Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាង​ជើង​ថ្កោល​ទោស​ប្រទេស G7 លើការ​អំពាវ​នាវ​ឱ្យ​ទី​ក្រុង​ព្យុង​យ៉ាង ​រំ​សាយ​អាវុធ​នុយ​ក្លេអ៊ែរ​

បានផុស

នៅ

កូរ៉េខាងជើង​ បាន​ថ្កោលទោស​ក្រុមប្រទេសសេដ្ឋ​កិច្ច​ជឿន​លឿន​ទាំង​៧​ របស់​ពិភពលោក​​(G7) ចំពោះ ការ​អំពាវនាវ​ឱ្យមាន​ការរំសាយអាវុធនុយក្លេអ៊ែរ​ ដោយ​មន្ត្រី​ជាន់​ខ្ពស់ លោក​ស្រី គីម យ៉ូជុង ពិពណ៌​នា​ពី​ការ​ទាមទារនេះ​ ថាជាការ​រំលោភ​លើអធិបតេយ្យភាព និងសណ្តាប់ធ្នាប់​រដ្ឋធម្មនុញ្ញប្រទេស​​ខ្លួន​។ នេះ​បើ​​យោង​តាមទីភ្នាក់ងារសារព័ត៌​មាន​កណ្តាលកូរ៉េ​ខាង​ជើង​ (KCNA) នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៦ ។ ​

យោង​តាមសេចក្តីថ្លែងការណ៍​​មួយ​ ចេញផ្សាយនៅ​ល្ងាចថ្ងៃ​ព្រហស្បតិ៍ លោក​ស្រី គីម យ៉ូជុង ជាប្អូនស្រី​ដ៏មានឥទ្ធិពលរបស់​មេដឹក​នាំកូរ៉េខាង​ជើង លោក គីម ជុងអ៊ុន និយាយថា៖ « ឋានៈ​របស់ទីក្រុងព្យុងយ៉ាង​ជា​រដ្ឋ​មានអាវុធនុយ​ក្លេអ៊ែរ គឺ​ជា​ការពិត ដែល​មិនអាចត្រឡប់ក្រោយ​​វិញបានទេ ទោះ​ក្នុង​កាលៈ​ទេសៈ​ណាក៏​ដោយ​»។

​មន្ត្រី​ជាន់​ខ្ពស់កូរ៉េខាង​ជើង​ លោក​ស្រី គីម យ៉ូជុង។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​​ ​ថា ឃ្លាំង​​អាវុធ​នុយក្លេអ៊ែរ​​របស់​កូរ៉េខាងជើង​​គឺ​ជា​​ផល​ប្រយោជន៍​​ជាតិ​ស្នូល ហើយ​​បម្រើ​ជា​​ការ​រារាំង​ការពារ​​ខ្លួន​​ប្រឆាំង​​នឹង ​ការ​គំរាមកំហែង​​ឥតឈប់ឈរ​ពី​​ប្រទេស​អរិភាព។

លោកស្រី គីម​ ​ព្រមានថា៖ « ការប៉ុន​ប៉ង​​បំផ្លាញ​​ឋានៈ​​នុយ​ក្លេអ៊ែរ​​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​​ស្មើ​នឹង​​​នាំ​ឱ្យ​​មាន​គ្រោះ​មហន្តរាយ»។

ការ​កត់សម្គាល់​នេះ​​​ធ្វើឡើង​​មួយថ្ងៃ​​ បន្ទាប់ពី​មេដឹក​នាំ G7 បាន​​ជួបប្រជុំគ្នា​នៅ​​ទីក្រុង​ Evian ប្រទេស​បារាំង​​ក្នុង​សប្តាហ៍​នេះ ហើយ​បាន​​បញ្ជាក់​ជាថ្មី​នូវ​​ការប្តេជ្ញាចិត្ត​​របស់​ពួកគេ​​ ​ចំពោះការ​លុប​បំបាត់​​អាវុធ​​នុយក្លេអ៊ែរ​ទាំងស្រុងរបស់​​កូរ៉េខាងជើង ស្របតាម​សេចក្តី​សម្រេច​​របស់​​ក្រុមប្រឹក្សាសន្តិសុខ​​អង្គការសហប្រជាជាតិ​។

គួរ​បញ្ជាក់​ថា មេដឹកនាំ G7 បាន​សម្តែងការព្រួយបារម្ភអំពី​កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល​ផ្លោងរបស់កូរ៉េខាងជើង ដោយបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះការរំសាយ​អាវុធនុយក្លេអ៊ែរទាំងស្រុងរបស់​កូរ៉េខាងជើង។

លោក​ស្រី​ ​គីម បានច្រាន​ចោលការអំពាវនាវ​ឱ្យរំសាយអាវុធនុយក្លេអ៊ែរ​ថា «​ជា​រឿង​ហួសសម័យ​ទាំងស្រុង» ដោយទទូច​ថា​ សម្ពាធអន្តរជាតិ​នឹង​មិន​ផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់កូរ៉េខាង​ជើងឡើយ​៕

សម្រួល​៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម