Connect with us

ព័ត៌មានជាតិ

ស្ពានបេតុងប្រវែង ៩០ ម៉ែត្រឆ្លងកាត់ព្រែកតេ ក្នុង​ឃុំ​ថ្មអណ្តើក ស្រុកចិត្របុរី បើកការដ្ឋាន​សាងសង់

បានផុស

នៅ

លោក ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានលើកកម្រិតគុណភាពស្ពានបេតុងចំនួន ១ ក​ន្លែង ដែលជាគម្រោងពហុឆ្នាំ ស្ថិតក្នុងភូមិសាស្ត្រ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ។

ស្ពានបេតុងស្ថាបនានេះមានប្រវែង ៩០ ម៉ែត្រ និងទទឹង ៩​ ម៉ែត្រ សាងសង់​ឆ្លងកាត់ព្រែកតេ តភ្ជាប់​ពីភូមិ​ជួរក្រូច ទៅភូមិស្រែដូង ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ ជាប្រភេទសំណង់​លើកកម្រិតគុណភាពលក្ខណៈពហុឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ និងកំណើននៃការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងស្ពាននេះ តភ្ជាប់ពីផ្លូវជាតិលេខ៧ តាមរយៈផ្លូវកៅស៊ូ ប្រភេទ DBST ប្រវែង ៦.៨០ គីឡូម៉ែត្រ របស់ក្រសួងអភិវឌ្ឍន៍ជនបទទៅកាន់ភាគខាងត្បូងនៃព្រែកតេ ក្នុងស្រុកចិត្របុរី ស្រុកឆ្លូង និងស្រុកស្នួល

លោក ជី ស៊ីថា បានបញ្ជាក់ថា ការកសាងនិងលើកកម្រិតគុណភាពស្ពានបេតុងនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការតភ្ជាប់ទំនាក់ទំនងរវាងមូលដ្ឋានទៅកាន់ទីផ្សារ ឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន។

ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើដល់ក្រុមការងារសាងសង់ ត្រូវអនុវត្តការងារឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាពរឹងមាំ និងការប្រើប្រាស់បានយូរអង្វែង និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ មេត្តាជួយសហការសម្របសម្រួល និងចូលរួមថែរក្សាសមិទ្ធផលនេះទាំងអស់គ្នាផងដែរ។

ការបើកការដ្ឋាននាព្រឹកនេះ បាននាំមកនូវក្តីសប្បាយរីករាយយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្បិតស្ពាននេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ និងបង្កើនសោភ័ណភាពក្នុងមូលដ្ឋានបន្ថែមទៀត៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម