Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជាង២០០នាក់នៅផ្សារ៧មករា ពិនិត្យសំណាក ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី

បានផុស

នៅ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោកឯក ឃុនដឿន នៅព្រឹកថ្ងៃទី១៩ ខែសីហានេះបានដឹកនាំមន្ត្រី និងអាជ្ញាធរសង្កាត់ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងផ្សារ៧មករា ទល់មុខផ្សារទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្រោយពីបានបិទខ្ទប់ កាលពីយប់មិញ ដើម្បីពិនិត្យ​យកសំណាកបងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅព្រឹកនេះ ដោយសារតែមានអ្នកមានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ដែលតា(Delta) ចំនួន៣នាក់បានចេញចូលទិញអីវ៉ាន់ក្នុងផ្សារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការត្រួតពិនិត្យទីតាំងយកសំណាក នៅផ្សារ៧មករា ពីសំណាក់លោក ឯក ឃុនដឿន នេះ ធ្វើឡើងដើម្បីជម្រុញឱ្យក្រុមការងារយកចិត្តទុកដាក់លើការយកសំណាក ការជំរុញឱ្យអនុវត្តនូវវិធានសុខាភិបាលពិសេសគឺ ការអនុវត្តវិធាន ៣កុំនិង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចការពារទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩។

លោក ឯក ឃុនដឿន បានបញ្ជាក់ឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលបានយកសំណាកនៅផ្សារ ៧មករានេះ មានចំនួនប្រមាណជាង២០០នាក់ ហើយការបង្កើតឱ្យមានការពិនិត្យយកសំណាកនេះ គឺដោយ​សារតែ មានបងប្អូនប្រជាពលរដ្ឋចំនួន៣នាក់មានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta)។
លោក ឯក ឃុនដឿន បានមានប្រសាសន៍បន្តថា ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង
អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទួលគោក សហការជាមួយនឹងគ្រូពេទ្យ ចុះពិនិត្យយកសំណាក បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារខាងលើ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីបុគ្គលមួយទៅបុគ្គលមួយទៀត។

ក្នុងឱកាសនោះ លោក ឯក ឃុនដឿន បានធ្វើការណែនាំឱ្យអាជ្ញាធរបន្តណែនាំទៅប្រជាពលរដ្ឋបន្ថែមទៀត ជុំវិញការអនុវត្តឱ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល ការណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ ពិសេសអនុវត្តវិធាន ៣កុំនិង៣ការពា។

លោកបញ្ជាក់ថា ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ក្រៅពីយកសំណាកនៅទីតាំងខាងលើ គឺអាចទៅយកសំណាងនៅវិទ្យាល័យបាក់ទូក មួយទីតាំងទៀត។ លោកបានបញ្ជាក់ទៀតថា ក្រោយពីការយកសំណាកនៅទីតាំងផ្សារ៧មករានេះរួចរាល់ នៅរសៀលថ្ងៃទី១៩ សីហានេះ អាជ្ញាធរខណ្ឌទួលគោក នឹងសហការជាមួយក្រុមគ្រូពេទ្យចុះយកសំណាកប្រជាពលរដ្ឋនៅក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោកបន្តទៀត ដោយសារតែពួកគាត់បានពាក់ព័ន្ធទៅនឹងអ្នកមានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម