ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ និងប្រធាន គ.ជ.ប ហាមមិនឲ្យបក្សនយោបាយកៀរគរកម្លាំងឆ្លងរាជធានី ខេត្ត ក្នុងចេតនាបង្កអសន្តិសុខ ប៉ះពាល់សណ្តាប់ធ្នាប់សង្គម
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត និងលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី០២ ខែមិថុនា នេះ បានចេញសេចក្តីណែនាំមួយដល់គណបក្សនយោបាយ ក៏ដូចជាបេក្ខជន មិនត្រូវធ្វើសកម្មភាពកៀរគរ ប្រមូលកម្លាំងពីរាជធានី ខេត្តណាមួយ ទៅធ្វើសកម្មភាពនៅរាជធានី ឬខេត្តផ្សេង ក្នុងចេតនាបង្កចលាចល អសន្តិសុខសង្គម ដើម្បីបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនោះឡើយ។
អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងគោលបំណងធានាឲ្យដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានធ្វើការណែនាំ៖
ទី១, គណបក្សនយោបាយ និងបេក្ខជន មិនត្រូវធ្វើសកម្មភាពកៀរគរ ប្រមូលកម្លាំងពីរាជធានី ខេត្តណាមួយ ដើម្បីទៅធ្វើសកម្មភាពនៅរាជធានី ឬខេត្តផ្សេង ក្នុងចេតនាបង្កអសន្តិសុខ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សំដៅបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនោះឡើយ។
ទី២, គណបក្សនយោបាយ និងបេក្ខជន ប្រជាពលរដ្ឋ ត្រូវចូលរួមក្នុងកិច្ចការពារថែរក្សាបរិយាកាស សន្តិសុខសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតឲ្យបានល្អប្រសើរ ដោយមិនត្រូវធ្វើសកម្មភាពណាមួយ ដែលផ្ទុយពីគោលការណ៍នៃច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្រមសីលធម៌សម្រាប់ គណបក្សនយោបាយ និងបេក្ខជនក្នុងដំណើរការបោះឆ្នោត ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធផ្សេងៗ ជាធរមាន។
ស្ថាប័នទាំងពីរនេះ សង្ឃឹមយ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ បេក្ខជន ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត និងសាធារណជនទាំងអស់ អាជ្ញាធរមានសមត្ថកិច្ច និងគណៈកម្មការរៀបចំការបោះឆ្នោត ព្រមទាំងយន្តការ រចនាសម្ព័ន្ធនៃ គ.ស.អ គ្រប់លំដាប់ថ្នាក់ និងសហការអនុវត្តតាមសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្កលក្ខណៈសម្បត្តិធានាបាននូវបរិយាកាសស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសុវត្ថិភាពទាំងស្រុង សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
គួររំលឹកថា សេចក្តីណែនាំនេះបានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានការទម្លាយព័ត៌មានតាមបណ្តាញសង្គមអំពីផែនការសម្ងាត់របស់ក្រុមទណ្ឌិត សម រង្ស៉ី បានបញ្ជូនមនុស្សពីក្រៅប្រទេស ដើម្បីរៀបចំផែនការ តាមរយៈគណបក្សភ្លើងទៀន ក្នុងការបង្កចលាចល បំផ្លាញការបោះឆ្នោតនាក្រុមប្រឹក្សា ឃុំ សង្កាត់ ពេលខាងមុខ៕
ដោយ ៖ កោះកែវ

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


