Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិនៅតែប្រុងប្រយ័ត្នលើការឆ្លងកាត់ច្រកហ័រមូហ្ស ទោះអាមេរិក-អ៊ីរ៉ង់ស្រុះស្រួលគ្នា

បានផុស

នៅ

ក្រុមហ៊ុនដឹកជញ្ជូនជើងទឹកនៅអាស៊ី និងអឺរ៉ុប នៅតែបន្តប្រុងប្រយ័ត្នលើការឆ្លងកាត់ច្រកសមុទ្រ​ហ័រមូហ្ស ដោយពួកគេនិយាយថា ទំនុកចិត្តលើនាវាចរណ៍តាម​​ផ្លូវទឹកដ៏៏សំខាន់នេះ អាចចំណាយពេលរាប់សប្ដាហ៍ដើម្បីកសាងឡើងវិញ ហើយនឹងបើកប្រតិបត្តិការឡើងវិញលុះត្រាតែ​មានការធានាសុវត្ថិភាព ទោះបីជាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាន​ស្រុះស្រួលគ្នាឆ្ពោះទៅរកការបញ្ចប់ជម្លោះក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបញ្ចប់សង្គ្រាម​ ​ហើយ​បើកច្រកសមុទ្រហ័រមូហ្សឡើងវិញនៅថ្ងៃសុក្រសប្ដាហ៍នេះ។ ​នេះបើតាមការឱ្យដឹងពីមន្រ្តីនៃប្រទេសទាំងសងខាងកាលពីថ្ងៃចន្ទ។

ខណៈភាពតានតឹងធូរស្រាល ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បាននិយាយលើ​​ Truth Social ថា កប៉ាល់ដឹក​ប្រេងកំពុងចាប់ផ្តើមចាកចេញ​តាម​ច្រកសមុទ្រហ័រមូហ្ស ដោយ «ធ្វើដំណើរតាមបណ្តោយផ្លូវ(ទឹក)ហាយវេភាគខាងត្បូង ដែលមានសុវត្ថិភាព ​គួរឱ្យទុកចិត្ត និងស្អាតបាតទាំងស្រុង»។

ទោះលោក ត្រាំ បានអះអាងបែបនេះក្ដី គ្មានកប៉ាល់ដឹកប្រេងណាមួយ​ឆ្លងកាត់លើច្រកសមុទ្រហ័រមូហ្ស ក្រៅតែពីនាវាដឹកឧស្ម័នធម្មជាតិពង្រាវមួយគ្រឿង នោះទេ កាលពីថ្ងៃចន្ទ។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនតាមដាននាវាចរណ៍តាមសមុទ្រ។ ​ប៉ុន្តែគួរ​ដឹងថា​ កប៉ាល់ដឹកប្រេងមួយចំនួនបានធ្វើនាវាចរណ៍យ៉ាងស្ងៀមស្ងាត់តាមបណ្តោយឆ្នេរសមុទ្ររបស់ប្រទេសអូម៉ង់អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយបិទប្រព័ន្ធបញ្ជូនសញ្ញាតាមដានទីតាំងរបស់ពួកគេ និងទទួលបានការគាំទ្រពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក។

ទិន្នន័យពីក្រុមហ៊ុនតាមដាននាវាចរណ៍បានបង្ហាញថា កប៉ាល់ដឹកប្រេងជាច្រើន ត្រូវជាប់គាំងនៅទាំងសងខាងនៃច្រកហ័រមូហ្ស គិតត្រឹមថ្ងៃចន្ទ​។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ​បាន​ស្វាគមចំពោះកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ប៉ុន្តែពួកគេរងចាំព័ត៌មានលម្អិតច្បាស់សិន រួមទាំងការសម្អាតមីនសមុទ្រ ដែលអ៊ីរ៉ង់បាន​ដាក់ ដើម្បីបិទច្រកហ័រមូហ្សនាពេលកន្លងមក។ ​

ក្នុងចំណោមក្រុមហ៊ុន និងសមាគមដឹកជញ្ជូនអន្តរជាតិដែលបានបង្ហាញការប្រុងប្រយ័ត្ន មានសមាគមនាវាចរណ៍ BIMCO ដែលជាតំណាងឱ្យម្ចាស់នាវាទូទាំងពិភពលោក សមាគមម្ចាស់នាវាជប៉ុន សមាគមម្ចាស់នាវាអាល្លឺម៉ង់ (VDR) ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនធំៗដូចជា Hapag-Lloyd របស់អាល្លឺម៉ង់, Maersk របស់ដាណឺម៉ាក, Nippon Yusen និង Mitsui O.S.K. Lines របស់ជប៉ុន ព្រមទាំងក្រុមហ៊ុនដឹកប្រេង Frontline របស់ន័រវែសផងដែរ។ ក្រុមហ៊ុនទាំងនេះសុទ្ធតែស្វាគម​ការឈានទៅរកសន្តិភាព ប៉ុន្តែបានបញ្ជាក់ថា ពួកគេនឹងរង់ចាំការធានាសុវត្ថិភាពជាក់ស្តែង មុនពេលសម្រេចបើកប្រតិបត្តិការឆ្លងកាត់ច្រកសមុទ្រហ័រមូហ្សឡើងវិញ។

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនក៏បានព្រមានផងដែរថា ទោះបីច្រកសមុទ្រត្រូវបានបើកឡើងវិញក៏ដោយ ការសម្អាតមីនសមុទ្រ ការកាត់បន្ថយថ្លៃធានារ៉ាប់រង និងការស្ដារទំនុកចិត្តរបស់ក្រុមហ៊ុនដឹកជញ្ជូន អាចត្រូវការពេលជាច្រើនសប្ដាហ៍។ ដោយឡែក ការវិលត្រឡប់ទៅកាន់កម្រិតចរាចរណ៍ដឹកប្រេង និងឧស្ម័នដូចមុនសង្គ្រាម អាចត្រូវការពេលយូរជាងនេះទៀត ប្រសិនបើមិនមាន​បញ្ហា​សន្តិសុខថ្មីកើតឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម