Connect with us

ព័ត៌មានអន្ដរជាតិ

មិនតា​មសម្តី លោក ត្រាំ! អ៊ីស្រាអែល​ប្រកាស​ បន្តរក្សា​ទ័ព​នៅលីបង់ និងស៊ីរី ដដែល

បានផុស

នៅ

នាយក​រដ្ឋ​មន្ត្រីអ៊ីស្រាអែល លោក បេន​ចាមីន​ ណេតាន់​យ៉ាហ៊ូ បាន​បដិសេធ​ ចំពោះ​ការ​ទាមទាររបស់សហរដ្ឋអាមេរិក លើ​ការ​ដកទ័ព​ចេញ​ពី​លីបង់​និង​ស៊ីរី ដោយ​អះអាងថា ការរក្សាកង​កម្លាំងអ៊ីស្រាអែល​នៅក្នុងប្រទេស​ទាំង​ពីរ​ គឺមានសារៈសំខាន់​សម្រាប់សន្តិសុខ​ព្រំដែន ​ហើយ​អ៊ីស្រាអែលត្រូវ​តែរក្សាតំបន់​សន្តិសុខ​ក្នុងទឹកដីទាំង​នោះ​ ដើម្បី​ការពារការវាយប្រហារនា​ពេលអនាគត។

ដោយ​ឡែក លោក Israel Katz រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ីស្រាអែល បានប្រាប់សមភាគី​អាមេរិក​ គឺលោក Pete Hegseth នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល​ប្តេជ្ញារក្សាកងកម្លាំង​នៅក្នុង «តំបន់សន្តិសុខ» ដែល​ខ្លួនបាន​បំបែកចេញ​ក្នុងប្រទេសលីបង់ ស៊ីរី និងតំបន់ហ្គាហ្សា​។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់​ លោក Katz និយាយថា៖ « រដ្ឋមន្ត្រីបាន​សង្កត់ធ្ងន់​លើការប្តេជ្ញាចិត្ត​របស់អ៊ីស្រាអែលក្នុងការ​បន្ត​ស្ថិត​នៅក្នុងតំបន់សន្តិសុខនៅក្នុង​ប្រទេសស៊ីរី តំបន់ហ្គាហ្សា និងលីបង់ ដើម្បីការពារព្រំដែន​អ៊ីស្រាអែល និងសហគមន៍នៅ​ជិតព្រំដែនពីការគំរាមកំហែងដែលបង្កឡើងដោយកងកម្លាំង​ជីហាដ»។

លោក Katz បាន​និយាយថា៖ « យើងមិនដែលស្នើសុំឱ្យសហរដ្ឋអាមេរិក​ធ្វើសកម្មភាពនៅកន្លែងរបស់យើងតាមបណ្តោយព្រំដែនរបស់យើងទេ»។

មតិយោបល់របស់​លោក​បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានស្នើសុំឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដកកងកម្លាំងអ៊ីស្រាអែលចេញពីប្រទេសស៊ីរី និងលីបង់ ​នេះបើយោងតាមសារព័ត៌មានអាមេរិក Axios ។

កងកម្លាំង​អ៊ីស្រាអែល។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែលក៏​បានធ្វើការឈ្លានពានម្តងហើយម្តងទៀត​ចូលទៅក្នុងទឹកដីស៊ីរី​ ​ក៏ដូចជាការទម្លាក់គ្រាប់​បែក ហើយនិយាយថា ខ្លួនចង់បានតំបន់​គ្មានយោធា​នៅភាគខាងត្បូងនៃប្រទេស។ ​

នៅក្នុងប្រទេសលីបង់ កងកម្លាំងអ៊ីស្រាអែលនៅ​តែដាក់ពង្រាយ​​លើ​តំបន់សន្តិសុខ​ដែលលាតសន្ធឹង​ប្រហែល ១០​គីឡូម៉ែត្រចូលក្នុងទឹកដីលីបង់។ ​លីបង់ និងអ៊ីស្រាអែល ​មិន​មានទំនាក់ទំនងជាផ្លូវការ​ជា​មួយ​គ្នាទេ ហើយ​ក៏​កំពុងចូលរួមក្នុងការចរចាដើម្បីបញ្ចប់អរិភាព ​បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេសបូឡា បានទាញ​លីបង់​ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដោយវាយប្រហារ​អ៊ីស្រាអែលក្នុងខែ​មីនា៕

សម្រួល៖ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម