Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាម​៥ឆ្នាំក្រោយរដ្ឋប្រហារ នៅ​មីយ៉ាន់ម៉ា ឆក់យក​ជីវិត​​មនុស្សអស់​ជាង ១០ម៉ឺននាក់

បានផុស

នៅ

សង្គ្រាមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឈានដល់ចំណុចដ៏រន្ធត់មួយ ដោយតួ​លេខ​អ្នកស្លាប់ពីគ្រប់ភាគីទាំងអស់ បានកើនឡើងរហូតដល់ជាង ១០០ ០០០​នាក់ហើយ គិតចាប់តាំងពីរដ្ឋប្រហារយោធាកាលពី ៥ឆ្នាំមុន។ នេះបើយោងតាម​របាយការណ៍​ពីអង្គការឃ្លាំមើលទិន្នន័យជម្លោះប្រដាប់អាវុធ ACLED ដែល​ត្រូវ​បាន​ចុះផ្សាយ​​ដោយ​​សារព័ត៌មាន France24 នា​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២៦។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លើងសង្គ្រាមនេះ បានឆាបឆេះឡើង បន្ទាប់ពីកងទ័ពបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយមក ក្រុមសកម្មជនជាច្រើនបានរត់ចូលព្រៃ បង្កើតជាក្រុមទ័ពព្រៃប្រជាធិបតេយ្យ ចាប់ដៃគ្នាប្រយុទ្ធជាមួយកងទ័ពភាគតិច ដើម្បីប្រឆាំងនឹងរបបសឹក។ អង្គការ ACLED បានចាត់ទុកសង្គ្រាមនេះថា ជាជម្លោះដ៏សាហាវ និងបង្ហូរឈាមខ្លាំងបំផុតនៅក្នុងតំបន់អាស៊ី នាពេលបច្ចុប្បន្ន។

សព្វថ្ងៃនេះ ស្ថានភាពរស់នៅរបស់ប្រជាជន​មីយ៉ាន់ម៉ា គឺធ្លាក់ដុនដាបខ្លាំងណាស់ ដោយមនុស្សជាង ៣,៧​លាននាក់ត្រូវរត់ចោលផ្ទះសម្បែង ហើយពលរដ្ឋម្នាក់ក្នុងចំណោមប្រាំនាក់ កំពុងដាច់បាយអត់អាហារហូបចុក។ នៅទីក្រុងធំៗ តែងតែមានការលបធ្វើឃាតកើតឡើង ចំណែកឯតាមខេត្តវិញ ត្រូវរងការទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃ ពីយន្តហោះចម្បាំងរបស់យោធា។ នៅក្នុងសង្គ្រាមនេះ មានក្រុមប្រដាប់អាវុធខុសៗគ្នារហូតដល់ទៅជាង ១ ២០០ក្រុម ដែលធ្វើឱ្យវាក្លាយជាសង្គ្រាមដ៏បែកបាក់ និងស្មុគស្មាញបំផុតក្នុងលោក។ ដើម្បីបង្គ្រប់កម្លាំងទ័ព យោធាថែមទាំងបានចេញច្បាប់ចាប់បង្ខំពលរដ្ឋឱ្យចូលធ្វើទាហានរហូតដល់ ៥០ ០០០​នាក់ ដែលអតីតទាហានរត់ចោលជួរម្នាក់ បាននិយាយ​ថា វាដូចជាគេបញ្ជូនពលរដ្ឋស្លូតត្រង់ទៅស្លាប់អ៊ីចឹង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម