ព័ត៌មានជាតិ
៦៤ឆ្នាំនៃសាលក្រមICJ ៖ កម្ពុជាឈ្នះក្ដីលើសំណុំរឿង «ប្រាសាទព្រះវិហារ» ពីវិវាទព្រំដែន ទៅជានិមិត្តរូបនៃជ័យជម្នះតាមច្បាប់អន្តរជាតិ
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ គឺជាខួបលើកទី៦៤ នៃសាលក្រមជាប្រវត្តិសាស្ត្រ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ បានសម្រេចឱ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា មានទីតាំងនៅនៅលើកំពូលភ្នំដងរែក ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានព្រំដែនជាប់នឹងខេត្តស៊ីសាកេតនៃប្រទេសថៃ។ សំណង់ប្រាសាទព្រះវិហារ ត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) សម្រាប់ឧទ្ទិសចំពោះព្រះឥសូរក្នុងសាសនាព្រាហ្មណ៍ និងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។

កំណើតនៃវិវាទ និងការប្ដឹងទៅតុលាការអន្តរជាតិ
ក្រោយកម្ពុជាទទួលបានឯករាជ្យពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កងកម្លាំងថៃ បានចូលកាន់កាប់ប្រាសាទព្រះវិហារ នៅឆ្នាំ១៩៥៤។ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សក្សត្រខ្មែរ (ព្រះបរមរតនកោដ្ឋ) បានសម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩។
ក្រោយការពិចារណាអស់រយៈពេលជាច្រើនឆ្នាំ តុលាការបានចេញសាលក្រមនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដោយបានកាត់សេចក្តីដោយសម្រេចប្រគល់ប្រាសាទព្រះវិហារ មកឱ្យកម្ពុជាវិញ ក្រោយពីថៃបានឈ្លានពានកាន់កាប់ «ប្រាសាទព្រះវិហារ» ។
សេចក្ដីសម្រេចសំខាន់ៗរបស់តុលាការឆ្នាំ១៩៦២
តុលាការយុត្តិធម៌អន្តជាតិ ICJ បានចេញសាលដីការនេះ ដោយបានសម្រេចសេចក្តីថា៖
១. ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា
២. ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា
៣. ថៃត្រូវប្រគល់នូវរាល់វត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤ មកឱ្យកម្ពុជាវិញ។
ក្រោយពីសាលក្រមប៉ុន្មានថ្ងៃ ថៃក៏បានធ្វើរបងលួសបន្លា ដោយឯកតោភាគីដែលកំណត់ដោយគណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៦២ ជាខ្សែព្រំដែន។

ការចុះបញ្ជីជាបេតិកភណ្ឌពិភពលោក
នៅឆ្នាំ២០០១ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន (សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន) បានដាក់សំណើជាផ្លូវការទៅអង្គការយូណេស្កូ ដើម្បីស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ពេលនោះ ថៃទាមទារឱ្យមានការចុះបញ្ជីរួមគ្នា តែកម្ពុជាជំទាស់ដាច់អហង្ការ ដោយសារ«ប្រាសាទព្រះវិហារ» ជារបស់កម្ពុជា និងស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា។
ក្រោយកម្ពុជាបានចំណាយពេលជាង ៧ឆ្នាំ ក្នុងការរៀបចំឯកសារ និងការទូត ពោលនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ អង្គការយូណេស្កូបានសម្រេចធ្វើពិធីផ្លូវការ ក្នុងការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ប៉ុន្តែការសម្រេចនេះ ធ្វើឱ្យថៃមានការខឹងជាខ្លាំង និងបានបង្កឱ្យមានភាពតានតឹងនៅតាមព្រំដែន និងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពនៃប្រទេសទាំងពីរជាច្រើនលើក ក្នុងឆ្នាំ២០០៨ ឆ្នាំ២០០៩ និងឆ្នាំ២០១១ ។ កងទ័ពថៃ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល អភីសុីត នៃគណៈបក្សប្រជាធិបតេយ្យថៃ បានឈ្លានពានតំបន់ប្រាសាទព្រះវិហារ ជាបន្តបន្ទាប់ចំនួន ៤ លើក៖
– លើកទី១ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨
– លើកទី២ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០៩
– លើកទី៣ ថ្ងៃទី០៤ ដល់ថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០១១
– លើកទី៤ ថៃបានធ្វើការវាយប្រហារនៅតាមបណ្តោយព្រំដែនក្នុងតំបន់ផ្សេងៗទៀត នៅថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១១។

សាលដីកាបកស្រាយឆ្នាំ២០១៣
ដោយសារស្ថានភាពនៅតែបន្តមានភាពតានតឹង ហើយហេតុផលដែលភាគីថៃ បានលើកយកមកធ្វើជាលេស ដើម្បីចូលកកាន់កាប់នោះ ទាក់ទិននឹងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ ទើបកម្ពុជាសម្រេចចិត្តស្នើសុំឱ្យតុលាការនេះ បកស្រាយសាលដីកានោះឡើងវិញ។
ថ្ងៃទី១១ ខែខែវិច្ឆិកា ឆ្នាំ២០១៣ ក្រោយពីសាលដីកានេះ ត្រូវបានបកស្រាយឡើងវិញ ភាគីថៃហាក់រក្សាភាពស្ងៀមស្ងាត់ និងរក្សាទីតាំងឈរជើងនៅមួយកន្លែង ប៉ុន្តែមិនបានដកកម្លាំងរបស់ខ្លួនចេញ ពីតំបន់ជម្លោះទេ។ ស្ថានភាពបែបនេះ អាចនឹងបង្កឱ្យមានជម្លោះសារជាថ្មីក្នុងករណីភាពជាអ្នកដឹកនាំ បុគ្គលភាព និងជំហរនយោបាយរបស់នាយករដ្ឋមន្ត្រីថៃ ឬគណបក្សនយោបាយថៃណាមួយ ដែលមានគំនិតជាតិនិយមជ្រុលបានឡើងកាន់អំណាចជាថ្មី។
ការពិភាក្សាអំពីការបើកព្រំដែនឡើងវិញ
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សារព័ត៌មានថៃ Bangkok Post បានរាយការណ៍ថា ប្រជាពលរដ្ឋថៃ កំពុងរង់ចាំការបើកឡើងវិញនូវច្រកចូលទៅកាន់ប្រាសាទព្រះវិហារ តាមខេត្តស៊ីសាកេត ដើម្បីជំរុញវិស័យទេសចរណ៍ បន្ទាប់ពីព្រំដែនត្រូវបានបិទអស់រយៈពេលប្រមាណ ១៥ឆ្នាំ ក្រោយការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសទាំងពីរ។
មកដល់ឆ្នាំ២០២៤ ពោលគឺចំពេលដែលគណបក្សកាន់អំណាច និងមេដឹកនាំរបស់ប្រទេសថៃ កំពុងមានទំនាក់ទំនងល្អជាមួយមេដឹកនាំរបស់កម្ពុជា ក៏លេចចេញនូវសំណើមួយពីភាគីថៃ ស្នើសុំបើកច្រកប្រាសាទព្រះវិហារ ដោយចូលពីខាងថៃឡើងវិញ ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរ ចូលមកទស្សនាតាមច្រកនេះជាថ្មី។ តែយ៉ាងណា កម្ពុជាមិនបានបង្ហាញចេតនាចង់បើកច្រកនេះឡើយ ព្រោះមិនបានផ្ដល់ផលអ្វីមកកម្ពុជា ខណៈបន្ទាប់ពីថៃបានបិទច្រកឡើងប្រាសាទព្រះវិហារ ដែលមានជម្រាលទាបនោះ កម្ពុជាបានកសាងផ្លូវពីប្រទេសខ្លួនបានដោយជោគជ័យយូរមកហើយ។
ថៃពង្រីកមហិច្ចតាឈ្លានពាន
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រុមទាហានថៃបានបើកការបាញ់ប្រហារនៅតំបន់មុំបី ដែលជាចំណុចប្រសព្វនៃប្រទេសទាំងបី គឺកម្ពុជា ឡាវ និងថៃ បានបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់ ហើយបង្កើនភាពតានតឹងចាប់ពីពេលនោះមក។ បន្ទាប់មក ក៏មានការការកើនឡើងនូវអរិភាពយ៉ាងតានតឹង រវាងភាគីទាំងពីរ ដោយសារសកម្មភាពបង្កហេតុរបស់កងកម្លាំងថៃ។

ពីថ្ងៃទី២៤ ដល់ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ សង្គ្រាមជុំទី១ ក៏ចាប់ផ្តើមឡើង ធ្វើឱ្យខូចខាតដល់ប្រាសាទព្រះវិហារ។ ក្នុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុករយៈពេល៥ថ្ងៃ ភាគីទាំងពីរបានប្រើប្រាស់អាវុធយុទ្ធភណ្ឌធុនស្រាល និងធ្ងន់ស្ទើរគ្រប់ប្រភេទបាញ់ផ្លោងដាក់គ្នាទៅវិញទៅមក។ ជាពិសេស ប្រទេសថៃដែលជាអ្នកឈ្លានពាន បានប្រើសព្វាវុធ និងយុទ្ធោបករណ៍ទំនើបៗ មានទាំងប្រើយន្តហោះ F16, យន្តហោះគ្មានមនុស្សបើក, គ្រាប់បែកចង្កោម, គ្រាប់បែកផ្សេងៗទៀត ដូចជា កាំភ្លើងត្បាល់១៥៥ មីលីម៉ែត្រ និងបាញ់ផ្សែងពុលចេញពីយន្តហោះ ទប់ទល់នឹងកងកម្លាំងថ្មើរជើងកម្ពុជា។
ឥតខ្មាសបំផុត ការវាយប្រហារយ៉ាងសាហាវរបស់យោធាថៃ បានឆ្លងដែនផុតពីទីតាំងយោធា ហើយបានរាលដាលដល់ទីតាំងស៊ីវិល ដូចជា ប្រាសាទបុរាណ វត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្សារ ស្ពាន ផ្លូវថ្នល់ និងផ្ទះសម្បែងរបស់ជនស៊ីវិល ជាដើម ដែលបានបង្កឱ្យមានការខូចខាតយ៉ាងដំណំ ហើយថែមទាំងបានវាយប្រហារលាបពណ៌កម្ពុជា តាមរយៈបណ្តាញផ្សព្វផ្សាយធំៗរបស់ខ្លួនថែមទៀត។
មិនបញ្ចប់ត្រឹមនេះឡើយ សង្គ្រាមព្រំដែនកម្ពុជា-ថៃ ជុំទី២ រយៈពេល ២០ថ្ងៃ បានផ្ទុះឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ដោយមានការវាយប្រហារចូលដែនអធិបតេយ្យភាពកម្ពុជា។ ជម្លោះប្រដាប់អាវុធរយៈពេល ២០ថ្ងៃនោះ បានបង្កឱ្យមានការជម្លៀសពលរដ្ឋរាប់សែននាក់ និងធ្វើឱ្យខូចខាតដល់ «ប្រាសាទព្រះវិហារ» យ៉ាងដំណំថែមទៀត មុនពេលឈានដល់បទឈប់បាញ់។

មរតកជ័យជម្នះរបស់ជាតិ
ជម្លោះនេះ កើតចេញពីជម្លោះព្រំដែនដែលអូសបន្លាយជាយូរមកហើយលើតំបន់ក្បែរប្រាសាទព្រះវិហារ ដែលមានតាំងពីការកំណត់ព្រំដែនក្នុងសម័យអាណានិគមបារាំងមកម៉្លេះ។
ប៉ុន្តែអ្វីដែលគួរឱ្យមោទនភាព គឺជ័យជម្នះនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលបានបញ្ជាក់ពីអធិបតេយ្យភាពរបស់កម្ពុជា លើប្រាសាទព្រះវិហារ តាមរយៈច្បាប់អន្តរជាតិ និងបានក្លាយជានិមិត្តរូបនៃការការពារបូរណភាពទឹកដី និងបេតិកភណ្ឌជាតិ សម្រាប់ប្រជាជនខ្មែរគ្រប់ជំនាន់ ខណៈថៃ តែងតែចាញ់ក្តីជាមួយកម្ពុជា ក្នុងតុលាការអន្តរជាតិ៕ អត្ថបទ៖ សុធាវី
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


