ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ៖ អ្នកមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ-បំបៅកូន រឹតតែត្រូវការវ៉ាក់សាំងកូវីដ-១៩
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២២នេះ បានផ្ញើសារអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមកទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាដើម្បីពង្រឹងប្រព័ន្ធការពារ ពិសេសគឺក្រុមអ្នកមានជំងឺប្រចាំកាយ ក៏ដូចជាស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “ខ្ញុំសូមជម្រាបដល់បងប្អូនដែលមានជំងឺប្រចាំកាយ ក៏ដូចជាស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ សូមអញ្ជើញមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រោះក្រុមនេះជាក្រុមរឹតតែមានតម្រូវការក្នុងការទទួលវ៉ាក់សាំងកូវីដ-១៩ ជាពិសេសក្នុងការចាក់ដូសជំរុញ ឬក៏ដូសទី៣។
ប្រធានគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ រូបនេះ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់អញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ អ្នកមិនទាន់ចាក់ដូសទី១ សូមអញ្ជើញមកចាក់ អ្នកមិនទាន់ចាក់ដូសទី២ ក៏សូមអញ្ជើញមកចាក់ ជាពិសេសអ្នកដល់វេនចាក់ដូសទី៣ ឬដូសជំរុញ សូមអញ្ជើញមកចាក់ចាប់ពីពេលនេះតទៅ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល ខាងលើបានបញ្ជាក់ថា មន្ទីរសុខាភិបាល និងអាជ្ញាធររាជធានីខេត្តទាំង២៥ បានរៀបចំចាត់ចែងទីកន្លែងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងអស់ នៅតាមទីតាំង មន្ទីរពេទ្យរដ្ឋមាន មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យជាតិ ក៏ដូចជាមណ្ឌលសុខភាព ដែលមាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងអញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីពង្រឹងកងការពាររបស់ខ្លួន ជាពិសេសក្នុងបរិបទប្រយុទ្ធប្រឆាំងពពួកអូមីក្រុង។
លោកស្រីវេជ្ជបណ្ឌិត ធ្លាប់បានបញ្ជាក់ថា នៅកំឡុងចុងខែឧសភា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោកបានផ្ដល់ការណែនាំរួចទៅហើយថា វ៉ាក់សាំងដែលស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោកសុទ្ធតែជាវ៉ាក់សាំងដែលមានគុណភាព និងប្រសិទ្ធភាពប្រើប្រាស់នៅលើសរីរាង្គមនុស្ស ក្នុងនោះរួមទាំងស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះផងដែរ។ លោកស្រី លើកឡើងថា អ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រមិនទាន់រកឃើញវិបត្តិណាមួយដែលផ្ដល់ឱ្យមានផលប៉ះពាល់ទៅដល់ទារកនៅក្នុងផ្ទៃនោះទេ។ ផ្ទុយទៅវិញគេកំពុងសិក្សាបន្ថែមទៀត ដោយសារគេរកឃើញថា កាលណាយើងចាក់វ៉ាក់សាំងទៅ សរីរាង្គរបស់យើងនឹងបង្កើតបានកងការពារ អង់ទីគ័រ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២២នេះ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៥១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់។ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,១២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់។ លើកុមារអាយុ ០៥ឆ្នាំ មាន ៩៩,៨៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់។ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៩,១៤%៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?