Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បង្ហាញទិន្នន័យ! កុមារ និងយុវជន ច្រើនណាស់ ប្រើប្រាស់គ្រឿងញៀន ដើរបង្កបទល្មើស ពេញទឹកពេញដី

បានផុស

នៅ

ប្រទេសថៃ បានបង្ហាញទិន្នន័យថា បច្ចុប្បន្ន អត្រាកុមារនិងយុវជន ប្រើប្រាស់គ្រឿងញៀន បានហក់ឡើងដល់កម្រិត ខ្ពស់បំផុត ជាពិសេសពួកគេទាំងនោះ ដើរបង្កបញ្ហា បង្កើតជាបទល្មើសព្រហ្មទណ្ឌ ពេញទឹកពេញដី។

(រូប៖ Thaiger)

កាសែត Bangkok Post បានដកស្រង់ទិន្នន័យឆ្នាំ២០២៦ របស់នាយកដ្ឋានសង្កេតការណ៍ និងគាំពារអនីតិជន ដែលបង្ហាញថា ក្នុងចំណោមករណីអនីតិជនថ្មីៗ ចំនួន ១៣ ៧៤១ ករណី គឺមានរហូតដល់ ៧ ០៤១ ករណីទៅហើយ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ពោលគឺស្មើនឹង ៥១.២៤% នៃករណីទាំងអស់។

ជុំវិញបញ្ហានេះ លោក Kittichai Lueakuakul សមាជិកគណៈកម្មាធិការ មូលនិធិមជ្ឈមណ្ឌលសិក្សាការប្រើប្រាស់សារធាតុញៀនខុសច្បាប់ (SAAF) និងមជ្ឈមណ្ឌលសិក្សា ការប្រើប្រាស់សារធាតុញៀនភាគខាងជើង នៃសាកលវិទ្យាល័យឈៀងម៉ៃ បានថ្លែងក្នុងវេទិកាមួយ កាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ថា បញ្ហាកាន់តែធ្ងន់ធ្ងរមែនទែនហើយ ហើយកត្តារួមចំណែកធំ ដែលធ្វើឲ្យបញ្ហាកាន់តែអាក្រក់ នោះគឺដោយសារតែតម្លៃថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន (ម៉ាទឹកកក/យ៉ាម៉ា) ថោកពេក ពោលគឺបច្ចុប្បន្នគេលក់ មួយគ្រាប់ត្រឹមតែ ៣០ ទៅ ៥០ បាតប៉ុណ្ណោះ ដែលថោកជាងអាហារខ្លះទៅទៀត ហើយកុមារ និងមនុស្សពេញវ័យ ស្រួលរកទិញ អត់ពិបាកទេ។

ជាការពិត ថៃ កំពុងឈឺក្បាលខ្លាំងចំពោះវិបត្តិនេះ ដោយសារកុមារដែលប្រើប្រាស់គ្រឿង កាន់តែមានអាយុតិចទៅៗ។ អាជ្ញាធររកឃើញថា កុមារខ្លះមានអាយុទើបតែ ១១ ឆ្នាំ ប៉ុណ្ណោះ បានធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀន។

(រូប៖ Thaiger)

ម្យ៉ាង ភាគច្រើននៃយុវជន ដែលប្រើប្រាស់គ្រឿងញៀន គឺស្ថិតនៅក្នុងកម្រិតអនុវិទ្យាល័យ បន្ទាប់មកគឺបឋមសិក្សា វិទ្យាល័យ និងវិជ្ជាជីវៈ ដែលបង្ហាញថា គ្រឿងញៀន បានជ្រាបចូលទៅក្នុងប្រព័ន្ធអប់រំ។

មេតំហ្វេតាមីន នៅតែជាគ្រឿងញៀនចម្បង ដែលត្រូវបានប្រើប្រាស់ និងចរាចរណ៍ខ្លាំង។

មិនត្រឹមប៉ុណ្ណឹង ការសិក្សារកឃើញថា ការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមយុវជនថៃ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹង វិបត្តិសុខភាពផ្លូវចិត្ត ការបាក់ទឹកចិត្ត និងរងគ្រោះពីការគំរាមកំហែងយាយី៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម