Connect with us

ព័ត៌មានជាតិ

មន្ត្រី និងគ្រូបង្រៀនកម្ពុជា៣០រូប នឹងចូលរួមវគ្គបណ្តុះបណ្តាលនៅឥណ្ឌាលើការប្រើ AI ដើម្បីលើកកម្ពស់ការអប់រំ STEM

បានផុស

នៅ

មន្ត្រី និងគ្រូបង្រៀនកម្ពុជាចំនួន ៣០រូប មកពីក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសឥណ្ឌា ស្តីពីការធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត (AI) ដើម្បីលើកកម្ពស់ការអប់រំ STEM ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងសមត្ថភាពគរុកោសល្យ និងជំនាញឌីជីថល ស្របតាមនិន្នាការអប់រំសម័យថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរដល់មន្ត្រី និងគ្រូបង្រៀនកម្ពុជាទាំង ៣០រូប មុនពេលចេញដំណើរទៅចូលរួមកម្មវិធីបណ្តុះបណ្តាលក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាល និងស្រាវជ្រាវគ្រូបច្ចេកទេស (NITTTR) ក្រុងឆែនណៃ ប្រទេសឥណ្ឌា។ ពិធីជូនដំណើរនេះ មានការចូលរួមជាអធិបតីពី លោក សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយថ្នាក់ដឹកនាំ ស្ថានទូតឥណ្ឌា និងសិក្ខាកាមទាំងអស់។

លោក សាន វឌ្ឍនា

គ្គបណ្តុះបណ្តាលនេះ ផ្តោតលើប្រធានបទ «ក្របខ័ណ្ឌសម្រាប់ការធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត (AI) ដើម្បីលើកកម្ពស់ការអប់រំ STEM» ដោយផ្តល់ចំណេះដឹង និងជំនាញអនុវត្តលើការប្រើប្រាស់ AI ក្នុងការបង្រៀន ការប្រើបន្ទប់ពិសោធន៍និម្មិត (Virtual Labs) ការធ្វើត្រាប់តាមបែបវិទ្យាសាស្ត្រ (Simulations) និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដើម្បីគាំទ្រការអប់រំដែលផ្តោតលើអ្នកសិក្សាជាស្នូល។

នៅក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីនោះ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃកម្មវិធីបណ្តុះបណ្តាលនេះ ដែលមានគោលដៅធ្វើសមាហរណកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការអប់រំ STEM។

ដោយឆ្លុះបញ្ចាំងពីទំនាក់ទំនងអារ្យធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់រវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអប់រំ។ លោកបានសម្តែងនូវជំនឿយ៉ាងមុតមាំថា ចំណេះដឹង និងបទពិសោធន៍ដែលសិក្ខាកាមទទួលបានពីប្រទេសឥណ្ឌាតាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ ការយល់ដឹងគ្នាទៅវិញទៅមក និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ជាមួយគ្នានេះដែរ លោកបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យដើរតួជា «ទូតនៃចំណងមិត្តភាព» និងជាស្ពានចម្លងនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងឥណ្ឌា និងកម្ពុជា។

លោក Vanlalvawna Bawitlung

កម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលឥណ្ឌា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៤ ហើយជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់ប្រទេសឥណ្ឌាសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពសម្រាប់បណ្តាប្រទេសជាដៃគូ។ កម្មវិធីនេះដំណើរការផ្អែកលើតម្រូវការជាក់ស្តែងរបស់ប្រទេសជាដៃគូ និងមានគោលបំណងគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការផ្តល់ឱកាសបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សលើវិស័យជាច្រើន។

ចាប់តាំងពីឆ្នាំ១៩៨១ មក មានប្រជាពលរដ្ឋ និងមន្ត្រីរាជការកម្ពុជាជាង ៣,៣០០ នាក់ បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល ITEC។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលឥណ្ឌាតែងតែផ្តល់កូតាវគ្គបណ្តុះបណ្តាល ITEC ចំនួន ៣០០ កន្លែង ជូនដល់ប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម