Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយ​ប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេលេនស្គី បានបើកកិច្ចប្រជុំកម្រិតខ្ពស់មួយ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីស្វែងរកដំណោះស្រាយ ក្នុងការផ្សះផ្សាទំនាក់ទំនងជាមួយប្រទេសប៉ូឡូញ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន។

លោក ហ្សេលេនស្គី (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​​ទីភ្នាក់ងារព័ត៌មាន REUTERS វិវាទការទូតនេះ បានផ្ទុះឡើងកាលពីខែឧសភា កន្លងទៅ បន្ទាប់ពីលោក ហ្សេលេនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយដាក់ឈ្មោះកងឯកភាពប្រតិបត្តិការពិសេសនៃកងកម្លាំងពិសេសអ៊ុយក្រែន ថាជា «វីរជននៃកងទ័ពបះបោរអ៊ុយក្រែន UPA»។

ការសម្រេចចិត្តដាក់ឈ្មោះកងទ័ពតាមក្រុម UPA ដែលជាក្រុមប្រដាប់អាវុធតស៊ូ ដើម្បីឯករាជ្យក្នុងសម័យសង្គ្រាមលោកលើកទី២ បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង នៅក្នុងប្រទេសប៉ូឡូញ។ សម្រាប់ប្រជាជនប៉ូឡូញជាច្រើន UPA ត្រូវបានចាត់ទុកថាជា ក្រុមដែល​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលលើជនស៊ីវិលជនជាតិប៉ូឡូញរាប់សែននាក់ ក្នុងតំបន់ Volhynia នៅចន្លោះឆ្នាំ១៩៤៣ ដល់ ១៩៤៥។

ជាចំណាត់ការ​ឆ្លើយតបនឹង​ការ​ដាក់​ឈ្មោះនេះ ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki បានសម្រេច​ដកហូតគ្រឿងឥស្សរិយយសជាន់ខ្ពស់ «Order of the White Eagle» ពីលោក ហ្សេលេនស្គី កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បានសន្យាថានឹងចាត់វិធានការជាច្រើន ដើម្បីកាត់បន្ថយភាពតានតឹងនេះ។ ទីក្រុងកៀវ នឹងបើកឱ្យសាធារណជន និងអ្នកស្រាវជ្រាវចូលទៅកាន់បណ្ណសារ​​នៃ​ទីភ្នាក់ងារ​សន្តិសុខអ៊ុយក្រែន និងសេវាស៊ើបការណ៍បរទេស ដើម្បីស្វែងរកការពិតជុំវិញព្រឹត្តិការណ៍សម្លាប់រង្គាលក្នុងសម័យសង្គ្រាម។ លើសពីនេះ លោកសន្យាថានឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើកោសល្យវិច័យ និងការស្វែងរកអដ្ឋិធាតុជនរងគ្រោះ ដើម្បីផ្ដល់យុត្តិធម៌ជូនគ្រួសារនៃជនរងគ្រោះ ខណៈដែលលោកសង្កត់ធ្ងន់ថា ប៉ូឡូញ គឺជាដៃគូដ៏សំខាន់ ដែលបានផ្ដល់ជំនួយយ៉ាងច្រើនដល់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២ មក។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានសម្តែងការស្វាគមន៍ ចំពោះជំហានថ្មីរបស់លោក ហ្សេលេនស្គី ដោយបញ្ជាក់ថា ទីក្រុងវ៉ាសូវី ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសន្ទនាដោយមិត្តភាព និងភាពស្មោះត្រង់ ដើម្បីដោះស្រាយបញ្ហាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាណាមួយ ដែលបង្ហាញថា អ៊ុយក្រែននឹងដកឈ្មោះកងទ័ពនោះចេញវិញនោះឡើយ ដោយមន្ត្រីអ៊ុយក្រែនលើកឡើងថា វាគឺជាសិទ្ធិអធិបតេយ្យភាពរបស់អ៊ុយក្រែន ក្នុងការសម្រេចជ្រើសរើសវីរជនរបស់ខ្លួន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម