ព័ត៌មានអន្ដរជាតិ
មូលហេតុហ្វាំងឡង់កែច្បាប់នុយក្លេអ៊ែរ ព្រោះតែរុស្ស៊ី ឬដើម្បីណាតូ?
នៅក្នុងរបត់នយោបាយ និងសន្តិសុខដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សភាប្រទេសហ្វាំងឡង់ បានបោះឆ្នោតក្នុងសំឡេងភាគច្រើនលើសលប់ ១២៥ ទល់នឹង ៦១ ដើម្បីអនុម័តការកែប្រែ «ច្បាប់ថាមពលនុយក្លេអ៊ែរ» ដ៏សំខាន់។ ការសម្រេចចិត្តនេះ បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាជាការលុបចោលច្បាប់ហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលខ្លួនបានរក្សាយ៉ាងខ្ជាប់ខ្ជួនតាំងពីឆ្នាំ១៩៨០ មក។

តើមានមូលហេតុចម្បងៗអ្វីខ្លះ ដែលរុញច្រានឱ្យដែនកោះទឹកកក និងជាប្រទេសដែលធ្លាប់តែប្រកាន់ជំហរអព្យាក្រឹតមួយនេះ សម្រេចចិត្តផ្លាស់ប្តូរច្បាប់ស្នូលរបស់ខ្លួនបែបនេះ?
១. បញ្ហាសន្តិសុខជាតិ និងការគំរាមកំហែងពីប្រទេសជិតខាង (រុស្ស៊ី)
មូលហេតុចម្បងបំផុត ដែលមិនអាចប្រកែកបាន គឺការផ្លាស់ប្តូរស្ថានភាពសន្តិសុខនៅអឺរ៉ុបខាងកើត បន្ទាប់ពីមានសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ហ្វាំងឡង់ មានព្រំដែនគោកជាប់ជាមួយរុស្ស៊ីរហូតដល់ទៅ ១ ៣៤០គីឡូម៉ែត្រ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo ការអូសបន្លាយនៃសង្គ្រាម បានធ្វើឱ្យហ្វាំងឡង់លែងមានអារម្មណ៍សុវត្ថិភាពជាមួយនឹង «ភាពអព្យាក្រឹត» ទៀតហើយ ទើបខ្លួនសម្រេចចិត្តចូលជាសមាជិកអង្គការណាតូ (NATO) កាលពីឆ្នាំ២០២៣ និងឈានមកដល់ការបើកផ្លូវឱ្យមានការដឹកជញ្ជូន ឬរក្សាទុកអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន សម្រាប់ការការពារជាតិនាពេលនេះ។
២. ការធ្វើឱ្យស្របគ្នានឹងយុទ្ធសាស្ត្រការពារជាតិរបស់ណាតូ (NATO)
បន្ទាប់ពីក្លាយជាសមាជិកពេញសិទ្ធិរបស់ណាតូ ហ្វាំងឡង់ត្រូវរៀបចំប្រព័ន្ធច្បាប់ជាតិឱ្យស្របទៅនឹងយុទ្ធសាស្ត្ររួមរបស់សម្ព័ន្ធភាព។ ផ្អែកតាមប្រភពព័ត៌មានពី Qazinform News Agency រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វាំងឡង់ លោក Antti Häkkänen បានបញ្ជាក់ថា ការកែទម្រង់ច្បាប់នេះជាប្រវត្តិសាស្ត្រ ដែលវានឹងជួយពង្រឹងសមត្ថភាពការពារជាតិរបស់ហ្វាំងឡង់ផង និងជួយឱ្យហ្វាំងឡង់អាចប្រើប្រាស់ «ប្រព័ន្ធបង្ការដោយអាវុធនុយក្លេអ៊ែរ» របស់ណាតូបានពេញលេញផងដែរ។
៣. ភាពមិនច្បាស់លាស់នៃនយោបាយអាមេរិក និងយុទ្ធសាស្ត្រស្វ័យទីពឹងខ្លួន
ក្រៅពីការគំរាមកំហែងពីរុស្ស៊ី ក្រុមអ្នកវិភាគក៏បានមើលឃើញពីឥទ្ធិពលនៃនយោបាយរបស់សហរដ្ឋអាមេរិកផងដែរ។ នៅក្នុងរបាយការណ៍ដែលស្រង់ដោយ Chosun Ilbo បានបង្ហាញថា គោលនយោបាយឯកោនិយមរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងអាណត្តិទី២ ដែលតែងតែទាមទារឱ្យសមាជិកណាតូបង្កើនកញ្ចប់ថវិកាការពារជាតិផ្ទាល់ខ្លួន បានធ្វើឱ្យបណ្តាប្រទេសដូចជា ហ្វាំងឡង់ ស៊ុយអែត ន័រវែស និងដាណឺម៉ាក យល់ឃើញថា ពួកគេមិនអាចពឹងផ្អែកលើអាមេរិកតែមួយមុខឡើយ គឺត្រូវតែពង្រឹងច្បាប់ និងសមត្ថភាពការពារជាតិដោយខ្លួនឯង។
៤. ការជំរុញ និងបើកផ្លូវឱ្យវិនិយោគលើ «ថាមពលនុយក្លេអ៊ែរជំនាន់ថ្មី» (សន្តិភាព)
ក្រៅពីទិដ្ឋភាពយោធា ការកែប្រែច្បាប់នុយក្លេអ៊ែរនេះ ក៏មានទិសដៅបម្រើដល់សេដ្ឋកិច្ច និងថាមពលស្អាតផងដែរ។ យោងតាមគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលហ្វាំងឡង់ Finnish Government និងសារព័ត៌មានថាមពល World Nuclear News បានឱ្យដឹងថា ច្បាប់ចាស់តាំងពីឆ្នាំ១៩៨៧ មានភាពសាំញ៉ាំ និងហួសសម័យ។ ការកែទម្រង់ថ្មីនេះ (ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១ មករា ២០២៧) គឺដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ បើកផ្លូវឱ្យមានការវិនិយោគលើរេអាក់ទ័រខ្នាតតូច (SMRs) និងធានាថា ហ្វាំងឡង់មានប្រភពថាមពលកាបូនទាប តម្លៃសមរម្យ និងមានស្ថិរភាពសម្រាប់ពេលអនាគត។
សរុបសេចក្ដីមក ការផ្លាស់ប្តូរច្បាប់នុយក្លេអ៊ែររបស់ហ្វាំងឡង់នៅឆ្នាំ២០២៦ នេះ គឺជារូបភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី «ការយកសន្តិសុខជាតិជាធំ» ក្នុងយុគសម័យ ដែលភូមិសាស្ត្រនយោបាយពិភពលោក កំពុងមានភាពតានតឹងខ្លាំង ដោយរួមបញ្ចូលទាំងការការពារខ្លួនពីការគំរាមកំហែងខាងយោធា និងការបង្កើតសន្តិសុខថាមពលសម្រាប់ប្រជាជនខ្លួន៕
អត្ថបទ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


