Connect with us

ព័ត៌មានអន្ដរជាតិ

ការបាត់បង់ទីផ្សារកសិផល​​នៅ​ក្រៅ​ប្រទេស​កាន់តែច្រើន​ ​​កំពុង​ជំរុញ​កសិករថៃ​​ ប្រឈម​​វិបត្តិ​កាន់តែច្រើន​

បានផុស

នៅ

វិស័យកសិកម្មក្នុងប្រទេសថៃ កំពុងតែធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាង​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ក្នុង​ពេលនេះ ដែល​ទីផ្សារ​​​កសិផល​បាន​បាត់បង់ ហើយ​វិបត្តិក្នុងស្រុក​ក៏កើត​មានជាបន្តបន្ទាប់​។ ​កសិករក្នុងស្រុក​កាន់តែ​ច្រើន បានត្អូញត្អែរ និង រអ៊ូរទាំ ថា ពួកគេស្ទើរតែដកដង្ហើមមិនរួចទៅហើយ ក្រោយពេលសេដ្ឋកិច្ចជាតិជួបការ​ធ្លាក់ចុះ​ដុនដាបខ្លាំង រោងចក្រ​​​ឧស្សាហកម្ម​បិទ​ទ្វា​កាន់តែច្រើន​ រួមផ្សំនឹងការបាត់បង់ទីផ្សារនាំចេញសំខាន់ៗទៅក្នុងដៃប្រទេសជិតខាង។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមរបាយការណ៍សេដ្ឋកិច្ចចុងក្រោយបង្អស់របស់ ទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញឲ្យឃើញ​ថា វិបត្តិបំណុលក្នុងវិស័យកសិកម្មថៃកំពុងតែរីករាលដាលកាន់តែជ្រៅទៅៗ ដែលបង្កឡើងដោយការធ្លាក់ចុះ​នៃ​ប្រាក់ចំណូល និងការកើនឡើងនៃតម្លៃធាតុចូលកសិកម្ម ដូចជា ជី និងប្រេងឥន្ធនៈជាដើម បើទោះបីជាមានការអន្តរាគមន៍និងការ​ប្រកាស​​ពីការ​ជួយ​​ឧបត្ថម្ភធនពីសំណាក់រដ្ឋាភិបាល​​​​​របស់​លោក អានុទីន ក៏ដោយ ក៏វានៅតែមិនទាន់អាចជួយស្រោចស្រង់ស្ថានភាពដោះស្រាយជីវភាពរបស់កសិករបានគ្រប់គ្រាន់នោះឡើយ។

មិនតែប៉ុណ្ណោះ សម្ពាធសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត នៅពេលដែលការនាំចេញកសិផល ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់​ប្រជាកសិករ និង​ប្រជានេសាទ​​​ថៃ បានរងការវាយប្រហារយ៉ាងដំណំពីបញ្ហាភូមិសាស្ត្រនយោបាយ និងជម្លោះពាណិជ្ជកម្មតាមព្រំដែន​ជាមួយ​កម្ពុជា​ផង និង ជម្លោះ​​​លើ​កា​រនាំចេញ​​ផលនេសាទ​ទៅកាន់​ប្រទេសម៉ាឡេស៊ី​​ផង​​​​ ។

យោងតាមទិន្នន័យពី ទីភ្នាក់ងារព័ត៌មាន AviNews ការនាំចេញចំណីអាហារនិងកសិផលរបស់ថៃបានប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងគំហុក ដោយសារតែការកើនឡើងនៃការប្រកួតប្រជែងតម្លៃនៅលើទីផ្សារសកល និងការអនុវត្តគោលនយោបាយពឹងផ្អែកលើខ្លួនឯងរបស់ប្រទេសជាដៃគូពាណិជ្ជកម្ម ដូចជាប្រទេសឥណ្ឌូនេស៊ីដែលបានកាត់បន្ថយការនាំចូលកសិផលសំខាន់ៗពីថៃ។

លើសពីនេះ ភាពតានតឹងផ្នែកសន្តិសុខនិងការសម្រេចចិត្តបិទច្រកព្រំដែនឯកតោភាគីពីសំណាក់អាជ្ញាធរថៃ បានជំរុញឲ្យប្រទេសកម្ពុជាចាត់វិធានការសងសឹកពាណិជ្ជកម្មភ្លាមៗ ដោយការផ្អាកនាំចូលបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈពីថៃ ដែលធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរធ្លាក់ចុះស្ទើរតែទាំងស្រុង ។ ការបាត់បង់ច្រកព្រំដែនកម្ពុជាដែលធ្លាប់តែជាទីផ្សារផ្ទាល់ផង និងជាផ្លូវឆ្លងកាត់កសិផលទៅកាន់ប្រទេសដទៃផងនោះ បានធ្វើឲ្យទំនិញនិងផ្លែឈើរបស់កសិករថៃរាប់រយឡានត្រូវកកស្ទះ និងខូចខាតនៅតាមព្រំដែនយ៉ាងអាណោចអាធ័ម។

ក្រៅពីបញ្ហាទីផ្សារនិងនយោបាយ កសិករថៃក៏កំពុងតែចាញ់ប្រៀបប្រទេសជិតខាងលើផ្នែកផលិតភាពដោយសារតែវិបត្តិបម្រែបម្រួលអាកាសធាតុថែមទៀតផង។ តាមការវិភាគដែលត្រូវបានលើកឡើងនៅក្នុង សារព័ត៌មាន Bangkok Post បានគូសបញ្ជាក់ថា ការកើនឡើងនៃកម្តៅភពផែនដីបានធ្វើឲ្យទិន្នផលស្រូវ កៅស៊ូ និងដំឡូងមីរបស់ថៃធ្លាក់ចុះទាបជាងបណ្តាប្រទេសជិតខាង ដូចជា ឡាវ និងកម្ពុជា ដែលបច្ចុប្បន្នកំពុងតែពង្រឹងសមត្ថភាពផលិតនិងដណ្តើមចំណែកទីផ្សារនាំចេញយ៉ាងសស្រាក់សស្រាំ។

ជាក់ស្ដែង កត្តាទាំងអស់នេះ បានរុញច្រានឲ្យកសិករថៃភាគច្រើនធ្លាក់ចូលទៅក្នុងស្ថានភាពទាល់ច្រក ដោយសារតែជួបវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុងផង បាត់បង់ដៃគូនាំចេញផង និងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដណ្តើមទីផ្សារយ៉ាងចាស់ដៃពីប្រទេសជិតខាងផង ដែលនោះធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេកាន់តែជួបភាពតានតឹង និងពិបាកដកដង្ហើមស្ទើរតែគ្រប់ៗគ្នា៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម