Connect with us

ព័ត៌មានអន្ដរជាតិ

តើ UN អាចធ្វើអ្វីបាន បើមហាអំណាចធំៗគឺ ចិន និងអាមេរិក មិនចុះសម្រុងគ្នាបែបនេះ?

បានផុស

នៅ

សន្តិសុខពិភពលោកកំពុងស្ថិតក្នុងភាពរង្គោះរង្គើយ៉ាងខ្លាំង ខណៈដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានក្លាយជាសមរភូមិសង្គ្រាមពាក្យសម្តីយ៉ាងស្រួចស្រាវរវាងអាមេរិក និងចិន ជុំវិញការផ្ទុះឡើងនៃជម្លោះយោធារវាងអាមេរិក និងអ៊ីរ៉ង់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters និងគេហទំព័រផ្លូវការ United Nations News

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតអាមេរិក លោក Mike Waltz បានចោទប្រកាន់ចំៗថា ក្រុមហ៊ុន និងអង្គភាពមួយចំនួនរបស់ចិន បានរំលោភលើទណ្ឌកម្មរបស់ UN ដោយការលួចផ្គត់ផ្គង់ទំនិញដែលអាចប្រើប្រាស់បានពីរផ្លូវ (យោធា និងស៊ីវិល) ព្រមទាំងផ្តល់ទិន្នន័យរូបភាពផ្កាយរណបទៅឲ្យអ៊ីរ៉ង់ និងក្រុមហ៊ូធី យកទៅប្រើប្រាស់ក្នុងគោលបំណងវាយប្រហារយោធា។

ជាការឆ្លើយតបភ្លាមៗ ឯកអគ្គរដ្ឋទូតចិន លោក Sun Lei បានបដិសេធការចោទប្រកាន់នេះថាគ្មានមូលដ្ឋាន រួចបានវាយបកទៅវ៉ាស៊ីនតោនវិញចំៗថា អាមេរិកខ្លួនឯងទេដែលជាអ្នករុញច្រានតំបន់មជ្ឈិមបូព៌ាឲ្យធ្លាក់ចូលទៅក្នុង «ជ្រោះដ៏គ្រោះថ្នាក់»។

នៅក្នុងនោះផងដែរ ចិនបានសង្កត់ធ្ងន់ថា អាមេរិកបានបើកការវាយប្រហារយោធាលើអ៊ីរ៉ង់ទាំងបំពាន ដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ UN និងបានធ្វើឡើងក្នុងពេលដែលការចរចាកំពុងដំណើរការ ដែលទង្វើឯកតោភាគីនេះកំពុងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពទាំងស្រុង។

នៅក្នុងស្ថានភាពអាក្រក់ដែលមហាអំណាចទាំងពីរប្រើប្រាស់អំណាច និងសិទ្ធិវេតូ ជាន់ជើងគ្នាបែបនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញមុខអំពាវនាវជាបន្ទាន់ឲ្យមានការបន្ធូរបន្ថយភាពតានតឹង ព្រមទាំងព្រមានថា ការវិលត្រឡប់ទៅរកសង្គ្រាមពេញទំហឹងនឹងបង្កវិនាសកម្មដែលមិនអាចប៉ាន់ស្មានបានដល់ជីវិតប្រជាស៊ីវិល និងសេដ្ឋកិច្ចពិភពលោកទាំងមូល។

ទោះបីជាមានភាពទាល់ច្រកផ្នែកនយោបាយកម្រិតកំពូលក៏ដោយ ក៏យន្តការស្នូលរបស់ UN នៅតែអាចបន្តធ្វើសកម្មភាពមួយចំនួនដើម្បីទប់ស្កាត់ការផ្ទុះសង្គ្រាមលោកបាន តាមរយៈការងាកទៅប្រើប្រាស់ «មហាសន្និបាត» ដើម្បីអនុម័តសេចក្តីសម្រេចចិត្តរួមដែលមិនរងឥទ្ធិពលពីសិទ្ធិវេតូ ទោះបីជាសេចក្តីសម្រេចនោះគ្មានកម្លាំងបង្ខំតាមច្បាប់ ប៉ុន្តែវាមានទម្ងន់នយោបាយ និងសីលធម៌ខ្ពស់ក្នុងការដាក់សម្ពាធអន្តរជាតិ។ បន្ថែមលើនេះ តួនាទីការទូតមិនចំហរ របស់អគ្គលេខាធិការ UN នៅតែដើរតួជាស្ពានចម្លងទំនាក់ទំនងសម្ងាត់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដើម្បីការពារកុំឲ្យមានការយល់ច្រឡំផ្នែកយោធាណាមួយរហូតដល់ភ្លើងសង្គ្រាមរាលដាលខ្លាំង។

ទន្ទឹមនឹងភាពតានតឹងផ្នែកយោធា គេសង្កេតឃើញថា អង្គការសហប្រជាជាតិនៅតែជាវេទិកាតែមួយគត់ដែលអាចបង្ខំឲ្យមហាអំណាចទាំងពីរអង្គុយចុះសម្រុះសម្រួលគ្នាក្នុងរឿងផលប្រយោជន៍សកល ជាក់ស្តែងដូចជា មហាសន្និបាតទើបតែបានអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចចិត្តស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិលើការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិត (AI) ដែលជាសំណើដើមផ្ដួចផ្ដើមដោយចិន ហើយអាមេរិកក៏បានចូលរួមគាំទ្រនៅនាទីចុងក្រោយផងដែរ។

យ៉ាងណាមិញ ទោះបីជាចិន និងអាមេរិកមិនចុះសម្រុងគ្នាយ៉ាងណាក៏ដោយ ក៏ប្រព័ន្ធរបស់ UN នៅតែជាឧបករណ៍ការទូតតែមួយគត់សម្រាប់ទប់ទល់នឹងការដួលរលំនៃសណ្តាប់ធ្នាប់អន្តរជាតិ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

តំណាង​ចិន និង អាមេរិក ប៉ះសម្តីគ្នាយ៉ាងក្តៅគគុកនៅ ​ឯកិច្ចប្រជុំ​​ក្រុមប្រឹក្សា​សន្តិសុខ​ UN
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម