Connect with us

ព័ត៌មានជាតិ

មហាជនក្រុង​បាត់ដំបង ងឿងឆ្ងល់​ម៉ាត​ដ៏​ធំមួយ​​កណ្តាល​ក្រុង​លក់​ទំនិញ​ថៃ​ពេញៗ ថែម​ទាំងចុះ​កាល​បរិច្ឆេទថ្មីៗ​ថែម​ទៀត

បានផុស

នៅ

រយៈពេលប៉ុន្មានឆ្នាំដែលកម្ពុជាត្រូវបានប្រទេសថៃឈ្លានពាន ប្រជាជនកម្ពុជាបាន​រួមគ្នាធ្វើពហិកាដោយ​មិនប្រើប្រាស់ទំនិញថៃ ហើយក៏បានបិទការនាំចូលទំនិញថៃតាមច្រកនានា តាមបណ្ដោយព្រំដែនកម្ពុជាជាមួយនឹងប្រទេសថៃផង​ដែរ។

យ៉ាងណាមិញ ស្របពេលដែលប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើពហិកាមិនទិញនិងមិនប្រើទំនិញថៃ បែរជាមានផ្សារទំនើបដ៏ធំមួយកន្លែងនៅកណ្តាល​​ក្រុង​ខេត្តបាត់ដំបង មាន​លក់​​ទំនិញ​ថៃ​សឹងគ្រប់ប្រភេទ មិនចេះ​រីង​ស្ងួត គឺចាប់តាំងពីមានសង្គ្រាមរវាងថៃនិងកម្ពុជា មកទល់នឹងពេលនេះទំនិញថៃនៅតែមានដាក់តាំងលក់ក្នុងផ្សារទំនើបនោះជាប់ជាប្រចាំ ដែលទីតាំងនោះមានឈ្មោះ ហេង ឆាយលី (H.C.L)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ មជ្ឈដ្ឋានពលរដ្ឋ​បានធ្វើការរិះគន់ ខណៈ​ដែល​គណៈបញ្ជាការកងឯក​ភាពរដ្ឋបាលខេត្ត ដែល​កំពុងដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងហាងនានា ដើម្បីពិនិត្យមើលទំនិញខូចគុណភាព និងទំនិញដែលនាំចូលពីប្រទេសថៃផងនោះ ហេតុអ្វីបានជាគេមិនចុះទៅពិនិត្យទំនិញថៃដែលមានលក់នៅផ្សារទំនើប ហេង ឆាយលី ឬមួយក៏ផ្សារទំនើបមួយនេះមានអាទិភាពអាចលក់ទំនិញថៃបាន?

ផ្សារទំនើបដ៏ធំ​មួយ​នេះ ដើមឡើយគឺស្ថិតនៅខាងក្រោយក្រុមហ៊ុនវីង ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយមានកម្ពស់ ៣ ជាន់ និងមានលក់ទំនិញគ្រប់ប្រភេទពិសេសគឺទំនិញដែលនាំចូលមកពីប្រទេសថៃតែម្ដង។

លុះនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥ ទីតាំងនេះត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ ហើយក៏បាន​រាលដាល​ធ្វើឱ្យខូចខាតដល់ផ្ទះអ្នកដទៃថែមទៀតផង។ ការឆាបឆេះនេះសមត្ថកិច្ចជំនាញបានប្រើ​រយ:​ពេល ៣ ថ្ងៃ ដើម្បីពន្លត់ ហើយក៏មិនទាន់មានសំណងណាមួយដល់ផ្ទះប្រជាពលរដ្ឋដែលខូចខាតនៅជិតខាងនោះនៅឡើយទេ។

ក្រោយមកដោយសារមានការយោគយល់ពីរដ្ឋបាលខេត្ត ទើបអនុញ្ញាតឲ្យសាងសង់ទីតាំងលក់ទំនិញទាំងនេះជាបណ្ដោះអាសន្ន នៅជាប់មាត់ស្ទឹងសង្កែត្រើយខាងលិចក្បែរស្ពានថ្មថ្មី និងនៅខាងមុខមន្ទីរពេទ្យបង្អែកខេត្ត ដែលទីតាំងនេះគឺរដ្ឋបាលក្រុងជាអ្នកគ្រប់គ្រងទម្រាំសាងសង់ផ្សារទំនើបឡើងវិញបាន។

តាមរយៈទូរសព្ទនៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៦ លោក លាង វាសនា អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងបានបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថា ទីតាំងនេះគឺដល់ថ្ងៃផុតកំណត់ហើយ ដោយលោក​​បានជូនសេចក្តីជូនដំណឹងជាលើកទី ២ ដើម្បីឲ្យម្ចាស់ទីតាំងធ្វើការរុះរើផ្សារទំនើបនេះចេញពីមាត់ច្រាំង​សង្កែ ដោយនេះគឺជាបញ្ជារបស់លោកអភិបាលខេត្ត ហើយតទៅមុខគឺលោកនឹងចាប់ផ្ដើមដាក់កម្លាំង​រុះរើចាប់ពីកន្លែងលក់សំលៀកបំពាក់ ហើយទីតាំងទីដែលលក់ទំនិញ និងចុងក្រោយគឺទីតាំងទី ៣ ដែលជាផ្សារទំនើប ហេង ឆាយលី តែម្ដង នេះប្រសិនបើម្ចាស់ទីតាំងមិនព្រមរើចេញនោះទេ។

ចំណុចនេះប្រជាពលរដ្ឋជាច្រើនកំពុងរង់ចាំមើលចំណាត់ការរបស់រដ្ឋបាលក្រុងដើម្បីឲ្យទីតាំងខាងលើនេះមានភាពល្ហល្ហេវ ស្រឡះល្អនៅលើច្រាំងស្ទឹងសង្កែដូចកាលពីដើមឡើងវិញ ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម