Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្នើអាជ្ញាធរ ពង្រីកការចាក់វ៉ាក់សាំងគោ-ក្របីឱ្យទូលំទូលាយ ខណៈបារម្ភសត្វជាច្រើនមិនទាន់ទទួលសេវា

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាកែវ ៖ ប្រជាពលរដ្ឋនៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តតាកែវ បានលើកឡើងពីការព្រួយបារម្ភពាក់ព័ន្ធនឹងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដល់សត្វគោ និងសត្វក្របី ដែលកំពុងអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយពួកគាត់យល់ឃើញថា ការអនុវត្តកម្មវិធីនៅមិនទាន់មានភាពទូលំទូលាយ និងអាចនៅមានសត្វចិញ្ចឹមជាច្រើនមិនទាន់ទទួលបានការចាក់វ៉ាក់សាំងនៅឡើយ។

ប្រជាពលរដ្ឋបានអះអាងថា កន្លងមកពួកគាត់បានឃើញថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញចុះអនុវត្តកម្មវិធីចាក់វ៉ាក់សាំងនៅតាមស្រុកមួយចំនួន ប៉ុន្តែមានការសង្ស័យថា សត្វគោ និងសត្វក្របីទាំងអស់ក្នុងមូលដ្ឋាននីមួយៗ ប្រហែលជាមិនទាន់ទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្រាន់នៅឡើយ។ ជាពិសេស ខណៈខេត្តតាកែវមាន១០ស្រុក-ក្រុង ដែលស្ទើរតែគ្រប់មូលដ្ឋានសុទ្ធតែមានប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមគោ និងក្របី។

ពលរដ្ឋមួយចំនួនបានចោទជាសំណួរថា តើមន្ត្រីជំនាញអាចចាក់វ៉ាក់សាំងបានគ្រប់ចំនួនសត្វនៅទូទាំងខេត្តដែរឬទេ ខណៈម្ចាស់សត្វជាច្រើនរស់នៅឆ្ងាយពីទីតាំងដែលរៀបចំកម្មវិធី និងខ្លះទៀតមិនទទួលបានព័ត៌មានទាន់ពេលវេលា។

ជាមួយគ្នានេះ ពលរដ្ឋបានស្នើសុំដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ពិចារណាពង្រឹងយន្តការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ដោយអាចផ្តល់វ៉ាក់សាំង ឬសម្របសម្រួលការចាក់វ៉ាក់សាំងតាមរយៈអាជ្ញាធរភូមិ-ឃុំ ដែលជាអ្នកនៅជិតប្រជាពលរដ្ឋ និងស្គាល់ទិន្នន័យសត្វចិញ្ចឹមនៅក្នុងមូលដ្ឋានបានច្បាស់ជាង។

ពួកគាត់យល់ថា ប្រសិនបើមានការចូលរួមពីអាជ្ញាធរមូលដ្ឋានកាន់តែច្រើន នឹងជួយឱ្យម្ចាស់សត្វងាយស្រួលនាំសត្វមកទទួលសេវា កាត់បន្ថយការខកខាន និងធានាថាសត្វគោ-ក្របីទទួលបានវ៉ាក់សាំងកាន់តែគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដល់សត្វគោ និងសត្វក្របី ចាប់តាំងពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៦ មក ក្នុងគោលបំណងលើកកម្ពស់សុខភាពសត្វ បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ។​

ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅតែសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នឹងពិនិត្យលទ្ធភាពពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងឱ្យបានដល់គ្រប់ភូមិ ឃុំ និងគ្រប់ម្ចាស់សត្វ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ការ និងទប់ស្កាត់ជំងឺសត្វនៅទូទាំងខេត្ត៕

ដោយ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម