Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យទេសចរណ៍ថៃបារម្ភថា ភ្ញៀវចិននឹងស្ទុះ​ទៅលេងជប៉ុនឡើងវិញ ជាជាងមកប្រទេសខ្លួន

បានផុស

នៅ

អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងតាមដាន​ការស្ទុះងើបឡើងវិញនៃភ្ញៀវទេសចរចិនទៅជប៉ុន ​ព្រោះការណ៍នេះអាចកាត់បន្ថយចំនួនភ្ញៀវទេសចរចិន​មកលេងថៃនៅចុងឆ្នាំ ខណៈផលប៉ះពាល់នៃជម្លោះមជ្ឈិមបូព៌ា​នៅតែបន្ត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នាក់ងារទេសចរណ៍ចិនមួយចំនួន បានចាប់ផ្តើមលក់កញ្ចប់ទេសចរណ៍ទៅ​ជប៉ុនសម្រាប់ខែកក្កដា និងសីហា​ ទោះបីជាមួយចំនួនបានឈប់លក់ បន្ទាប់ពីព័ត៌មាននេះ​ផ្ទុះការវែកញែកពីសាធារណជនកាលពីសប្តាហ៍មុន។

លោកស្រី Pattaraanong Na Chiangmai អនុប្រធានផ្នែកទីផ្សារអន្តរជាតិនៅអាស៊ី និងប៉ាស៊ីហ្វិកខាងត្បូងរបស់ TAT បាននិយាយថា អាជីវកម្មទេសចរណ៍ថៃ​បានសួរ TAT អំពី​បញ្ហានេះ។​

លោកស្រីបន្តថា ចិនអាចនឹងបន្ធូរបន្ថយវិធាន​ការរឹតបន្តឹងការធ្វើដំណើររបស់ខ្លួន ដូច្នេះ TAT នឹងពិចារណាលើ​បញ្ហានេះ នៅពេលរៀបចំផែនការយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនសម្រាប់ទីផ្សារចិន នៅឆមាសទី២​។

គេមើលឃើញថា ក្នុងរយៈពេល ៥ ខែ ដើម​ឆ្នាំ ២០២៦​ ចំនួនភ្ញៀវទេសចរចិន​ទៅលេងជប៉ុនបានធ្លាក់ចុះ ៥២% មកនៅត្រឹម ១,៧ លាននាក់។ នេះភាគច្រើនដោយសារតែការរឹតបន្តឹងលើដំណើរកម្សាន្តជាក្រុមរបស់ជនជាតិចិន ជុំវិញបញ្ហាការទូតរវាងប្រទេសអាស៊ីបូព៌ាទាំង២។

យ៉ាងណាមិញ លោកស្រី Pattaraanong បាន​ថ្លែងថា៖ «ប្រសិនបើការរឹតបន្តឹងលើដំណើរកម្សាន្តជាក្រុមចិនទៅកាន់ប្រទេសជប៉ុន ត្រូវបានដក​ចេញ ទេសចរណ៍ថៃនឹងរងផលប៉ះពាល់ក្នុងកម្រិតខ្លះៗ​ ដោយសារ​ជប៉ុននៅតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយក្នុងចំណោមអ្នកធ្វើដំណើរចិន»។

កាលពីដើមឆ្នាំនេះ TAT សង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរចិនចំនួន ៦,៧៣ លាននាក់ ​ក្នុងចំនួន​ដូចគ្នានឹងឆ្នាំ ២០២៤ ​ក្រោយភ្ញៀវចិន​បានធ្លាក់ចុះ ៣៣,៥% ​មកនៅត្រឹម ៤,៤៧ លាននាក់ កាលពីឆ្នាំ ២០២៥ ដោយសារតែកង្វល់សុវត្ថិភាព។

លើសពីនោះ ជម្លោះដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានរំខានដល់ការធ្វើដំណើរទូទាំងពិភពលោក រួមទាំងការធ្វើដំណើរពីប្រទេសចិនផងដែរ។ ដោយសារតែបញ្ហានេះ TAT បានបន្ថយការព្យាករ​​ស្ដីពីភ្ញៀវចិន​ទៅលេងថៃ មកនៅត្រឹមប្រហែល ៥ លាននាក់នៅឆ្នាំ 2026។

លោកស្រី Siriges-a-nong Trirattanasongpol នាយកប្រតិបត្តិនៃតំបន់អាស៊ីបូព៌ានៅ TAT បាននិយាយ​ថា ​ភាពស្រពេចស្រពិលនៃជម្លោះអាមេរិក-អ៊ីរ៉ង់ នៅតែបន្ត។ លោកស្រីបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ត្រូវតែរក្សាផ្លូវហោះហើរដែលរកប្រាក់ចំណេញ និងកាត់បន្ថយផ្លូវហោះហើរដែលមិនដំណើរការល្អ។ ជាលទ្ធផល ក្រុមហ៊ុនអាកាសចរណ៍ចិនជាច្រើន ជ្រើសរើសគោលដៅក្បែរៗដូចជាកូរ៉េខាងត្បូង និងហុងកុង ពីព្រោះជើងហោះហើរទាំងនេះប្រើប្រាស់ប្រេងឥន្ធនៈតិចជាងជើងហោះហើរទៅកាន់ប្រទេសថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម