ច័ន្ទភីរូ បន្ថែម។

វិស័យធានារ៉ាប់រងនៅកម្ពុជា​មានការរីកចម្រើនជាបន្តបន្ទាប់។ បច្ចុប្បន្ន​មានអ្នកបម្រើ​ការងារ​ពេញម៉ោង​​ប្រមាណ ៤,៥០០ នាក់ និងអ្នកធ្វើការជាភ្នាក់ងារជាង ១ ម៉ឺននាក់។

តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ ២០៣០ វិស័យធានារ៉ាប់រង​​រំពឹងនឹង​រួមចំណែក​ក្នុង​សេដ្ឋកិច្ច​រហូតដល់ ២% ដែល​ទាមទារឲ្យ​មានកម្លាំង​ពលកម្មពេញម៉ោងកើនឡើងដល់ប្រមាណ ១ ម៉ឺន​នាក់។

លោក ភី ច័ន្ទភីរូ បាន​សង្កត់​ធ្ងន់​ថា ប្រភពធនធានមនុស្សដ៏សំខាន់ ​ក្នុងការស្រូប​យកមក​បំពេញ​តម្រូវការ​រហូត​ដល់ ១ ម៉ឺន​នាក់នេះ គឺ​ចេញពីនិស្សិតតាមសាកលវិទ្យាល័យនេះឯង ហើយ​ការ​បណ្តុះបណ្តាល​​ជំនាញ​កាន់​តែលឿន នឹងជួយជំរុញកំណើនទីផ្សារបានកាន់តែឆាប់រហ័ស។

​និយ័តករធានារ៉ាប់រងកម្ពុជា បានចុះហត្ថលេខា​សហការ​ជាមួយសាកលវិទ្យាល័យ បៀល ប្រាយ ដែលនេះជាសាកលវិទ្យាល័យទី ៣ នៅក្នុងប្រទេស​កម្ពុជា​ដែលនិយ័តករ​បាន​ចុះកិច្ច​ព្រម​ព្រៀង​ជាមួយ។ តាម​រយៈ​ការ​ចុះ​កិច្ចសហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ គឺ​ដើម្បី​កសាង​គ្រឹះ​ជំនាញ​ធានារ៉ាប់រង​ដល់​និស្សិត​តាំង​ពី​នៅក្នុង​សាកលវិទ្យាល័យ ដើម្បី​ពេល​ពួកគេ​បញ្ចប់​ការ​សិក្សា អាច​ដើរចូល​ទៅក្នុងទីផ្សារ​ការងារ​បាន​លឿន និង​រុញ​ច្រាន​វិស័យ​នេះ​ឱ្យ​កាន់​តែ​រីកចម្រើន​។

លោក ឌៀប សីហា សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​បៀល ប្រាយ​ បាន​បញ្ជាក់ថា ការ​ចុះ​អនុស្សរណៈ​នេះ​ គឺ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​រវាងគ្រឹះស្ថានឧត្តមសិក្សា និងវិស័យ​ធានារ៉ាប់រង​នៅកម្ពុជា។

លោកថា ស្ថាប័នទាំងពីរ​មានការ​ប្តេជ្ញាចិត្តរួមគ្នា​ក្នុងការជំរុញ និង​លើកកម្ពស់​ចំណេះដឹង បទពិសោធន៍ ការ​បណ្ដុះបណ្ដាល និង​ការចូលរួម​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​ការ​យល់ដឹង​អំពី​វិស័យ​ធានារ៉ាប់រង និង​ការ​គ្រប់គ្រង​ហានិភ័យ។

តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បណ្តុះបណ្តាល និងអភិវឌ្ឍន៍​ធនធាន​ជំនាញ ដើម្បីជំរុញ​ការរីកចម្រើន និងភាពធន់នៃ​ឧស្សាហកម្ម​ធានារ៉ាប់រង​នៅ​កម្ពុជា។ លោក ឌៀប សីហា បញ្ជាក់បន្ថែម។

និយ័តករ​ធានារ៉ាប់រង​កម្ពុជា គិតត្រឹមឆ្នាំ ២០២៥ កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៩ និងក្រុមហ៊ុនអន្តរការីធានារ៉ាប់រងចំនួន ៦៥ កំពុងប្រតិបត្តិការ ខណៈបុព្វលាភធានារ៉ាប់រងសរុបសម្រេចបានប្រមាណ ៣៦៧ លានដុល្លារ កើនឡើង ២,៨ភាគរយ បើធៀបនឹងឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម