Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ៖ កម្មវិធីផ្ដល់អាហារតាមសាលារៀនជាយន្តការដ៏មានប្រសិទ្ធភាព កាត់បន្ថយគម្លាតសិក្សារវាងសិស្សទីក្រុង និងជនបទ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា កម្មវិធីផ្ដល់អាហារតាមសាលារៀន និងអាហារូបករណ៍ គឺជាយន្តការសង្គមដ៏សំខាន់មួយក្នុងការគាំទ្រដល់ការសិក្សា សុខភាព និងអាហារូបត្ថម្ភរបស់សិស្ស ជាពិសេសកុមាររស់នៅតំបន់ជនបទ និងគ្រួសារក្រីក្រ ហើយក៏ជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយគម្លាតសិក្សារវាងសិស្សទីក្រុង និងជនបទ ដើម្បីជំរុញបាននូវការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសម្ពោធ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការសកម្មភាពអនុវត្តគោលនយោបាយស្ដីពីការផ្ដល់អាហារតាមសាលារៀន ឆ្នាំ ២០២៤-២០៣០” កាលពីរសៀលថ្ងៃទី ២៣ មីនា លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា កម្មវិធីផ្ដល់អាហារតាមសាលារៀន គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលធនមនុស្សក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥ និងត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី ៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា បច្ចុប្បន្ន កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានអនុវត្តដោយផ្ដោតលើសសរស្តម្ភសំខាន់ៗ ៥ រួមមាន ៖ (១)ការលើកកម្ពស់គុណភាពអប់រំ និងការចូលរៀន។ (២)ការកែលម្អសុខភាព និងអាហារូបត្ថម្ភកុមារ។ (៣)ការលើកកម្ពស់វិស័យកសិកម្ម និងសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការប្រើប្រាស់កសិផលក្នុងសហគមន៍។ (៤)ការលើកកម្ពស់សមភាពយេនឌ័រ និងប្រព័ន្ធគាំពារសង្គម និង (៥)ការពង្រឹងការចូលរួម និងភាពជាដៃគូរបស់សហគមន៍។ ផែនការសកម្មភាពនេះ នឹងក្លាយជាមគ្គុទ្ទេសក៍ដ៏ប្រសើរលើការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលា ដែលទាមទារឱ្យមានការចូលរួមគាំទ្រការអនុវត្តយ៉ាងពេញទំហឹងពីគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងសហគមន៍ មានលទ្ធភាពផ្ដល់អាហារជូនដល់សិស្សានុសិស្សនៅតាមសាលារៀនសាធារណៈ ដោយប្រើប្រាស់ធនធានក្នុងសហគមន៍ផ្ទាល់។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ផែនការសកម្មភាពអនុវត្តគោលនយោបាយស្ដីពីការផ្ដល់អាហារតាមសាលារៀននាពេលនេះ នឹងត្រូវប្រើប្រាស់ជាផែនទីចង្អុលបង្ហាញមាគ៌ាឆ្ពោះទៅការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍កាន់តែមានប្រសិទ្ធភាព ព្រមទាំងជំរុញលើកទឹកចិត្តឱ្យចូលរួមកាន់តែទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ ទាំងនៅកម្រិតជាតិ កម្រិតតំបន់ និងសកល។

គិតត្រឹមដើមឆ្នាំ ២០២៦ នេះ កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បាននិងកំពុងអនុវត្តតាមសាលារៀនគោលដៅចំនួន ១ ១១៤ ដែលមានសិស្សទទួលផលសរុបជាង ៣០ ម៉ឺននាក់ នៅតំបន់មានភាពងាយរងគ្រោះ និងអសន្តិសុខស្បៀង។

បើតាមរបាយការណ៍ក្រុមប្រឹក្សាជាតិ គាំពារសង្គម សាលារៀនគោលដៅចំនួន ៨១៦ សាលា ដែលមានសិស្សទទួលផលប្រមាណ ២៣ ម៉ឺននាក់ បានអនុវត្តដោយប្រើប្រាស់ថវិកាជាតិ ខណៈសាលាចំនួន ២៩៨ សាលាផ្សេងទៀត កំពុងអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP)។

កម្មវិធីនេះ កំពុងត្រូវបានអនុវត្តតាមបណ្ដាខេត្តចំនួន ១០ រួមមាន ៖ ខេត្តសៀមរាប , កំពង់ធំ , ព្រះវិហារ , បាត់ដំបង , ស្ទឹងត្រែង , បន្ទាយមានជ័យ , កំពង់ចាម , កំពង់ឆ្នាំង , ពោធិ៍សាត់ , និងឧត្តរមានជ័យ ដោយមានសិស្សានុសិស្សទទួលផលសរុបចំនួនប្រមាណ ៣០ ម៉ឺននាក់។ កម្មវិធីនេះ បានរួមចំណែកដ៏សំខាន់ក្នុងការកសាងមូលធនមនុស្ស តាមរយៈការផ្ដល់អាហារពេលព្រឹកដល់កុមារនៅតាមសាលាបឋមសិក្សាគោលដៅខាងលើ។

គួរបញ្ជាក់ថា កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ត្រូវបានចាប់អនុវត្តចាប់តាំងពីឆ្នាំ ១៩៩៩ មក ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្ដល់អាហារចម្អិនក្ដៅៗ មានជីវជាតិដល់សិស្សនៅតាមសាលាបឋមសិក្សាសាធារណៈ (សាលារដ្ឋ) ក្នុងតំបន់ដែលមានអសន្តិសុខស្បៀង មានភាពក្រីក្រច្រើន និងភាពងាយរងគ្រោះខ្ពស់។

កម្មវិធីនេះ បានចូលរួមលើកកម្ពស់កម្រិតអាហារូបត្ថម្ភ , បង្កើនអត្រាចុះឈ្មោះចូលរៀន , ជំរុញសិស្សានុសិស្សឱ្យមករៀនបានទៀងទាត់ , កាត់បន្ថយការបោះបង់ការសិក្សា ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ច និងសមធម៌នៅក្នុងសហគមន៍ផងដែរ៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម