Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀន ក្នុងនោះអនីតិជន២នាក់អាយុ១៥ឆ្នាំ

បានផុស

នៅ

កម្លាំងសមត្ថកិច្ចស្រុកកោះញែក ខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនមួយ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ក្នុងនោះមានអនីតិជនចំនួន ២នាក់ ដែលមានអាយុត្រឹមតែ ១៥ឆ្នាំប៉ុណ្ណោះ។ ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាន និងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានដោយជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ អេង ហាក់គ័ង អធិការនគរបាលស្រុកកោះញែក បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី។ បើតាមលោក អេង ហាក់គ័ង ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន បុរសម្នាក់អាយុ ៣០ឆ្នាំ និងអនីតិជនប្រុស ២នាក់ អាយុ ១៥ឆ្នាំ។ ការធ្វើតេស្តទឹកនោមលើជនសង្ស័យទាំងបីនាក់ បង្ហាញលទ្ធផលវិជ្ជមានសារធាតុញៀនទាំងអស់។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៤កញ្ចប់តូច ទូរស័ព្ទដៃ ២គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ការបង្ក្រាបនេះ បានបង្ហាញពីក្តីបារម្ភមួយចំពោះការពាក់ព័ន្ធរបស់អនីតិជនជាមួយគ្រឿងញៀន ខណៈយុវជនពីរនាក់ដែលត្រូវបានឃាត់ខ្លួន មានអាយុទើបតែ ១៥ឆ្នាំប៉ុណ្ណោះ។ អាជ្ញាធរបានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សហគមន៍ និងយុវជនទាំងឡាយ ឱ្យរួមគ្នាទប់ស្កាត់ និងចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីការពារអនាគតយុវជន និងសុវត្ថិភាពសង្គម៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម