Connect with us

ព័ត៌មានអន្ដរជាតិ

អារ៉ាប៊ីសាអូឌីតព្រមានតបតក្រុមហ៊ូធីវិញ ជាមួយកម្លាំងខ្លាំងក្លាមិនធ្លាប់មាន

បានផុស

នៅ

នៅថ្ងៃទី៤ ខែកក្កដា សម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលគាំទ្ររដ្ឋាភិបាលស្របច្បាប់ទទួលស្គាល់ដោយអន្តរជាតិនៃប្រទេសយេម៉ែន បានឆ្លើយតប «ដោយការប្ដេជ្ញាចិត្ត និងប្រើកម្លាំងបាយដែលមិនធ្លាប់មានពីមុនមក» ចំពោះរាល់ការប៉ុនប៉ងណាមួយដែលសំដៅវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត ឬរំលោភលើអធិបតេយ្យភាពរបស់យេម៉ែន បន្ទាប់ពីមានការគំរាមកំហែងពីក្រុមហ៊ូធី។

អ្នកនាំពាក្យសម្ព័ន្ធមិត្ត លោក Turki al-Malki (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន Anadolu , អ្នកនាំពាក្យសម្ព័ន្ធមិត្ត លោក Turki al-Malki បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ការគំរាមកំហែងរបស់ក្រុមហ៊ូធីប្រឆាំងនឹងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គឺ «គ្រាន់តែជាការប៉ុនប៉ងបង្វែរចំណាប់អារម្មណ៍ចេញពីការរំលោភបំពានដ៏ធ្ងន់ធ្ងររបស់ពួកគេ ប្រឆាំងនឹងប្រជាជនយេម៉ែនដ៏ជាបងប្អូនតែប៉ុណ្ណោះ»។

លោកបានចោទប្រកាន់ក្រុមនេះថា បានព្យាយាមនាំចេញនូវគ្រោះមហន្តរាយសេដ្ឋកិច្ច និងការរងទុក្ខវេទនារបស់ប្រជាជនយេម៉ែន ដែលបង្កឡើងដោយពួកគេផ្ទាល់ ខណៈពេលដែលព្យាយាមបង្វែរការយកចិត្តទុកដាក់ ពីការបដិសេធដែលពួកគេកំពុងប្រឈមមុខពីសំណាក់កុលសម្ព័ន្ធយេម៉ែន និងក្រុមសង្គមនានា ទៅលើប្រទេសជិតខាងវិញ។

លោក al-Malki បានបន្តថា អារ៉ាប៊ីសាអូឌីត សម្ព័ន្ធមិត្ត និងដៃគូអន្តរជាតិ បានខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការរងទុក្ខវេទនារបស់ប្រជាជនយេម៉ែន ដែលបង្កឡើងដោយការដណ្តើមអំណាចរបស់ក្រុមហ៊ូធី និងដើម្បីដោះស្រាយវិបត្តិ តាមរយៈផែនទីបង្ហាញផ្លូវមួយដែលត្រូវបានទទួលយកដោយរដ្ឋាភិបាលយេម៉ែន ប៉ុន្តែត្រូវបានបដិសេធដោយក្រុមហ៊ូធី។ ផ្ទុយទៅវិញ ក្រុមនេះបានវាយប្រហារលើផ្លូវនាវាចរណ៍ និងពាណិជ្ជកម្មអន្តរជាតិនៅភាគខាងត្បូងសមុទ្រក្រហម និងច្រកសមុទ្រ បាប់ អាល់ម៉ាន់ដាប់ (Bab al-Mandab)។

លោកបានលើកឡើងទៀតថា សម្ព័ន្ធមិត្តនឹងឆ្លើយតបដោយការប្ដេជ្ញាចិត្ត និងកម្លាំងបាយដែលមិនធ្លាប់មានពីមុនមក ចំពោះរាល់ការប៉ុនប៉ងទាំងឡាយណាដែលសំដៅលើព្រះរាជាណាចក្រ ប្រជាពលរដ្ឋ អ្នកស្នាក់នៅ និងទ្រព្យសម្បត្តិជាតិ ឬការប៉ុនប៉ងណាមួយដែលរំលោភលើអធិបតេយ្យភាពរបស់សាធារណរដ្ឋយេម៉ែនជាបងប្អូន ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិជាទំនៀមទម្លាប់។

យ៉ាងណា សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធមិត្តនេះ បានធ្វើឡើង បន្ទាប់ពីអ្នកនាំពាក្យយោធារបស់ក្រុមហ៊ូធី លោក Yahya Saree បានគំរាមឆ្លើយតប «ជាទូទៅ» ដោយផ្តោតលើព្រលានយន្តហោះ និងផលប្រយោជន៍សំខាន់ៗរបស់អារ៉ាប៊ីសាអូឌីត។

គួរបញ្ចាក់ដែរថា ភាពតានតឹងបានផ្ទុះឡើងខ្លាំងជាថ្មី បន្ទាប់ពីជើងហោះហើរស៊ីវិលរបស់អ៊ីរ៉ង់បានចុះចតនៅរដ្ឋធានីសាណា (Sanaa) កាលពីថ្ងៃសុក្រ ដែលគ្រប់គ្រងដោយក្រុមហ៊ូធី ដែលនេះជាជើងហោះហើរដំបូងក្នុងរយៈពេលជិត ១០ ឆ្នាំ។ ក្រុមហ៊ូធីបានចោទប្រកាន់ថា យន្តហោះចម្បាំងអារ៉ាប៊ីសាអូឌីត បានព្យាយាមរារាំងជើងហោះហើរនេះ ទើបពួកគេគំរាមវាយប្រហារទ្រង់ទ្រាយធំលើព្រលានយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធរបស់អារ៉ាប៊ីសាអូឌីត។ ជាការឆ្លើយតប សម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីត ក៏បានប្រកាសប្រើ «កម្លាំងបាយដែលមិនធ្លាប់មាន» ដើម្បីការពារខ្លួន និងអធិបតេយ្យភាពយេម៉ែនវិញ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម