Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាស! មានតែអាមេរិក មួយគត់ដែលអាចយកថ្លៃសេវាឆ្លងកាត់ច្រក Hormuz មិនមែនអ៊ីរ៉ង់ ឡើយ

បានផុស

នៅ

ស្របពេលកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ កំពុងដំណើរការនៅប្រទេសស្វីស ស្រាប់តែប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ បានចេញសារគំរាម និងបង្ហាញជំហរយ៉ាងច្បាស់ ពាក់ព័ន្ធច្រកសមុទ្រ Hormuz ដោយបញ្ជាក់ថា គ្មានការគិតកម្រៃសេវាលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់នេះទេ ហើយបើយកថ្លៃមែន ក៏ជាអាមេរិកអ្នកយកដែរ មិនមែនអ៊ីរ៉ង់ ឡើយ។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក សរសេរថា៖ «នឹងមិនមាន ការយកកម្រៃសេវាឆ្លងកាត់ នៅច្រក Hormuz រយៈពេល ៦០ថ្ងៃឡើយ ក្នុងអំឡុងពេលនៃបទឈប់បាញ់ ហើយក៏នឹងមិនមាន ការយកកម្រៃ បន្ទាប់ពីរយៈពេល ៦០ថ្ងៃបានផុតកំណត់ដែរ លើកលែងតែការយកកម្រៃទាំងនោះ ត្រូវបានកំណត់ឡើងដោយ និងសម្រាប់សហរដ្ឋអាមេរិក ប៉ុណ្ណោះ ប្រសិនបើកិច្ចព្រមព្រៀង មិនត្រូវបានសម្រេចជាស្ថាពរ»។

ទន្ទឹមនោះ លោកត្រាំ ក៏បញ្ជាក់ដែរថា រាល់ការគិតថ្លៃណាមួយ នាពេលអនាគត គឺជារឿងសមហេតុផល ដើម្បីប៉ះប៉ូវ ចំពោះតួនាទីរបស់អាមេរិក ក្នុងការការពារចរាចរណ៍ផ្លូវសមុទ្រនៅក្នុងតំបន់។

ច្រក Hormuz (រូប៖ Reuters)

រឿងនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅប្រធានសភាអ៊ីរ៉ង់ ដែលអះអាងថា ក្រោយ៦០ថ្ងៃនៃ MoU, ច្រក Hormuz នឹងមិនត្រឡប់ ទៅរកស្ថានភាពដូច មុនពេលមានសង្រ្គាមវិញ បានឡើយ ពោលគឺ ទីក្រុងតេហេរ៉ង់ នឹងគិតថ្លៃសេវា លើកប៉ាល់ទាំងឡាយណា ដែលឆ្លងកាត់ច្រកនេះ។

ក្នុងបទសម្ភាសជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោក Mohammad Bagher Ghalibaf ថ្លែងថា វាមិនអាចដូចដើមវិញបាននោះទេ។ អ៊ីរ៉ង់មានសិទ្ធិអធិបតេយ្យភាព លើច្រក Hormuz ហើយទីក្រុងតេហេរ៉ង់ នឹងយកកម្រៃ សម្រាប់សេវាផ្សេងៗ។ អ៊ីរ៉ង់ នឹងទាមទារសិទ្ធិរបស់ខ្លួន។

ច្រក Hormuz (រូប៖ Reuters)

សូមបញ្ជាក់ជាថ្មី នៅក្នុង ខ ទី៥ នៃ MoU រវាងទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់, ក្រោយការចុះហត្ថលេខាលើ MOU ១៤ចំណុច, សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងចាត់ចែងដោយប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធានាដល់ការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់កប៉ាល់ពាណិជ្ជកម្ម ​ដោយមិនគិតថ្លៃ ក្នុងរយៈពេលត្រឹមតែ ៦០ថ្ងៃប៉ុណ្ណោះ ចាប់ពីឈូងសមុទ្រពែរ្ស ទៅដល់សមុទ្រអូម៉ង់។ 

ចរាចរណ៍របស់កប៉ាល់ពាណិជ្ជកម្ម នឹងចាប់ផ្តើមភ្លាមៗ ដោយពិចារណា លើតម្រូវការក្នុងការលុបបំបាត់ឧបសគ្គផ្នែកបច្ចេកទេស និងយោធា ខណៈការបោសសម្អាតមីនដោយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងត្រូវអនុវត្តក្នុងរយៈពេល ៣០ថ្ងៃ។

សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក៏នឹងធ្វើកិច្ចសន្ទនាជាមួយស្តេចស៊ុលតង់ នៃប្រទេសអូម៉ង់ផងដែរ ដើម្បីកំណត់អំពីការគ្រប់គ្រង និងសេវាដែនសមុទ្រ នាពេលអនាគតនៅច្រក Hormuz ដោយមានការពិភាក្សាជាមួយរដ្ឋជាប់ឆ្នេរឈូងសមុទ្រពែរ្សផ្សេងទៀត ឲ្យស្របទៅតាមច្បាប់អន្តរជាតិជាធរមាន និងសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋ ជាប់ច្រកសមុទ្រ Hormuz៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម