ព័ត៌មានអន្ដរជាតិ
ក្រសួងការបរទេសអ៊ីរ៉ង់៖ អ៊ីរ៉ង់លែងខ្វល់អំពីការចរចាជាមួយ អាមេរិក
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានលើកឡើងថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ គ្មានផែនការបន្តការចរចាជាមួយអាមេរិកឡើងវិញនោះទេ ចំពេលមានការប្រឈមមុខដាក់គ្នាតាមផ្លូវយោធារវាងភាគីទាំងពីរ ក្នុងតំបន់អាស៊ីខាងលិច (មជ្ឈិមបូព៌ា)។ នេះបើយោងតាមការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ Press TV។

លោក Baghaei បានអះអាងថា បច្ចុប្បន្នទីក្រុងតេហេរ៉ង់ លែងចាត់ទុកខ្លួនឯងថាមានកាតព្វកិច្ចត្រូវអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខាជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងបញ្ចប់ជម្លោះនៅក្នុងតំបន់នោះទៀតហើយ។
លោក Baghaei បានគូសបញ្ជាក់ទៀតថា អ៊ីរ៉ង់នឹងមិនត្រឡប់ទៅរកតុចរចាវិញឡើយ ខណៈពេលដែលអាមេរិកនៅតែបន្តរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមការព្រមព្រៀង MoU កាលពីថ្ងៃទី១៧ ខែមិថុនា។ លោកក៏បានឆ្លើយតបទៅនឹងការអះអាងរបស់អាមេរិកដែលថា ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ នឹងបង្ខំឲ្យទីក្រុងតេហេរ៉ង់ត្រឡប់មកចរចាវិញនោះថា «បច្ចុប្បន្នយើងគ្មានផែនការសម្រាប់ការចរចាណាមួយឡើយ ហើយយើងកំពុងផ្តោតលើការការពារខ្លួន»។
អ្នកនាំពាក្យរូបនេះបានបន្តថា អ៊ីរ៉ង់ជឿជាក់ថា អាមេរិកបានបរាជ័យក្នុងការគោរពកាតព្វកិច្ចរបស់ខ្លួន ក្រោមការព្រមព្រៀងនេះតាំងពីដំបូងមកម្ល៉េះ ដែលវាបានរុញច្រានឲ្យទីក្រុងតេហេរ៉ង់ត្រូវពិចារណាឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនដូចគ្នា។
មិនតែប៉ុណ្ណោះ លោកបានសង្កត់ធ្ងន់ថា «MOU គឺជាសំណុំនៃការប្តេជ្ញាចិត្តទៅវិញទៅមក ហើយក្នុងករណីមានការរំលោភបំពានពីភាគីម្ខាងទៀត យើងក៏នឹងផ្អាកការបំពេញកាតព្វកិច្ចរបស់យើងដូចគ្នា។ នេះជាគោលការណ៍ ហើយផ្លូវមួយនេះនឹងត្រូវអនុវត្តតាមចាប់ពីពេលនេះតទៅ។ ភាគីម្ខាងទៀត (អាមេរិក) បានបង្ហាញពីចេតនាមិនល្អ និងការក្បត់ពាក្យសន្យាចាប់តាំងពីប្រការដំបូងបង្អស់នៃ MoU មកម៉្លេះ»។
ការលើកឡើងរបស់លោក ធ្វើឡើងចំពេលដែលអាមេរិកនៅតែបន្តការវាយប្រហារតាមផ្លូវយោធាលើតំបន់ឆ្នេរភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ប្រតិបត្តិការទាំងនេះមានគោលបំណងកាត់បន្ថយសមត្ថភាពយោធារបស់អ៊ីរ៉ង់ ដែលខ្លួនចោទប្រកាន់ថាអាចនឹងត្រូវប្រើប្រាស់ដើម្បីគំរាមកំហែងដល់នាវាពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Hormuz។
ទោះជាយ៉ាងណា អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយរក្សាជំហរថាការទទួលខុសត្រូវលើការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ច្រក Hormuz ត្រូវបានប្រគល់ជូនទីក្រុងតេហេរ៉ង់ ក្រោមប្រការ៥ នៃកិច្ចព្រមព្រៀង MoU ដែលមាន ១៤ចំណុចរវាងប្រទេសទាំងពីរ។
គួរជម្រាបថា ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីប្រតិបត្តិការយោធារបស់អាមេរិកបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិសមុទ្ររបស់អ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់ក៏បានបើកការវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ផងដែរ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ក្នុងជម្លោះដ៏កក្រើកជាមួយអាមេរិក លោក Ghalibaf ថា គ្មានហេតុផលអនុវត្ត MoU បើគ្មានផលចំណេញសម្រាប់អ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


