ព័ត៌មានជាតិ
សត្វទោចមកុដក្នុងព្រៃអង្គរ កើតបានកូន ១ ក្បាល បន្ថែមទៀត
សត្វទោចមកុដក្នុងព្រៃអង្គរ បានកើតកូន ១ ក្បាលទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដ មានចំនួនសរុប ១៥ ក្បាល។


សត្វទោចមកុដក្នុងព្រៃអង្គរ បានផ្តល់កំណើតកូនតូច ១ ក្បាលទៀត នៅអំឡុងខែឧសភា និង ត្រូវបានក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា និង អង្គការដៃគូ ដាក់ឈ្មោះឱ្យថា «រៃ»។



អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា (CWC) និងជាទីប្រឹក្សាផ្នែកជីវចម្រុះរបស់អាជ្ញាធរជាតិអប្សរា លោក និក ម៉ាក បានបង្ហាញអារម្មណ៍រីករាយឥតឧបមា ដែលវត្តមានសត្វទោចមកុដ ១ ក្បាលទៀត បានរស់រាននៅក្នុងព្រៃអង្គរ។ លោក រំឭកថា អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បាននាំយកសត្វទោចនេះមកលែងនៅក្នុងឧទ្យានអង្គរនាឆ្នាំ ២០១៣។ ជាបន្តបន្ទាប់ គម្រោងនេះបាននាំយកទោចមកុដចំនួន ៤ គូ ឬ ៤ គ្រួសារ មកលែងនៅតាមទីតាំងផ្សេងៗ ឆ្ងាយពីគ្នា ក្នុងព្រៃអង្គរ ហើយបច្ចុប្បន្នទោចទាំងនោះ បង្កើតកូនបានចំនួន ៧ ក្បាល រួចហើយ។ សរុបវត្តមានសត្វទោចទាំងអស់ ដែលកំពុងរស់នៅក្នុងឧទ្យានមានចំនួន ១៥ ក្បាល។

ទាក់ទងនឹងវត្តមានកូនទោចថ្មីឈ្មោះ រៃ នេះ លោក និក ម៉ាក បានបញ្ជាក់ថា ឪពុករបស់វាឈ្មោះ បារាយណ៍ ម្តាយឈ្មោះ សារ៉ានិច ដែលធ្លាប់មានកូនចំនួន ២ ក្បាល រួចមកហើយ គឺ កូនទី១.ឈ្មោះ កន្ទេះឡង់ និង កូនទី២.ឈ្មោះ ក្តាមទូក។

លោក មឿន សារិន្ទ ដែលជាអ្នកថែទាំ និង ដាក់ចំណីឱ្យសត្វទោចមកុដក្នុងព្រៃអង្គរ បានឱ្យដឹងថា ក្នុងមួយថ្ងៃ លោក និង កូនប្រុស ត្រូវដើរដាក់ចំណីចំនួន ២ ដង គឺ នៅពេលព្រឹក និង រសៀល។ ក្រៅពីដាក់ចំណី លោកក៏ត្រូវតាមដានពីសុខទុក្ខរបស់សត្វទាំងនោះផងដែរ ដូចជា កន្លែងរស់នៅ ឥរិយាបថរបស់ពួកវា និង ពិនិត្យក្រែងវាមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។ បុគ្គលិកអាជ្ញាធរជាតិអប្សរារូបនេះ បញ្ជាក់ថា អាហារដែលសត្វទោចហូបជាប្រចាំមានផ្លែឈើចម្រុះដូចជា ចេក សាវម៉ាវ ល្ហុង និង ផ្លែឈើតាមរដូវកាល។ ហើយការដាក់ចំណីត្រូវចងដាក់លើក្តារទាញទៅលើឱ្យខ្ពស់បន្តិច បង្ការកុំឱ្យសត្វទោចចុះដី ខ្លាចសត្វឆ្កែខាំវា។



ក្នុងនាមជាអ្នកអភិរក្សសត្វព្រៃមួយរូប លោក និក ម៉ាក អំពាវនាវដល់សាធារណជនទាំងអស់ សូមកុំឱ្យចំណី និង លេងជាមួយសត្វព្រៃ ដោយទុកឱ្យវារស់នៅដោយរបៀបរបស់វា។ លោក និក ម៉ាក ក៏មិនគាំទ្រដែរចំពោះបុគ្គលខ្លះដែលនាំសត្វព្រៃមកចិញ្ចឹមនៅតាមផ្ទះ ដែលលោកយល់ថា កំពុងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និង ផ្លាស់ប្តូរធម្មជាតិរបស់សត្វ៕
អត្ថបទ ៖ អាជ្ញាធរជាតិអប្សរា



-
សន្តិសុខសង្គម១៨ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


