Connect with us

ព័ត៌មានជាតិ

មន្រ្តី​ពន្ធដារ​ពន្យល់​លម្អិត​ពី​ប្រភេទ​ពន្ធ​​សំខាន់ៗ​មួយ​ចំនួន សម្រាប់​សហគ្រាស​យល់ដឹងបន្ថែម

បានផុស

នៅ

ក្នុងវេទិកាគយ និង​សម្ព័ន្ធសមាគម​សហគ្រាស​ធុនតូចនិងមធ្យមនៅកម្ពុជា (FASMEC) មន្រ្តីជាន់ខ្ពស់នៃ​អគ្គនាយកដ្ឋានពន្ធដារ​បានពន្យល់ពីប្រភេទពន្ធ​សំខាន់ៗ​មួយចំនួន សម្រាប់​សហគ្រាស​ក្នុងស្រុកយល់ដឹងបន្ថែម។

លោក កែវ ប៉ង់តា អនុ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​និង​កិច្ចការ​ទូទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) បាន​​ឲ្យ​ដឹង​ថា បច្ចុប្បន្ននេះ ការប្រកាសបង់ពន្ធត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអេឡិចត្រូនិក (e-Tax)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាសចូលរួមជាវាគ្មិន​ក្នុង​វេទិកាគយ និង​សម្ព័ន្ធសមាគម​សហគ្រាស​ធុនតូចនិងមធ្យម ដែលមាន​កា​រចូលរួមពីសហគ្រាស​​ក្នុង​ស្រុក​ជាច្រើនផង​នោះ ​មន្រ្តី​ជាន់ខ្ពស់​ខាង​ពន្ធដារ​​បានពន្យល់ពី​ការបែង​ចែក​ពន្ធមានប្រភេទ​​ពន្ធប្រចាំខែ និង ពន្ធប្រចាំឆ្នាំ។

បើតាមមន្រ្តីអគ្គនាយកដ្ឋានពន្ធដា ការប្រកាស​បង់​ពន្ធនេះមិនមែនមានន័យថា សហគ្រាសទាំងអស់ត្រូវតែបង់គ្រប់ប្រភេទពន្ធនោះទេ ប៉ុន្តែត្រូវបង់ផ្អែកទៅលើប្រភេទមុខរបរ ឬសកម្មភាពអាជីវកម្មជាក់ស្តែងរបស់ខ្លួន។

លោក​ កែវ ប៉ង់តា បានបកស្រាយពី​ប្រភេទពន្ធប្រចាំខែ ដែល​ជា​ពន្ធប្រយោលយកពីអ្នកប្រើប្រាស់​រួមមានដូចជា អាករបំភ្លឺសាធារណៈ អាករលើតម្លៃបន្ថែម (VAT) និងអាករពិសេស ដែលសុទ្ធសឹងជាពន្ធប្រមូលពីអ្នកប្រើប្រាស់​

លោកលើកឧទាហរណ៍ អាករបំភ្លឺសាធារណៈ គឺតម្រូវឲ្យបង់ចំពោះតែអាជីវកម្មមួយចំនួនដូចជា ការលក់សុរា ប៉ុន្តែវាមិនអនុវត្តចំពោះអ្នកផ្តល់សេវាកម្មដូចជាសណ្ឋាគារឡើយ។

ពន្ធកាត់ទុក គឺជាប្រភេទពន្ធដែលកាត់យកពីបុគ្គល ឬភាគីដែលទទួលបានចំណូល (ការទូទាត់) ពីសហគ្រាស។

ដោយឡែក​ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ជាពន្ធផ្ទាល់របស់សហគ្រាសដែលត្រូវបង់ជារៀងរាល់ខែ។ ប្រាក់​ដែលបង់នេះត្រូវបានចាត់ទុកជា “ឥណទានពន្ធ” សម្រាប់យកទៅកាត់កង (ទូទាត់) ជាមួយពន្ធលើប្រាក់ចំណូលនៅពេលប្រកាសពន្ធប្រចាំឆ្នាំ។

ពាក់ព័ន្ធ​ប្រភេទពន្ធប្រចាំឆ្នាំវិញ​ លោក​បាន​លើកឡើង​ពី​ពន្ធលើប្រាក់ចំណូល គឺ​​នៅពេលដល់កំណត់ប្រកាសពន្ធប្រចាំឆ្នាំ (ក្រោយទូទាត់រយៈពេល ១២ ខែ) សហគ្រាសត្រូវគណនាប្រាក់ចំណេញ និងទូទាត់ពន្ធដោយកាត់កងជាមួយប្រាក់រំដោះពន្ធប្រចាំខែដែលបានបង់រួច។ ប្រសិនបើទូទាត់ទៅឃើញថាខ្វះ សហគ្រាសត្រូវបង់ប្រាក់បន្ថែម ប៉ុន្តែបើការបង់កន្លងមកលើសចំនួន វានឹងត្រូវរក្សាទុកជាឥណទានពន្ធដោយមិនចាំបាច់បង់បន្ថែមទេ។

បន្ថែមពីនេះ លោក​ក៏​បាន​លើកឡើង​ពី​ប្រភេទពន្ធប្រចាំឆ្នាំផ្សេងៗទៀតមានដូចជា៖

-ពន្ធលើអចលនទ្រព្យ៖ អនុវត្តចំពោះតែសហគ្រាសណាដែលធ្វើអាជីវកម្មទាក់ទងនឹងអចលនទ្រព្យ ឬមានកម្មសិទ្ធិលើដីធ្លីផ្ទាល់តែប៉ុណ្ណោះ។
-ពន្ធលើដីធ្លីមិនបានប្រើប្រាស់៖ តម្រូវឲ្យបង់ ប្រសិនបើសហគ្រាសមានកាន់កាប់កម្មសិទ្ធិលើដីធ្លីដែលទុកចោលមិនបានប្រើប្រាស់។
-ពន្ធលើមធ្យោបាយដឹកជញ្ជូន៖ ត្រូវបង់ដោយសហគ្រាស ឬក្រុមហ៊ុនដែលមានរថយន្តសម្រាប់បម្រើការដឹកជញ្ជូន។
-ពន្ធលើផ្ទាំងផ្សព្វផ្សាយ (ផ្លាកយីហោ)៖ ជាពន្ធប្រចាំឆ្នាំដែលត្រូវបង់សម្រាប់ផ្ទាំងផ្សព្វផ្សាយ ឬផ្លាកយីហោរបស់សហគ្រាសដែលដាក់តាំងបង្ហាញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម