ព័ត៌មានជាតិ
កម្ពុជា-វៀតណាម ឯកភាពពន្លឿនបញ្ចប់កិច្ចការព្រំដែននៅសល់
កម្ពុជា-វៀតណាម បានឯកភាពគ្នាពន្លឿនកិច្ចពិភាក្សាស្វែងរកដំណោះស្រាយចំពោះព្រំដែនគោក ដែលនៅសល់ចំនួន១៦ ភាគរយ។
ការឯកភាពនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ រវាងកម្ពុជា និងវៀតណាម លើកទី៧ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដែលភាគីកម្ពុជាដឹកនាំដោយលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងភាគីវៀតណាមដឹកនាំដោយលោក ង្វៀន គួកហ្ស៊ុង អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

តាមលទ្ធផលពីកិច្ចប្រជុំដែលកម្ពុជាថ្មីទទួលបាន កម្ពុជា និងវៀតណាមបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសរៀងៗខ្លួន និងអាទិភាពរបស់រដ្ឋាភិបាលដែលផ្ដោតជាចំបងទៅលើការដោះស្រាយបញ្ហារីករាលដាលសកលនៃវីរុសកូរ៉ូណា និងស្ដារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។
ភាគីទាំងពីរមានការពេញចិត្តដោយកត់សម្គាល់ឃើញថា ទោះបីជាមានបញ្ហាប្រឈមនានា បណ្ដាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅបន្តរីកលូតលាស់លើគ្រប់វិស័យ ទាំងនយោបាយ សន្តិសុខ ការឆ្លើយតបនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ពាណិជ្ជកម្ម និងវិនិយោគ អប់រំ និងវប្បធម៌ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងកិច្ចសហការរវាងក្រសួងការបរទេសទាំងពីរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការព្រំដែន ភាគីទាំងពីរបានស្វាគមន៍ពិធីផ្លាស់ប្តូរលិខិតូបករណ៍ នៃការផ្តល់សច្ចាប័នលើឯកសារច្បាប់សំខាន់ចំនួនពីរ ដើម្បីកត់ត្រាការសម្រេចបាន៨៤ ភាគរយ នៃការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរជាផ្លូវការ។ ភាគីទាំងពីរបានឯកភាព ធ្វើការពន្លឿនកិច្ចពិភាក្សាក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ចំពោះព្រំដែនគោកចំនួន ១៦ ភាគរយ ដែលនៅសល់មិនទាន់បានខណ្ឌសីមា។
ដោយឡែកលើបញ្ហាពាណិជ្ជកម្ម ទោះបីស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាក ដែលបានអូសបន្លាយដោយសារជំងឺរីករាលដាលសកលក្តី ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងជាលំដាប់ ពីចំនួន៥,២៦ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដល់៥,៣៣ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងបានកើនដល់៦,០៣ ប៊ីលានដុល្លារអាមេរិក ត្រឹមរយៈពេល៧ខែក្នុងឆ្នាំ២០២១៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ