ព័ត៌មានជាតិ
ប្រធានសភាប្រាប់ពីអារម្មណ៍មនោសញ្ចេតនាផ្ទាល់ខ្លួនមួយចំពោះប្រទេសជប៉ុនប្រាប់ឯកអគ្គរាជទូតដែលចប់អាណត្តិ
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានបង្ហាញអារម្មណ៍មនោសញ្ចេតនាដែលជាការចងចាំមួយរបស់សម្ដេចចំពោះប្រទេសជប៉ុនប្រាប់ដល់ឯកអគ្គរាជទូតជប៉ុនលោក អ៊ូអិណុ អាត់ស៊ូស៊ី ក្នុងពេលដែលលោកចូលជួបជម្រាបលាមុនចប់អាណត្តិការងារពីកម្ពុជា។ សម្ដេចថាប្រទេសជប៉ុនជាប្រទេសទី១ដែលសម្ដេចបានទៅលេងតាំងពីនៅក្មេងមកម្ល៉េះ ហើយរូបភាពនៃដំណើរកម្សាន្តរបស់សម្ដេចទៅប្រទេសនេះគឺនៅក្នុងការចងចាំរបស់សម្ដេចជានិច្ច។

ថ្លែងក្នុងជំនួបនៅវិមានរដ្ឋសភាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើងថា និស្ស័យនិងមនោសញ្ចេតនាជាមួយជប៉ុន គឺបានបន្តរហូតមកដល់ពេលសម្ដេចធ្វើជាតំណាងរាស្ត្រ និងប្រធានគណៈកម្មការទី១សភាដែលពេលនោះសម្ដេចបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនស្ទើតែរាល់ឆ្នាំដើម្បីបំពេញការងារ។
នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានសភាលោក កែវ ពិសិដ្ឋ បានប្រាប់អ្នកយកព័ត៌មានថា៖ «សម្ដេចចងចាំថាលោកធ្លាប់ទៅជប៉ុនតាំងពីលោកនៅក្មេងម្ល៉េះ។ ដោយសារឪពុករបស់លោកធ្លាប់រៀនទទួលបានអាហារូបករណ៍រៀននៅប្រទេសជប៉ុនដល់អ៊ីចឹងមនោសញ្ចេតនាផ្ទាល់ខ្លួនរវាងសម្ដេចនិងជប៉ុនគឺវែងឆ្ងាយមកហើយតាំងពីអនុស្សាវរីយ៍លោកតាំងពីនៅក្មេង ហើយពេលចូលធ្វើការមកហ្នឹងគឺសម្ដេចលោកមកបំពេញតួនាទីហ្នឹងជាតំណាងរាស្ត្រជាប្រធានគណៈកម្មការគឺតែងតែចេញចូលលោកថាលោកទៅស្ទើរតែរាល់ឆ្នាំកាលពីមុននោះ»។

សម្រាប់ទំនាក់ទំនងនៃស្ថាប័នសភាវិញសម្ដេចសភាធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសភាកម្ពុជា-ជប៉ុន ជាពិសេសក្នុងអំឡុងទស្សវត្សឆ្នាំ៩០ និងឆ្នាំ២០០០ ប្រទេសទាំងពីរតែងតែផ្លាស់ប្ដូរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់សភានឹងសភាជានិច្ច យ៉ាងណាទំនាក់ទំនងនេះហាក់ថយថយចុះពេលបច្ចុប្បន្ន ខណៈសម្ដេចថានឹងជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អ និងរឹងមាំឡើងវិញផងដែរ។
ក្នុងជំនួបនោះលោក អ៊ូអិណុ អាត់ស៊ូស៊ី ក៏បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូររបស់កម្ពុជា ព្រមទាំងរម្លឹកនូវអនុស្សាវរីយ៍ល្អៗដែលលោកចងចាំពីសម្ដេចសភាធិបតីផងដែរ។ លោក អ៊ូអិណុ បានរម្លឹកពីការឡើងមកធ្វើជាតំណាងទូតជប៉ុននៅកម្ពុជាក្នុងឆ្នាំដែលសម្ដេចសភាធិបតីឡើងជាប្រធានសភា និងមានកិត្តិយសដែលសម្ដេចបានចូលរួមក្នុងពិធីខួបកំណើតព្រះចៅអធិរាជជប៉ុនដែលរៀបចំដោយទូតជប៉ុននៅកម្ពុជា ព្រមទាំងចំណាយពេលជួបលោកដោយផ្ទាល់នៅនិវេសនដ្ឋានទូតពិសាអាហារពេលល្ងាចជាមួយគ្នាផងដែរនោះ។

លោកបង្ហាញអារម្មណ៍សោកស្ដាយដែលក្នុងអាណត្តិរបស់លោក មិនមានដំណើរទស្សនកិច្ចរបស់សម្ដេចប្រធានសភាទៅជប៉ុន ឬប្រធានសភាជប៉ុនមកកម្ពុជាដោយសារតែដំណើរការផ្លាស់ប្ដូររដ្ឋាភិបាលដោយសារការបោះឆ្នោត និងបេសកកម្មផ្សេងដែលត្រូវធ្វើ។
លោកសង្ឃឹមថាឯកអគ្គរាជទូតថ្មីនឹងបន្តជំរុញទំនាក់ទំនងកម្ពុជា-ជប៉ុនឱ្យកាន់តែស៊ីជម្រៅថែមទៀត ខណៈសម្ដេចសភាធិបតីថ្លែងអំណរគុណចំពោះលោក អ៊ូអិណុ អាត់ស៊ូស៊ី ដែលបានខិតខំក្នុងការងារជួយដល់ទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនកន្លងទៅ និងជួនពរឱ្យលោកជោគជ័យនាបេសកម្មបន្ទាប់របស់លោកនាពេលខាងមុខ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


