Connect with us

ព័ត៌មានជាតិ

ដំណាំកៅស៊ូនៅមណ្ឌលគិរី បន្តទ្រទ្រង់ជីវភាពកសិករ ទោះតម្លៃជ័រធ្លាក់ចុះបន្តិច

បានផុស

នៅ

ទោះបីវិស័យកសិកម្មមានការផ្លាស់ប្តូរ និងមានដំណាំថ្មីៗជាច្រើនត្រូវបានដាំដុះនៅតាមមូលដ្ឋានក៏ដោយ ក៏កសិករជាច្រើននៅខេត្តមណ្ឌលគិរីនៅតែយល់ឃើញថា ដំណាំកៅស៊ូគឺជាដំណាំសេដ្ឋកិច្ចដ៏សំខាន់ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ និងបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ ទោះបីតម្លៃធ្លាក់ចុះបន្តិចក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆន សារ៉ែន អាយុ៤៥ឆ្នាំ ជាប្រជាកសិកររស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» ថា ដំណាំកៅស៊ូជាដំណាំមានអាយុកាលយូរ អាចប្រមូលផលបានជាបន្តបន្ទាប់ និងផ្តល់ប្រាក់ចំណូលជាប្រចាំដល់គ្រួសារ។ ជាពិសេស នៅពេលតម្លៃជ័រកៅស៊ូមានស្ថិរភាព កសិករអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ចំណាយលើការសិក្សារបស់កូនៗ និងវិនិយោគបន្ថែមលើសកម្មភាពកសិកម្មផ្សេងៗ។

លោក សារ៉ែន មានចម្ការកៅស៊ូទំហំ៣ហិកតា ដែលអាចប្រមូលជ័រកៅស៊ូបានចន្លោះពី៥០ ទៅ៦០គីឡូក្រាមក្នុងមួយថ្ងៃ។ សម្រាប់ជ័រកៅស៊ូដែលបានបង្កករួច លោកអាចលក់ឱ្យឈ្មួញក្នុងតម្លៃចន្លោះពី៣,៥០០ ទៅ៣,៦០០រៀលក្នុងមួយគីឡូក្រាម។ លោកបញ្ជាក់ថា បើទោះបីតម្លៃជ័រកៅស៊ូបច្ចុប្បន្នបានធ្លាក់ចុះបន្តិច បើប្រៀបធៀបនឹងដើមឆ្នាំក៏ដោយ ប៉ុន្តែសម្រាប់កសិករដែលមានផ្ទៃដីដាំដុះច្រើនហិកតា ដំណាំកៅស៊ូនៅតែអាចផ្តល់ប្រាក់ចំណូលល្អ និងជួយលើកកម្ពស់ជីវភាពគ្រួសារបាន។

លោក ឆន សារ៉ែន

ក្រៅពីការដាំកៅស៊ូ លោកក៏បានដាំដុះដំណាំរួមផ្សំផ្សេងទៀត ដូចជា ដំណាំស្វាយចន្ទី និងដំណាំម្រេច ដើម្បីបង្កើនប្រភពចំណូល និងកាត់បន្ថយហានិភ័យដែលអាចកើតមានពីការប្រែប្រួលតម្លៃទីផ្សារ ឬគ្រោះធម្មជាតិ។

ខេត្តមណ្ឌលគិរី ត្រូវបានចាត់ទុកថាជាតំបន់មានសក្តានុពលខ្ពស់សម្រាប់ការដាំដុះកៅស៊ូ ដោយសារមានអាកាសធាតុ និងលក្ខខណ្ឌដីសមស្រប។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដំណាំកៅស៊ូមិនត្រឹមតែបានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅតាមសហគមន៍ជនបទផងដែរ។

បច្ចុប្បន្ន ដំណាំកៅស៊ូអចិន្ត្រៃយ៍របស់គ្រួសារ និងក្រុមហ៊ុននៅទូទាំងស្រុកកែវសីមា មានផ្ទៃដីសរុបចំនួន ២,៥៨៤.៨០ហិកតា។ ទន្ទឹមនឹងនេះ មន្ត្រីជំនាញបានជំរុញឱ្យកសិករយកចិត្តទុកដាក់លើការថែទាំចម្ការឱ្យបានត្រឹមត្រូវ អនុវត្តបច្ចេកទេសកសិកម្មសមស្រប និងគ្រប់គ្រងចម្ការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាឱ្យដំណាំកៅស៊ូទទួលបានទិន្នផលល្អ មានគុណភាពខ្ពស់ និងឆ្លើយតបតាមតម្រូវការទីផ្សារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម