Connect with us

ព័ត៌មានជាតិ

ឥណ្ឌានឹងផ្តល់គ្រឿងសង្ហារិម បរិក្ខារ IT បំពាក់ក្នុងអគារស្នាក់នៅរបស់និស្សិតស្រីមានជីវភាពខ្វះខាត នាខេត្តបាត់ដំបង

បានផុស

នៅ

និស្សិតស្រីប្រមាណ ១៤០ នាក់ ដែលភាគច្រើនមានជីវភាពខ្វះខាត និងមកពីតំបន់ជនបទដាច់ស្រយាល នឹងទទួលបានលក្ខខណ្ឌរស់នៅ និងសិក្សាកាន់តែប្រសើរ តាមរយៈការគាំទ្រពីប្រទេសឥណ្ឌា លើការបំពាក់គ្រឿងសង្ហារិម និងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន (IT)នៅក្នុងអគារស្នាក់នៅថ្មី នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីអនុវត្តគម្រោងផ្តល់ផលរហ័ស (Quick Impact Project – QIP) ក្រោមប្រធានបទ «ការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់និស្សិតស្រី»។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង។

សេចក្តីប្រកាសព័ត៌មានស្ថានទូតឥណ្ឌា​ គូសបញ្ជាក់ថា គម្រោងផ្តល់ផលរហ័សនេះ នឹងផ្តោតលើការផ្តល់ជូននូវគ្រឿងសង្ហារិម និងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (Information Technology – IT) ដែលចាំបាច់ សម្រាប់បំពាក់នៅក្នុងអគារស្នាក់នៅរបស់និស្សិតស្រី ដែលទើបនឹងសាងសង់រួចថ្មីរបស់សាកលវិទ្យាល័យ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់និស្សិតស្រីប្រមាណ ១៤០ នាក់ ដែលភាគច្រើនមានជីវភាពខ្វះខាត និងមកពីតំបន់ជនបទដាច់ស្រយាល។ គោលបំណងចម្បងនៃគម្រោង គឺការបង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងអំណោយផលដល់ការសិក្សា ដើម្បីជួយឱ្យនិស្សិតអាចបន្តការសិក្សានៅកម្រិតឧត្តមសិក្សាបានប្រកបដោយប្រសិទ្ធភាព។

នៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត Vanlalvawna Bawitlung បានគូសបញ្ជាក់អំពីចំណងមិត្តភាព និងទំនាក់ទំនងខាងអារ្យធម៌ដ៏ស៊ីជម្រៅ និងយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ដែលចាក់ឫសយ៉ាងរឹងមាំនៅក្នុងប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរវប្បធម៌ និងសាសនា អស់រយៈពេលជាច្រើនសតវត្សរ៍ ជាពិសេសតាមរយៈមរតកព្រះពុទ្ធសាសនារួម។ លោកបានបន្ថែមថា ប្រទេសឥណ្ឌានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រដល់គ្រឹះស្ថានអប់រំដែលរួមចំណែកថែរក្សាតម្លៃរួមទាំងនេះ ព្រមទាំងផ្តល់នូវចំណេះដឹង និងជំនាញបច្ចេកទេសចាំបាច់ដល់យុវជនជំនាន់ក្រោយ ដើម្បីឱ្យពួកគេអាចរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិរបស់ខ្លួន។

គម្រោងថ្មីនេះ គឺជាការបន្តពង្រឹងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសឥណ្ឌា និងពុទ្ធិកសាកលវិទ្យាល័យនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈគម្រោងផ្តល់ផលរហ័ស (QIP) នាពេលកន្លងមក ប្រទេសឥណ្ឌាបានគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យា (IT Centres) នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ និងសាខាខេត្តបាត់ដំបង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។ គំនិតផ្តួចផ្តើមទាំងនេះ សុទ្ធតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរវាងឥណ្ឌា និងកម្ពុជា ក្នុងការពង្រឹងឱកាសផ្នែកអប់រំ ការកសាងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់សក្តានុពលរបស់យុវជនកម្ពុជា។

កម្ពុជា នៅតែជាដៃគូអភិវឌ្ឍន៍ដ៏មានតម្លៃរបស់ប្រទេសឥណ្ឌា ក្រោម «គោលនយោបាយឆ្ពោះទៅទិសខាងកើត» (Act East Policy) និងក្នុងក្របខ័ណ្ឌ «សហប្រតិបត្តិការមេគង្គ-គង្គា» (Mekong–Ganga Cooperation)។ ជារៀងរាល់ឆ្នាំ ប្រទេសឥណ្ឌាបានអនុវត្តគម្រោងផ្តល់ផលរហ័សចំនួន ១០ គម្រោងនៅកម្ពុជា ដែលគ្របដណ្តប់លើវិស័យអាទិភាពនានា រួមមាន វិស័យអប់រំ សុខាភិបាល ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី អនាម័យ កសិកម្ម និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ គិតមកទល់ពេលបច្ចុប្បន្ន មានគម្រោងផ្តល់ផលរហ័សសរុបចំនួន ៧៣ គម្រោងត្រូវបានអនុម័ត ក្នុងនោះ ៥៥ គម្រោងត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈ ១៨ គម្រោងទៀតកំពុងស្ថិតក្នុងដំណាក់កាលអនុវត្ត។

គម្រោងទាំងអស់នេះ សុទ្ធតែស្របតាមកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីៗទាំងនេះ បានបញ្ជាក់បន្ថែមពីភាពជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ និងការរីកចម្រើនជាលំដាប់រវាងឥណ្ឌា និងកម្ពុជា ដោយផ្តោតលើការផ្តល់ផលជាវិជ្ជមាននៅកម្រិតមូលដ្ឋាន ការអភិវឌ្ឍធនធានមនុស្ស និងការកសាងជីវភាពរស់នៅប្រកបដោយចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម