ព័ត៌មានជាតិ
រមណីយដ្ឋាន “ទឹកធ្លាក់ភ្នំ៥៣” ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ជាទីតាំងដ៏មានសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៏យ៉ាងខ្លាំង
រមណីយដ្ឋាន “ទឹកធ្លាក់ភ្នំ៥៣” ដែលស្ថិតនៅលើកំពូលភ្នំ៥៣ ក្នុងតំបន់ជួរភ្នំព្រឹក នៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានទឹកជ្រោះហូរបែកផ្កាត្រែង ធ្លាក់ពីលើកំពូលភ្នំលាន់រំពងព្រៃ ចុះទៅផ្នែកខាងក្រោមកំពស់ប្រហែលជាង២០០ម៉ែត្រ ជាតំបន់ទេសចរណ៍ធម្មជាតិមួយគួរឲ្យទាក់ទាញយ៉ាងខ្លាំង ហើយបាននឹងកំពុងបង្ហាញសម្រស់ បង្អួតភ្ញៀវទេសចរឱ្យមកកម្សាន្តជាបន្តបន្ទាប់ បើទោះបីជាតំបន់នេះ ទើបបើកដំណើរការក៏ដោយ។

បើចង់ធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍មួយនេះ ភ្ញៀវទេសចរអាចចេញពីក្រុងបាត់ដំបង តាមផ្លូវទៅបវេល ត្រង់ផ្លូវបំបែកថ្មគោល ដែលមានចម្ងាយប្រហែល១៣២ គ.ម ឬក៏យើងអាចធ្វើដំណើរកាត់តាមខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណ១៥៥គ.ម តាមផ្លូវក្រវាត់ព្រំដែន ត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យើងនឹងឃើញមានស្លាកសញ្ញាទឹកធ្លាក់៥៣ នៅខាងឆ្វេងដៃ ហើយបត់ចូលទៅដល់ទីតាំងភ្នំ៥៣ ត្រឹមតែជាង២គីឡូម៉ែត្រទៀតតែប៉ុណ្ណោះ។

ទីនេះមានភ្ញៀវទេសចរមកលេងកើនឡើងជារៀងរាល់ថ្ងៃមិនដែលដាច់។ ចំណុចពិសេសនៅទីនេះ ដែលកំពង់ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាកម្សាន្ត គឺមានទឹកធ្លាក់ ខ្យល់អាកាសបរិសុទ្ធ និងអាចមើលទេសភាពធម្មជាតិពីលើកំពូលភ្នំផងដែរ ហើយភ្ញៀវទេសចរ ដែលធ្លាប់មកកម្សាន្ត បានសម្តែងការចាប់អារម្មណ៍ថា ពិតជាជក់ចិត្ត មិនចាញ់ទៅលេងនៅប្រទេសជិតខាងនោះទេ។

រមណីយដ្ឋាន “ទឹកធ្លាក់ភ្នំ៥៣” ក្រៅពីទឹកធ្លាក់, ទេសភាពធម្មជាតិ, ខ្សល់អាកាសបរិសុទ្ធ, រមណីយដ្ឋានភ្នំ៥៣ មានរូងមួយ ជាកន្លែងទីសក្ការៈបូជា ដែលបន្សល់ទុកជាយូរណាស់មកហើយ។ រូងនេះធ្លាប់ជាកន្លែងដែលដូនជី ឬអ្នកកាន់សីលនានាមកពីទីជិតឆ្ងាយ មកតាំងសមាធិ ឬសូត្រធម៌ ហើយអ្នកស្រុកនៅទីនោះដំណាលថា ពួកគាត់បានតោងថ្មចុះជម្រៅប្រមាណ១៥ម៉ែត្រ ដល់ល្អាងមួយដែលមានទីធ្លាប្រមាណ២០ម៉ែត្រ និងមានសីតុណ្ហភាពត្រជាក់ស្រេប។ បច្ចុប្បន្ន រូងនេះ កំពុងធ្វើការរៀបចំឱ្យមានជណ្តើរចុះជម្រៅ១៥ម៉ែត្រ សម្រាប់ភ្ញៀវទេសចរមកកម្សាន្ត និងអុជធូបទៀន គោរពបូជាក្នុងល្អាង ដ៏ត្រជាក់មួយនេះ ។

លោក អ៊ុចអ៊ុំ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានថ្លែងប្រាប់កម្ពុជាថ្មីថា ទឹកធ្លាក់ភ្នំ៥៣នេះ មានយូរហើយ តែអ្នកគ្រប់គ្រងតំបន់នេះ ទើបរៀបចំឲ្យមានភ្ញៀវចូលមកកម្សាន្ត។ លោកថា ដោយសារតែទឹកធ្លាក់នេះមានអំណោយផល ក្នុងការទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំងក្លា យើងមិនគួរទុកចោលទេ ដូច្នេះហើយទើបខាងមន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរខេត្ត ជាពិសេសក្រសួងទេសចរណ៍បានជំរុញឲ្យម្ចាស់ដែនដី មានការរៀបចំធ្វើសួនច្បារ ធ្វើផ្លូវចូល និងរៀបចំឲ្យមានចំណតយានយន្ត ដើម្បីស្វាគមន៍ភ្ញៀវ។

បើនិយាយអំពីសក្ដានុពល លោក អ៊ុចអ៊ុំ ភីនីស្សារ៉ា អះអាងថា តំបន់ទេសចរណ៍ធម្មជាតិ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រមួយនេះ មានសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំងបំផុត។ បើយើងនិយាយពីការចាប់ផ្ដើម នៃផ្លូវចូលទៅកាន់រមណីយដ្ឋាននេះ ដំបូងយើងនឹងបានឃើញតំបន់រុករករ៉ែមាស ដែលពលរដ្ឋ និងក្រុមហ៊ុនកំពុងធ្វើអាជីវកម្មសព្វថ្ងៃ ទិដ្ឋភាពដ៏ស្រស់បំព្រង នៃជួរភ្នំព្រឹក ដំណាំកសិកម្មនៅអមសាងខាងផ្លូវ ទាំងនៅលើភ្នំ ទាំងនៅតាមដងផ្លូវចូលទៅកាន់រមណីយដ្ឋាន ដែលមានលក្ខណៈជាជ្រលងភ្នំ។

លោក ភីនីស្សារ៉ា បានបញ្ជាក់ថា ពិតមែនតែរមណីយដ្ឋាន “ទឹកធ្លាក់ភ្នំ៥៣” នេះ ទើបនឹងចាប់ផ្ដើមធ្វើការអភិវឌ្ឍន៍បានជិតកន្លះឆ្នាំកន្លងទៅនេះ តែម្ចាស់រមណីយដ្ឋាននេះ ជាមួយនឹងដៃគួរ ហាក់បានប្រឹងប្រែងធ្វើឲ្យមានការរីកចំរើនយ៉ាងខ្លាំង និងមានទិដ្ឋភាពស្រស់ស្អាតបំផុត។ ដូច្នេះលោករំពឹងថា នៅថ្ងៃអនាគតរមណីយដ្ឋាន “ទឹកធ្លាក់ភ្នំ៥៣” នេះនឹងទទូលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យធ្វើដំណើរទៅទស្សនាកម្សាន្ត៕
ដោយ ៖ កោះកែវ





-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង