Connect with us

ព័ត៌មានអន្ដរជាតិ

«រួចផុត​ពី​គ្រោះថ្នាក់​នុយក្លេអ៊ែរហើយ!» ណេតាន់យ៉ាហ៊ូ អបអរការបញ្ចប់សង្រ្គាម តែមិនដកទ័ពចេញ​ដាច់ខាត

បានផុស

នៅ

ក្រោយ​អាមេរិក និងអ៊ីរ៉ង់ សម្រេចកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានចេញមុខមកអបអរសាទរភ្លាមៗ ដោយ​ប្រកាសយ៉ាងមានមោទកភាពថា យុទ្ធនាការយោធារួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល កន្លងមកនេះ គឺជា​ជោគជ័យធំធេងបំផុត ព្រោះវាបានជួយសង្គ្រោះជីវិតប្រជាជនអ៊ីស្រាអែលរាប់លាននាក់ ឱ្យរួចផុតពីការគំរាមកំហែង​នៃ​អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលអាចបង្កជាគ្រោះមហន្តរាយបាត់បង់ជីវិតយ៉ាងរន្ធត់។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ The Guardian កាល​ពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ លោក ណេតាន់យ៉ាហ៊ូ បានរំលឹកពីស្នាដៃយោធាធំៗជាច្រើន ដូចជា ការ​សម្លាប់​​អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ការ​កម្ចាត់​មេដឹកនាំ​របបភេរវករ ព្រមទាំងការ​បំផ្លាញរោងចក្រផលិតមីស៊ីលរបស់អ៊ីរ៉ង់សឹងតែគ្មានសល់។ លោកបានប្តេជ្ញាយ៉ាងដាច់អហង្ការថា ទោះមាន ឬគ្មាន​កិច្ចព្រមព្រៀងសន្តិភាពនេះក៏ដោយ ក៏អ៊ីស្រាអែលមិនបណ្តោយឱ្យអ៊ីរ៉ង់មានឱកាសផលិតអាវុធនុយក្លេអ៊ែរបានឡើយ មិនថាថ្ងៃនេះ ឬថ្ងៃស្អែកនោះទេ។

បន្ថែម​ពី​នេះ​ទៀត លោក​នាយករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ច្បាស់ៗថា សន្តិសុខរបស់អ៊ីស្រាអែលនៅតែស្ថិតក្នុងភាពប្រកាសអាសន្ន ដោយសារតែក្រុមសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅជុំវិញ​នៅ​ឡើយ។ ហេតុនេះហើយ កងទ័ពអ៊ីស្រាអែល នឹងនៅតែបន្តឈរជើងនៅក្នុងប្រទេសលីបង់ តំបន់ហ្គាហ្សា និងស៊ីរី ដដែល ក្នុងរយៈពេលវែងតាមតែអាចធ្វើទៅបាន។ លោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែល នឹងមិនបណ្តោយឱ្យក្រុមសកម្មប្រយុទ្ធណាមួយ មកលួចពង្រឹងកម្លាំងនៅជាប់ព្រំដែន ជីករូងក្រោមដីចូលទឹកដីខ្លួន ឬរៀបចំផែនការវាយប្រហារប្រជាជនអ៊ីស្រាអែលជាដាច់ខាត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម