Connect with us

ព័ត៌មានជាតិ

កម្ពុជា​ថ្លែងអំណរគុណ រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ដែល​ជួយ​គាំទ្រ​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៤មក

បានផុស

នៅ

រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានទទួល​ជួបពិភាក្សា ការងារ​ជាមួយ លោកស្រី Kathryn Campbell រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី ស្តីពី​ភាពជា​ដៃគូ និង កិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធ នឹង​វិស័យ​សកម្មភាព​មីន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ដែល​ជួយ​គាំទ្រ​ដល់​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៤ និង​ក្រោយមក​បាន​ចូលរួម​គាំទ្រ​ដល់​គម្រោង​បោសសម្អាត​មីន​ចាប់តាំងពី​ឆ្នាំ​២០០៦ ដោយ​ផ្តល់​ដី​មាន​សុវត្ថិភាព និង​បាន​ជួយសង្គ្រោះ​ដល់​អាយុជីវិត​បាន​រាប់លាន​នាក់​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់​ដោយ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

លោក​ទេសរដ្ឋមន្ត្រី​លី ធុជ​បាន​លើ​ក​ឡើ​ង​អំពី សមិទ្ធផល​រយៈ​ពេល ៣០​ឆ្នាំ ចាប់តាំងពី​ឆ្នាំ ១៩៩២ នៃ​ការចាប់​ផ្តើ​ម​កម្មវិធី​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា និង​មានការ​ចូលរួម​របស់​ប្រទេស​ម្ចាស់ និង​ដៃគូ​អភិវឌ្ឍន៍ ក្នុងនោះ​ប្រទេស​អូស្ត្រាលី គឺជា​ដៃគូ​ដ៏​លេចធ្លោ និង​រឹងមាំ​សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​។

លោក​បន្ត​ទៀត​ថា ជា​មួយ​នឹង​សមិទ្ធផល​ទាំងនេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​យ៉ាង​ច្បាស់​លាស់​ដោយ​កំណត់​គោលដៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥​។ លោក​បន្ត​ទៀត​ថា ដើម្បី សម្រេច​គោលដៅ​នេះ កម្ពុជា ត្រូវ ការ​បោសសម្អាត​មីន​លើ​ផ្ទៃដី​ប្រមាណ ១៦០​គីឡូម៉ែត្រ​ក្រឡា ក្នុង​មួយឆ្នាំ ប៉ុន្តែ​បច្ចុប្បន្ន​នេះ កម្ពុជា អាចមាន​លទ្ធភាព​បោសសម្អាត​បានត្រឹមតែ​ពី ៩០-១០០​គីឡូម៉ែត្រ​ក្រឡា ប៉ុណ្ណោះ។

ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល អូស្ត្រាលី បន្ត​ជួយ​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន​រហូតដល់​កម្ទេច​គ្រាប់មីន​ចុងក្រោយ​នៅ​កម្ពុជា ទោះបី​កម្ពុជា​មិនបាន​សម្រេច​គោលដៅ​ឆ្នាំ​២០២៥ ក៏ដោយ។

លោកស្រី Kathryn Campbell បាន​កោត​សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ការសម្រេចបាន​នៃ​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា ហើយ​លោកស្រី​នឹង​បន្ត​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា ព្រមទាំង​ពាំនាំ​សំណើ​សុំ និង​លទ្ធផល​នៃ​កិច្ចប្រជុំ​ជម្រាប​ប្រាប់​រដ្ឋាភិបាល​អូស្ត្រាលី ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម