ព័ត៌មានជាតិ
លោក ប្រាជ្ញ ចន្ទ ស្នើឲ្យភាគីពាក់ព័ន្ធបង្កើនកិច្ចសហការ ដើម្បីធានាឱ្យការ បោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ និងគ្មានអំពើហិង្សា
លោក ប្រាជ្ញ ចន្ទ លើកឡើងបែបនេះ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាស លទ្ធផលនៃការបោះឆ្នោត” រយៈពេល៣ថ្ងៃជូនដល់មន្ត្រីនៃនាយកដ្ឋាន អង្គភាពចំណុះឱ្យអគ្គលេខាធិការដ្ឋាន គ.ជ.ប តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀត នាល្ងាចថ្ងៃទី០៤ ខែឧសភា នេះ។

ថ្លែងនៅក្នុងពិធីនោះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ដើម្បីឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងមានការទទួលស្គាល់ពីភាគីពាក់ព័ន្ធ គ.ជ.ប បានកសាងប្រតិទិន និងផែនការមេ សម្រាប់អនុវត្តការងារតាមដំណាក់កាលនីមួយៗ ជាពិសេសការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលជាឯកសារគតិយុត្តដ៏សំខាន់មួយសម្រាប់ការអនុវត្តបច្ចេកទេសជាក់ស្តែង ។

លោកបន្តថា ដោយផ្អែកលើបទពិសោធន៍នៃការបោះឆ្នោតកន្លងមក គ.ជ.ប បានដាក់បន្ថែមបទប្បញ្ញត្តិមួយចំនួនឱ្យស្របនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងការដាក់បញ្ចូលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជាជំនួយដល់ការរៀបចំ និងការគ្រប់គ្រងការបោះឆ្នោតឱ្យកាន់តែល្អប្រសើរ មានតម្លាភាព និងមានសុក្រិតភាពថែមមួយកម្រិតទៀតដែលក្នុងនោះរួមមាន: កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ, កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត, កម្មវិធីគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត។
បើតាមលោក ប្រាជ្ញ ចន្ទ ការឃោសនាបោះឆ្នោត មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ លោកថា ផ្អែកតាមបទពិសោធន៍ក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត គ.ជ.ប ត្រូវបង្កើនកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ពិសេសបង្កើនការយកចិត្តទុកដាក់ ខិតខំជំរុញឱ្យដំណើរការនៃការ-ឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយគ្មានការគម្រាមកំហែង គ្មានអំពើហិង្សា និងជៀសវាងឱ្យបាននូវបាតុភាព ឬការបង្កឱ្យមានការរំខានណាមួយ ហើយ ឯកឧត្តម ក៏បានសំណូមពរឱ្យគណបក្ស នយោបាយគោរពឱ្យបានតាមកម្មវិធីឃោសនាដែលបានឯកភាពគ្នារួចជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ។
ចំពោះដំណាក់កាលនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការ បោះឆ្នោត លោក ប្រាជ្ញ ចន្ទ ក៏បានលើកឡើងដែរថា គ.ជ.ប បាននឹងកំពុងធ្វើការបណ្តុះបណ្តាលដល់មន្ត្រីបោះឆ្នោត គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពយល់ដឹងច្បាស់លាស់ អំពីបទបញ្ជា និងនីតិវិធី ទាំងផ្នែកទ្រឹស្តី ទាំងការអនុវត្តជាក់ស្តែង និងជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជាជំនួយសម្រាប់ការគ្រប់គ្រង ការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និង កម្មវិធីគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត។

ពាក់ព័ន្ធនឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានសុំឱ្យមានការផ្សព្វផ្សាយទូលំទូលាយជាបន្តទៀត ជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រើសម្រាប់បោះឆ្នោត ដោយពួកគាត់ត្រូវស្នើសុំធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត ដែលមាន រយៈពេល ៣០ ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕
ដោយ ៖ កោះកែវ





-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


