Connect with us

ព័ត៌មានអន្ដរជាតិ

ការ​​​លាលែងពីតំណែង​របស់​នាយករដ្ឋមន្ត្រី​​​អង់គ្លេស​ ប៉ះពាល់​ដល់​កិច្ច​ប្រជុំកំពូល​អឺរ៉ុប​-អង់គ្លេស​

បានផុស

នៅ

​ការ​ប្រកាស​លាលែង​ពីតំណែង​របស់ នាយករដ្ឋមន្ត្រី​អង់គ្លេស ​លោក Keir Starmer កាល​ពីថ្ងៃ​ចន្ទ​ទី​២២​ខែ​​មិថុន បាន​​ធ្វើ​​ឲ្យ​ សហភាពអឺរ៉ុប (EU) វាយតម្លៃ និងពិចារណាឡើងវិញ ថាតើគួររក្សាគម្រោងរៀបចំកិច្ចប្រជុំកំពូលជាមួយចក្រភពអង់គ្លេស ដូចការគ្រោងទុកដែរឬទេ​។ ​​នេះ​​បើ​យោងត​ាម​ការ​ចេញ​ផ្សាយ​ដោយ​ស្រង់​សម្តី​​ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប​។​

លោក Keir Starmer រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters, អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «ទំនាក់ទំនងរបស់យើងជាមួយអង់គ្លេស នៅតែមានភាពរឹងមាំ និងបន្តរក្សាភាពរឹងមាំដដែល។ ប៉ុន្តែចំពោះសំណួរទាក់ទងនឹងកិច្ចប្រជុំកំពូលរវាង EU និងចក្រភពអង់គ្លេស ផ្អែកលើការប្រកាសលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Starmer យើងកំពុងធ្វើការវាយតម្លៃឡើងវិញ ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Costa និងភាគីអង់គ្លេស អំពីលទ្ធភាពនៃការបន្តរៀបចំកិច្ចប្រជុំកំពូលនេះ ដូចដែលបានប្រកាសកាលពីសប្តាហ៍មុន»។

កន្លងមក ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះលោក Starmer ដោយ លោកស្រី បានសរសេរនៅលើបណ្តាញសង្គម X ថា «វាអាចនឹងត្រូវចំណាយ​ពេលជាច្រើនឆ្នាំ សម្រាប់មេដឹកនាំជាច្រើនក្នុងការអភិវឌ្ឍខ្លួនឲ្យក្លាយជាអ្នកនយោបាយដ៏ឆ្នើមម្នាក់ ដូចអ្វីដែល លោក​ [Starmer ] បានធ្វើក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ។ សន្តិសុខរបស់អឺរ៉ុប និងអ៊ុយក្រែន មានភាពរឹងមាំជាងមុន ក៏ដោយសារតែរូបលោកដែរ»។

ជុំវិញការប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស បានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលរបស់លោក Starmer បានរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ពីសំណាក់សាធារណជន និងអ្នកនយោបាយប្រឆាំងនៅអង់គ្លេស។ លោក ត្រូវបានរិះគន់យ៉ាងចាស់ដៃថា «បានបរាជ័យយ៉ាងធ្ងន់ធ្ងរ» ក្នុងការដោះស្រាយវិបត្តិអន្តោប្រវេសន៍ខុសច្បាប់ និងការកើនឡើងនៃតម្លៃថាមពលនៅក្នុងស្រុក ដែលធ្វើឲ្យប្រជាប្រិយភាពរបស់លោក និងគណបក្សពលករ (Labour Party) ធ្លាក់ចុះយ៉ាងគំហុក។

នៅទីបំផុត កាលពីព្រឹកថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក Keir Starmer បានប្រកាសជាផ្លូវការថានឹងចុះចេញពីតំណែង។ ការដើរចេញភ្លាមៗទាំងមិនទាន់ចប់អាណត្តិនេះ បានធ្វើឲ្យកិច្ចព្រមព្រៀងការទូតធំៗជាច្រើនត្រូវគាំង រួមទាំងគម្រោងជំនួបកំពូលរវាងអង់គ្លេស និងសហភាពអឺរ៉ុប (EU-UK Summit) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ខាងមុខនេះ ក៏ត្រូវផ្អាកដើម្បីវាយតម្លៃឡើងវិញទាំងស្រុងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

មានការ​ទម្លាយថា​ នាយករដ្ឋមន្ត្រី អង់គ្លេស លោក Starmer ត្រៀម​ខ្លួន​លាលែងតំណែង​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម