Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​បញ្ជាឱ្យក្រុមហ៊ូធីត្រៀម​បិទច្រកសមុទ្រក្រហម ប្រសិនបើ​អាមេរិកវាយប្រហារបណ្តាញថាមពលរបស់ខ្លួន

បានផុស

នៅ

អ៊ីរ៉ង់បានជូនដំណឹងទៅកាន់ក្រុមហ៊ូធីនៅយេម៉ែន ឱ្យត្រៀមបិទច្រកដឹកប្រេង និងទំនិញដ៏សំខាន់នៅសមុទ្រក្រហម ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីប្រភព៣រូបជាអនាមិក។

រូបភាពពីលើអាកាសនៃច្រកសមុទ្រ បាន អែល ម៉ាន់ដេប ដែលតភ្ជាប់សមុទ្រក្រហម និងមហាសមុទ្រឥណ្ឌា។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភពជិតស្និទ្ធនឹងក្រុមហ៊ូធីបានឱ្យដឹងថា ក្រុមឧទ្ទាមមួយនះ បានដាក់ពង្រាយមីស៊ីល និងយន្តហោះដ្រូននៅក្បែរច្រក បាប អែល ម៉ាន់ដេប (Bab el-Mandeb) ដែលជាច្រកចូលសមុទ្រក្រហម និងកំពុងរង់ចាំបទបញ្ជាចុងក្រោយដើម្បីចាប់ផ្តើមប្រតិបត្តិការ។ ប្រភពដដែលអះអាងថា ការសម្រេចចិត្តបិទច្រកនេះនឹងស្ថិតក្រោមការគ្រប់គ្រងរបស់សមាជិកកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលកំពុងស្ថិតនៅក្នុងប្រទេសយេម៉ែន។

ការគំរាមបិទច្រកសមុទ្រក្រហមកើតឡើង ខណៈអ៊ីរ៉ង់បានបិទច្រកសមុទ្រហ័រមូហ្សឡើយវិញ ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក។ ​ច្រកហ័រមូហ្ស ធ្លាប់ជាផ្លូវដឹកជញ្ជូនថាមពលប្រមាណ ២០% នៃតម្រូវការប្រចាំថ្ងៃរបស់ពិភពលោក ខណៈបច្ចុប្បន្នប្រេងជាច្រើនត្រូវបានបង្វែរទៅឆ្លងកាត់សមុទ្រក្រហម ដែលដឹកជញ្ជូនថាមពលប្រមាណ ៧% ​តម្រូវការសកល។ ​

អ្នកវិភាគព្រមានថា ប្រសិនបើច្រកសមុទ្រក្រហមក៏ត្រូវបានបិទ ឬក្លាយជាគោលដៅវាយប្រហារ នោះផ្លូវដឹកជញ្ជូនប្រេងសំខាន់ៗទាំង២ របស់មជ្ឈិមបូព៌ានឹងរងការរំខានក្នុងពេលតែមួយ ដែលអាចជំរុញឱ្យតម្លៃថាមពលពិភពលោកកើនឡើងខ្លាំង និងបង្កភាពចលាចលដល់ទីផ្សារពិភពលោក។

ភាពតានតឹងក្នុងតំបន់ក៏កំពុងកើនឡើងផងដែរ បន្ទាប់ពីក្រុមហ៊ូធីបានបាញ់មីស៊ីលទៅលើអារ៉ាប៊ីសាអូឌីត ​ដោយ​ចោទប្រកាន់ថា ទីក្រុងរីយ៉ាដបានវាយប្រហារអាកាសយានដ្ឋានមួយស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ ក្រុមអ្នកវិភាគចាត់ទុកថា ស្ថានការណ៍នេះអាចបង្កហានិភ័យថ្មីដល់ការផ្គត់ផ្គង់ថាមពល និងការដឹកជញ្ជូនតាមសមុទ្រនៅទូទាំងពិភពលោក។

មកដល់ពេលនេះ ទាំងក្រសួងការបរទេសអ៊ីរ៉ង់ និងក្រុមហ៊ូធី មិនទាន់ឆ្លើយតបចំពោះព័ត៌មាននេះនៅឡើយទេ ខណៈអ៊ីរ៉ង់តែងតែបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា ខ្លួនផ្តល់អាវុធ ថវិកា និងការបណ្តុះបណ្តាលដល់ក្រុមហ៊ូធី។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម