Connect with us

ព័ត៌មានជាតិ

អាជ្ញាធរប្រកាស ផាកពិន័យមិនលើកលែង ចំពោះអ្នកជិះបញ្ច្រាស នៅវិមានឯករាជ្យ រាប់ទាំងអ្នកជិះកង់

បានផុស

នៅ

អាជ្ញាធរខណ្ឌដូនពេញ បានសំណូមពរដោយទទូច សុំឲ្យប្រជាពលរដ្ឋមួយចំនួនតូច បញ្ឈប់ការធ្វើដំណើរ ដោយបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យបន្តទៀត ទោះបីធ្វើដំណើរដោយកង់ក៏ ដោយ។ ការ​សំ​ណូ​ម​ពរយ៉ាងដូច្នេះ បន្ទាប់ពីអាជ្ញាធរ នៅតែសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួនតូច នៅតែធ្វើដំណើរដោយបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ​ ជាបន្តបន្ទាប់។ ក្នុងនោះ អាជ្ញាធរបានបញ្ជាក់ថា នឹងផាកពិន័យមិនលើកលែង ចំពោះអ្នកជិះបញ្ច្រាស នៅវិមានឯករាជ្យទាំងនោះ។

ជាក់ស្ដែងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានសហការជាមួយការិយាល័​យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត និងកង់ បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ជាលទ្ធផល សរុបបានធ្វើការឃាត់បាន ចំនួន៦គ្រឿង រួមមាន៖ ​ម៉ូតូកង់បី ១គ្រឿង និងកង់ចំនួន៥គ្រឿង។ បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ បន្តតាមនីតិវិធី។

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យអ្នកសារព័ត៌មានកម្ពុជាថ្មី ដឹងនៅព្រឹក​​ថ្ងៃទី​៦ ខែកញ្ញាថា អាជ្ញាធរខណ្ឌដូនពេញ បានអនុវត្តយុទ្ធនាការ ឃាត់យានយន្ត បើកបរបញ្រ្ចាសទិស​ដៅចរាចរណ៍ នៅ​​រង្វង់មូលជុំវិញវិមានឯករាជ្យ គឺធ្វើឡើងជារៀងរាល់ថ្ងៃ ហើយគិតមកដល់ពេលនេះ មាន​រយៈពេលជាង៣ឆ្នាំ​មក​ហើយ​។ លោកថា ប្រជាពលរដ្ឋភាគច្រើន បានគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តែមានមួយចំនួនតូច នៅតែ​មិន​គោរពអនុវត្តដដែល ដោយបន្តធ្វើដំណើរបញ្រ្ចាសទិសដៅចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ពេញវុធ បានឲ្យដឹងបន្តថា អាជ្ញាធរ និងសមត្ថកិច្ច តែងតែពន្យល់ណែនាំពួកគាត់ ទោះបីធ្វើដំណើរ​ដោយ​កង់ក៏ដោយ សូមបើកបរដោយ​គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយលោកថា «យើងបានពន្យល់ប្រាប់​គាត់ថា វិមានឯករាជ្យ ទិសវាគឺដូចទិសចរាចរណ៍ដទៃអញ្ចឹង យើងត្រូវរត់ជុំវិញរង្វង់មូលវិមានឯករាជ្យ ប៉ុន្តែផ្ទុយទៅ​វិញ គាត់ជិះមកតាមផ្លូវព្រះសុរាម្រឹត មកដល់ចំណុចវិមានឯករាជ្យហ្នឹង គាត់បត់មក​កើតតែម្ដង គាត់អត់ឡើង​មក​មួយ​ជុំទេ ហើយបើគាត់មកពីភោជនីយដ្ឋានង៉នវិញ គាត់អត់ឡើងមួយជុំ ទៅខាងនាគបាញ់ទឹកទេ គាត់ជិះបញ្រ្ចាសមកតាមផ្លូវព្រះសុរាម្រឹត មកបត់ខាតកើតវិមានឯករាជ្យតែម្ដង ហើយអ្នកមកពីខាងគរុកោសល្យ ក៏បត់បញ្រ្ចាសមក អត់ព្រមឡើងមួយជុំទៅលិច បត់មកទិញស្របអត់ទេ»។

អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ច​ នឹងបន្តអនុវត្តច្បាប់ចរាចរណ៍ តឹងរ៉ឹងបន្តទៀត ដោ​យធ្វើការផាកពិន័យទៅតាមច្បាប់ ទៅ​​លើអ្នកធ្វើដំណើរ ដោយបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ ដើម្បីសណ្ដាប់ធ្នាប់​សាធា​រ​ណៈ និងរបៀបរាប់រយ ក្នុងរាជធានីភ្នំពេញ ជាពិសេសខណ្ឌដូន​ពេញ ដោយមិន​មានការអប់រំណែនាំទៀតទេ។ ជាមួយគ្នានេះ​លោក សុខ ពេញវុធ បានសំណូមពរដោយទទូ​ច សុំ​ឲ្យប្រជាពលរដ្ឋ​មួយ​ចំនួនតូច បញ្ឈប់ការធ្វើដំណើរ ដោយបញ្រ្ចាសទិសដៅចរាចរណ៍តទៅទៀត ត្រូវចូលរួមគោរព អនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម