Connect with us

ព័ត៌មានជាតិ

ស្រុក​ថ្មបាំង រំពឹងពិធីបុណ្យពូនភ្នំទុរេន ក្លាយជាព្រឹត្តិការណ៍​ទាក់​ទាញភ្ញៀវទេសចរប្រចាំឆ្នាំ

បានផុស

នៅ

​លោកស្រីអភិបាលខេត្តកោះកុង បានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរសមត្ថកិច្ចស្រុកថ្មបាំង បន្តរៀបចំពិធីបុណ្យពូនភ្នំទុរេនជាបន្តបន្ទាប់ទៀត ដើម្បីលើកស្ទួយផលិតផលរបស់ប្រជាកសិករ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឈី វ៉ា បានទុកពិធីបុណ្យពូនភ្នំទុរេននៅក្នុងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ថាជាកម្លាំងសាមគ្គីក្នុងមូលដ្ឋានរវាងប្រជាកសិករនិងកសិករ ហើយបានជួយផ្សព្វផ្សាយលើកស្ទួយទិន្នផលកសិកម្ម តាមរយៈបង្កើនការទាក់ទាញអ្នកទេសចរ មកទស្សនាតាមរយៈធ្វើពិធីសាសនា និងភ្លស់រសជាតិទុរេន។

កាលល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោកស្រីអភិបាលខេត្តកោះកុង បង្ហាញក្តីសង្ឃឹមថា ពិធីបុណ្យពូនភ្នំទុរេនសាមគ្គី នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ស្រុកថ្មបាំង ដើម្បីអបអរសាទរទិន្នផលកសិកម្ម ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា កម្សាន្ត និងភ្លក់រសជាតិទុរេនថ្មបាំងកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

លោក ឈី វ៉ា បានរំលេចថា ស្រុកថ្មបាំង សក្តានុពលទេសចរណ៍ និងសណ្ឋានដីមានជីវជាតិ សមស្របសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ទេសចរណ៍។ ដំណាំសាវម៉ាវ មង្ឃុត ល្ហុង ចេក កៅស៊ូ និងជាពិសេស ទុរេន បានក្លាយជាដំណាំដ៏មានតម្លៃ ទទួលបានការទទួលស្គាល់ពីគុណភាព និងរសជាតិ ព្រមទាំងមានការនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។

លោកស្រីអភិបាលខេត្ត ពន្យល់ដែរថា ខេត្តកោះកុងក៏ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាខេត្តអេកូទេសចរណ៍ដ៏មានសក្តានុពល ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។

លោកស្រីអភិបាលបានបញ្ជាក់ថា ក្រុង ស្រុកទាំង៧ នៃខេត្តកោះកុង មានសក្តានុពលខុសៗគ្នាលើវិស័យសេដ្ឋកិច្ច និងសង្គម។

ដោយឡែក ស្រុកថ្មបាំង ត្រូវបានស្គាល់ថាជាគោលដៅទេសចរណ៍បៃតង (Green Season) និងទេសចរណ៍បែបផ្សងព្រេង ដោយមានតំបន់អារ៉ែង និងជីផាត ជាតំបន់ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន។ ពីស្រុកដែលធ្លាប់ដាច់ស្រយាល និងមិនសូវមានអ្នកស្គាល់ បច្ចុប្បន្នថ្មបាំងបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកស្រី ក៏បានណែនាំដល់រដ្ឋបាលស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សហគមន៍អេកូទេសចរណ៍ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ បន្តរួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារបរិស្ថាន អនាម័យ និងគ្រប់គ្រងសំណល់ឱ្យបានល្អ ព្រមទាំងរួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។

ចំណែកឯលោកស្រី ទួត ហ្វាទីម៉ា អភិបាលស្រុកថ្មបាំង បានលើកឡើងថា ពិធីបុណ្យពូនភ្នំទុរេនសាមគ្គី ក៏ធ្វើឡើងគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះទុរេនឱ្យកាន់តែល្បីល្បាញ ផ្ដល់ឱកាសដល់កសិករ និង អាជីវករ ក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកកម្សាន្ត និងបានភ្លក់រស់ជាតិទុរេននៅតំបន់ថ្មបាំង ហើយស្វែងយល់អំពីសក្តានុពលទេសចរណ៍ និងកសិកម្មក្នុងស្រុក។

បើតាមលោកស្រីអភិបាលស្រុកថ្មបាំង ទិន្នផលទុរេនដែលបានមកពីការឧបត្ថម្ភរបស់ប្រជាកសិករ និងសប្បុរសជន សម្រាប់រៀបចំក្នុងពិធីបុណ្យពូនភ្នំទុរេន យកមកធ្វើបាយដំណើបទុរេន និងសម្រាប់ភ្ញៀវទេសចរណ៍ភ្លក់ ក្រោយពេលចប់កម្មវិធី និងយក ទៅឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ។

ទាក់ទិននឹងពិធីបុណ្យពូនភ្នំទុរេន លោកអ្នកស្រី សុគន្ធា និងលោក ពិន រស្មី មកពីរាជធានីភ្នំពេញ ក៏សម្តែងការគាំទ្រពេញទំហឹងផងដែរ ដោយបានចូលរួមឧបត្ថម្ភជាផ្លែទុរេន និងផ្លែឈើផ្សេងៗ ព្រមទាំងភ្លក់រសជាតិផ្លែឈើចម្រុះដាក់បានដាក់តាំងបង្ហាញ។ ស្រុកថ្មបាំងជាស្រុកមួយសំបូរទៅដោយតំបន់អេកូទេសធម្មជាតិច្រើនដូចជា៖ទឹកជ្រោះ ការបោះតង់ ជិះទូកតាមដងព្រែក មើលសត្វព្រៃ និងទិន្នផលកសិកម្មយ៉ាងសំបូរបែប៕

អត្ថបទ ៖ សិរិវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម