KPT+
៣ វិធានការ នាយកសាលា អាចគ្រប់គ្រងការប្រើប្រាស់ទូរសព្ទរបស់សិស្ស មានប្រសិទ្ធភាព
ការប្រើប្រាស់ទូរសព្ទខុសទិសដៅរបស់សិស្សានុសិស្សនាបច្ចុប្បន្ននេះ បានធ្វើឱ្យលទ្ធផលនៃការសិក្សារបស់សិស្សមួយចំនួនធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ បណ្ដានាយកវិទ្យាល័យបានចាត់វិធានការមួយចំនួន ដើម្បីទប់ស្កាត់នូវបញ្ហាទាំងនេះ។

លោក ហុង អេងគាំង នាយកវិទ្យាល័យ ២៨ មករា ស្ថិតនៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា បញ្ហានៃការប្រើប្រាស់របស់សិស្សនាបច្ចុប្បន្ននេះ ប្រសិនបើសិស្សប្រើក្នុងន័យសិក្សា គឺសង្កេតឃើញថាការសិក្សារបស់ពួកគេទទួលបានលទ្ធផលល្អដដែល។ ប៉ុន្តែប្រសិនបើសិស្សានុសិស្សប្រើដោយគ្មានការគ្រប់គ្រងបានល្អទេ លទ្ធផលការរៀនសូត្រមានការធ្លាក់ចុះខ្លាំងជាងមុនមានកូវីដ-១៩។ ក្នុងនោះ ក៏មានសិស្សមួយចំនួនលួចលេងទូរសព្ទនៅម៉ោងរៀន នៅពេលគ្រូចាប់បាន ហៅមកទូន្មាន សិស្សខ្លះបានប្រកែកទាំងមានអ្នកឃើញថា គេកំពុងលេងហ្គេម សិស្សខ្លះគេចសាលាដើម្បីជុំគ្នាលេងហ្គេម។

លោកនាយក ហុង អេងគាំង មានប្រសាសន៍ថា៖ “មុនកើតកូវីដ សាលាខ្ញុំមិនអនុញាតិឱ្យសិស្សយកទូរសព្ទចូលសាលាទេ តែដោយសារកូវីដ តម្រូវឱ្យពួកគេរៀនតាមទូរសព្ទ ចឹង (អ៊ីចឹង) ហើយ ក្មេងៗជាពិសេសទី៧ដល់ទី៩ ពិបាកគ្រប់គ្រង ព្រោះពួកគាត់នៅក្មេង ហើយបានប្រើទូរសព្ទលើកដំបូង ធ្វើឱ្យញៀន។ សិស្សខ្លះ ខ្ញុំឃើញគេចម៉ោងទៅលេងហ្គេម ខ្ញុំដើរទៅជិតហើយថតរូបពួកគេ នៅមិនដឹងខ្លួនផង”។
លោកនាយក បានដោះស្រាយបញ្ហានេះជាបីដំណាក់ការ ទី១ ហៅសិស្សមកសួរនាំ ព្រមទាំងទូន្មាន ទី២ ប្រសិនបើសិស្សានុស្សនៅតែបន្តអនុវត្ត នោះខាងសាលានឹងចាប់ទូរសព្ទទុក ជាការព្រមាន និង ចុងក្រោយ ទី៣ ហៅអាណាព្យាបាលមកធ្វើកិច្ចសន្យាជាមួយសាលា ព្រមទាំងឱ្យអាណាព្យាបាលជួយសហការជាមួយសាលាទៀតផង។

លោកនាយក វិទ្យាល័យ ២៨មករា រូបនេះ សំណូមពរទៅដល់គ្រូបង្រៀនគ្រប់កម្រិតទាំងអស់ គួរយកចិត្តទុកដាក់រឹតបន្តឹងវិន័យនៅក្នុងថ្នាក់រៀនឱ្យបានល្អ ជៀសវាងការលួចប្រើទូរសព្ទក្នុងម៉ោងសិក្សា។ អាណាព្យាបាលសិស្ស ក៏មានកាតព្វកិច្ចសំខាន់ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហានេះ ដោយពួកគាត់មិនត្រូវធ្វេសប្រហែសជាមួយកូនៗឡើយ ទោះបីជារវល់ជាមួយកិច្ចការ ឬជំនួញយ៉ាងណាក៏ដោយ។
ចំណែកលោក ម៉ែន ប៊ុនយឿន ជានាយកវិទ្យាល័យ ហ៊ុនសែន អង្គចក ស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត ក៏មានកង្វល់ជុំវិញបញ្ហានេះដូចគ្នា ដោយលោកបានមានប្រសាសន៍ “កម្ពុជាថ្មី” ថា ក្នុងបរិបទកូវីដ-១៩ សាលាមិនអាចហាមសិស្សមិនឱ្យមានការប្រើប្រាស់ទូរសព្ទក្នុងសាលា ឬថ្នាក់រៀនបានឡើយ ព្រោះជាតម្រូវការ សិស្សត្រូវការរៀនតាមប្រព័ន្ធអេឡិចត្រូនិច ប៉ុន្តែ (ទី១) គ្រូនីមួយៗហ្មត់ចត់ចំពោះការប្រើប្រាស់ទូរសព្ទរបស់សិស្សក្នុងម៉ោងសិក្សា។ ប្រសិនបើមិនទាក់ទងជាមួយនឹងការសិក្សា គ្រូមិនអនុញ្ញាតឱ្យសិស្សដកទូរសព្ទប្រើឡើយ ទោះបីជាថតចម្លងឯកសារមេរៀនក៏ដោយ។ ពួកគេត្រូវកត់ត្រាមេរៀនដោយសរសេរផ្ទាល់ដៃ ទើបជួយឱ្យសិស្សចាំមេរៀនបានល្អ។

លោកនាយក ម៉ែន ប៊ុនឈឿន មានប្រសាសន៍ថា៖ “សិស្សមានការលួចលេងទូរសព្ទពេលរៀនដែរ តែមិនសូវជាច្រើនប៉ុន្មានទេ ភាគច្រើនកើតឡើងលើសិស្សទី៧ ទី៨ ព្រោះពួកគេក្មេងៗ និយាយពិបាកស្តាប់គ្នាណាស់។ បើសិស្សទី១០ ដល់ទី១២ មិនអីទេ ពួកគេចេះគ្រប់គ្រងការលេងទូរសព្ទបានគ្រាន់បើ ព្រោះធំៗចេះប្រកួតប្រជែង អ៊ីចឹងពួកគេមិនហ៊ាន ធ្វើអីខុសវិន័យទេ”។
លោកនាយកបានមានប្រសាសន៍ថែមថា ចំពោះសិស្សដែលញៀនហ្គេមខ្លាំង គឺមុខដដែលៗ (ទី២) លោកនឹងហៅពួកគេមកជុំគ្នា ព្រមទាំងណែនាំឈប់ឱ្យលេង ប្រសិនបើឃើញលេងហ្គេមទៀត (ទី៣) លោកនឹងហៅអាណព្យាបាលមកសាលា ដូច្នេះគ្មានសិស្សានុសិស្សណាហ៊ានលួចលេងទៀតនោះទេ។ ចំពោះការគេចម៉ោងរៀនដើម្បីលេងទូរសព្ទក្នុងសាលា ក៏មិនឃើញមានដែរ ការចាប់ទូរសព្ទយកមកទុកក៏មិនធ្លាប់ចាប់ឡើយ ព្រោះនៅពេលដែលលោកហៅសិស្សមកណែនាំ ពួកគេមិនសូវហ៊ានប្រព្រឹត្តទៀតឡើយ។

លោកនាយក ម៉ែន ប៊ុនឈឿន មានប្រសាសន៍ថា៖ “បើគេចរៀនហើយលេងហ្គេមក្នុងសាលា គឺអត់មានទេ។ បើខ្ញុំឃើញ គឺរឿង (បង្ក្រាប) តែម្តង តែបើក្រៅសាលាក៏ខ្ញុំមិនដឹងដែរ ព្រោះខ្ញុំបានហាមហើយ កុំឱ្យឃើញលួចលេងនៅក្នុងសាលាឱ្យសោះ ម៉ោងរៀនដឹងរៀន ម៉ោងលេងដឹងលេង កុំឱ្យខ្ញុំចាប់បាន”។
នាយកវិទ្យាល័យ ហ៊ុន សែន អង្គចក បានសំណូមពរទៅដល់សិស្សានុសិស្ស ឱ្យយកចិត្តទុកដាក់រៀនសូត្រឱ្យបានល្អ ត្រូវប្រើទូរសព្ទឱ្យមានប្រយោជន៍ចំពោះការសិក្សា។ ចំពោះលោកគ្រូអ្នកគ្រូ ត្រូវមានវិន័យឱ្យតឹងតែងចំពោះករណីនេះ។ ចំណែកអាណាព្យាបាល គួរយកចិត្តទុកដាក់តាមដានការសិក្សា និងការប្រើប្រាស់ទូរសព្ទរបស់កូនឱ្យបានត្រឹមត្រូវ។
យោងតាមការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា ទម្លាប់មើលទូរសព្ទច្រើនហួសហេតុ គឺវាបានបង្កនូវផលប៉ះពាល់ដំណេក ដូចជាការដេកមិនលក់ ជាពិសេសគឺនឹងបង្កផលប៉ះពាល់ធ្ងន់ដល់ភ្នែក។ ជាមួយគ្នានេះ ពន្លឺភ្លើងទូរសព្ទ គឺវាបានបង្កបញ្ហាទៅលើសុខភាពរាងកាយ និងជំងឺភ្នែកឡើងបាយ ការធ្លាក់ចុះសមត្ថភាពភ្នែក ព្រមទាំងមានហានិភ័យខ្ពស់នៃការកើនឡើងនៃជំងឺមហារីក។ បញ្ហាទាំងនេះ ប៉ះពាល់ខ្លាំងចំពោះកុមារ និងយុវជន ដែលជាវ័យក្មេងខ្លី និងកំពុងលូតលាស់ ប្រសិនពួកគេញៀន ឬប្រើប្រាស់ទូរសព្ទខុសទិសដៅ និងលើសកំណត់៕
អត្ថបទ៖ អុន ស្រីមាន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


