Connect with us

សេដ្ឋកិច្ច

​ទំហំពាណិជ្ជកម្ម​ទ្វេភាគីកម្ពុជា-ចិន ​សម្រេច​បាន​ជាង ​៩ ​ពាន់លានដុល្លារ ​នៅ​រយៈពេល​ ៥ ​ខែ ​ឆ្នាំនេះ​

បានផុស

នៅ

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីកម្ពុជា-ចិន ​សម្រេច​បាន​នូវទឹកប្រាក់​ជាង​ ៩ ​ពាន់លានដុល្លារ ​នៅ​ក្នុង​រយៈ​ពេល​ ៥ ខែ ​២០២៦ ​កើន​ឡើង​ជិត ២៣% ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ នៅឆ្នាំ ២០២៥ ​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ចិន​ មានតម្លៃជាង​ ៧៥៣ លានដុល្លារ កើនឡើង ១៨,៨% ចំណែក​ឯ​ចិន​ នាំចូល​មក​វិញ​មាន​តម្លៃ ៨,៦៣ ពាន់លានដុល្លារ កើន ២៣,៣%។ កម្ពុជា​មានឱនភាពពាណិជ្ជកម្ម​ជាមួយ​ចិន​ប្រមាណ ៧,៨ ពាន់លានដុល្លារ​។ ​នេះ​បើ​យោង​តាម​អគ្គនាយក​រដ្ឋានគយ ​និង​រដ្ឋា​ករ​កម្ពុជា ​(GDCE)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភេទទំនិញ​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​ចិនភាគច្រើន គឺជាផលិតផលកសិកម្ម ​គ្រឿង​សង្ហារឹម ​គ្រឿង​អលង្ការ ​និង​ផលិត​ផល​វាយ​នភណ្ឌ។​

​ចំណែក​ទំនិញនាំ​ចូលមកវិញ​ដូចជា ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ ​សហគ្រាស ផលិត​ផលប្រើ​ប្រាស់​ប្រចាំថ្ងៃ ​​អាហារ ភេសជ្ជៈ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​សំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។​

​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​អ្នកឧកញ៉ា ​លឹម ហេង ប្រាប់កម្ពុជាថ្មីថា ​ពាណិជ្ជ​កម្មកម្ពុជា-ចិន ​នៅតែមានភាពល្អប្រសើរ ជាង ៣០ ឆ្នាំ កន្លងមកនេះ​ សេដ្ឋកិច្ចកម្ពុជា ​ការនាំចូល​ច្រើនជាង​ការនាំ​ចេញរហូត ​ប៉ុន្តែ​កំណើនសេដ្ឋកិច្ច នៅ​តែ​ល្អ​ប្រសើរ ​នៅ​តែរីកចម្រើន​។​

​អ្នកឧកញ៉ា ​លឹម ហេង ​យល់ឃើញថា ​កម្ពុជា​កំពុងត្រូវការវត្ថុធាតុដើម ​ជាពិសេស​ពីចិន ​និងបណ្ដា​ប្រទេស​មួយចំនួនទៀត ​ដើម្បីកែច្នៃផលិត ​នាំចេញទៅសហគមន៍អឺរ៉ុប ​និងសហរដ្ឋអាមេរិក​។

​អ្នកឧកញ៉ា ​លឹម ហេង បន្ថែមថា៖ «យើង​នាំចូល​ច្រើនមែន​ តែយើងផលិតកែច្នៃរួច យើង​នាំចេញ​ក៏យើង​បានចំណេញ​ច្រើន​ទៀត​ដែរ បានយើង​ចេះតែនាំចូលច្រើន ​ហើយនាំចេញ​ក៏នៅតែ​កើន​ ត្បិត​តែនាំចេញបានតិចជាងការនាំចូលមែន តែកុំភ្លេចថា ប្រទេសយើងមិនមែន​ជាប្រទេស​ផលិត​វត្ថុធាតុ​ដើមទេ​ យើងកំពុងត្រូវការវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន»។​

​​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ​២០២៥ ​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន ​សម្រេច​បាននូវទំហំទឹកប្រាក់​ ​១៩,៧៣ ​ពាន់​លានដុល្លារ​ ក្នុងនោះកម្ពុជា​នាំចេញ​ទៅ​​ចិន​មានតម្លៃ ​១,៦៨ ​ពាន់លានដុល្លារ ​ធ្លាក់ចុះ ៣,៦៤% ​ចំណែក​ឯ​ចិន​នាំ​ចូល​មកវិញ មាន​តម្លៃ ​១៨ ​ពាន់លានដុល្លារ ​កើនឡើង ៣៤,២៩%៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម