កីឡា
គុណភាពពិត! Rui Pires របស់ ព្រះខ័នរាជស្វាយរៀង ធ្លាប់ជាប្រធានក្រុមយុវជនព័រទុយហ្គាល់ មានបទពិសោធច្រើននៅអឺរ៉ុប
អតីតប្រធានយុវជនជម្រើសជាតិព័រទុយហ្គាល់ Rui Pires បានចូលរួមជាមួយក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៦ ដើម្បីត្រៀមប្រជែងពានរង្វាន់ក្នុងស្រុក និងអន្តរជាតិសម្រាប់រដូវកាលថ្មី ២០២៦-២៧។

កីឡាករ Rui Pires អាយុ ២៨ ឆ្នាំ កម្ពស់ ១.៨២ ម៉ែត្រ លេងតួនាទីជាខ្សែបម្រើការពារដែលមានបទពិសោធច្រើនទាំងនៅតំបន់អឺរ៉ុប និងអាស៊ី មុនពេលចូលរួមជាមួយក្លិបជើងឯកលីគកំពូលកម្ពុជា។ កីឡាករជាយុវជនរបស់ក្លិប FC Porto ដែលជាក្លិបលំដាប់កំពូលនៅប្រទេសព័រទុយហ្គាល់ ដែលរូបគេបានចំណាយពេលអភិវឌ្ឍខ្លួនរយៈពេល ៦ ឆ្នាំគិតចាប់ពីឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១៥។

នៅឆ្នាំ ២០១៦ រូបគេត្រូវបានតម្លើងមកចូលរួមជាមួយក្រុមធំជម្រើសដៃទី ២ របស់ក្លិប FC Porto ដោយបង្ហាញខ្លួនបានចំនួន ៦៩ ប្រកួត រហូតដល់ឆ្នាំ ២០១៩ ទើបបានផ្លាស់ទៅចូលរួមជាមួយក្លិបបារាំង Troyes ស្ថិតក្របខណ្ឌលីគលំដាប់ទី ២។ នៅក្លិបថ្មីនេះ រូបគេបង្ហាញខ្លួនលើទីលានបាន ៣២ ប្រកួត មុនពេលផ្លាស់ទៅក្លិប Pacos de Perreira ក្នុងក្របខណ្ឌលីគទី ២ របស់ ព័រទុយហ្គាល់ជាកន្លែង ដែលរូបគេចំណាយពេលពីឆ្នាំ ២០២១ ដល់ ២០២៣ ដោយបង្ហាញខ្លួនលើទីលាន ៥២ ប្រកួត។

បន្ទាប់មក ខ្សែបម្រើការពារ Rui Pires បានចាកចេញពីតំបន់អឺរ៉ុបមកបន្តអាជីពនៅតំបន់អាស៊ីដោយបានចូលរួមជាមួយក្លិបធំរបស់សិង្ហបុរី Lion City Sailors ពីឆ្នាំ ២០២៣ ដល់ ពាក់កណ្តាលឆ្នាំ ២០២៦។ នៅក្លិបថ្មីនេះ កីឡាករបានជួយក្លិបឈ្នះជើងឯកលីគកំពូលសិង្ហបុរី រដូវកាល ២០២៤-២៥, ឈ្នះពាន Singapore Cup ៣ លើកជាប់គ្នាគឺឆ្នាំ ២០២៣, ២០២៤-២៥ និង ២០២៥-២៦។ ជាពិសេស រូបគេបានជួយក្លិបទទួលបានចំណាត់ថ្នាក់លេខ ២ ពានរង្វាន់អាស៊ីលំដាប់ទី២ AFC Champions League Two រដូវកាល ២០២៤-២៥។

បើនិយាយពីជម្រើសជាតិព័រទុយហ្គាល់វិញ កីឡាករ Rui Pires បានជាប់តាំងពីកម្រិតអាយុ ១៨ ឆ្នាំ រហូតដល់ កម្រិត ២០ ឆ្នាំ ចន្លោះពីឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០១៨។ រូបគេជាប្រធានក្រុម និងធ្លាប់បានលេងពានរង្វាន់អន្តរជាតិជាប្រចាំតំបន់អឺរ៉ុប ហើយក៏ធ្លាប់តទល់នឹង សាធារណរដ្ឋឆេក ហូឡង់ ស្វីស ប៉ូឡូញ អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី ដាណឺម៉ាក់ និងក្រូអាត ជាដើម។ រូបគេក៏ជាប់ឈ្មោះនៅក្នុងក្រុមល្អប្រចាំព្រឹត្តិការណ៍ជើងឯកយុវជនទ្វីបអឺរ៉ុបអាយុ ១៩ ឆ្នាំ កាលពីឆ្នាំ ២០១៧ នៅពេលក្រុម U19 ព័រទុយហ្គាល់ ទទួលបានរងជើងឯក ក្រោយចាញ់ ក្រុមយុវជនអង់គ្លេស ១-២។

ដោយផ្អែកលើកាយសម្បទា និងបទពិសោធច្រើននៅតំបន់អឺរ៉ុប កីឡាករ Rui Pires នឹងក្លាយជាតួដ៏សំខាន់ម្នាក់នៅតំបន់ការពាររបស់ ក្លិបព្រះខ័នរាជស្វាយរៀង ដែលចាប់ដៃជាមួយខ្សែការពារ Faris Hammouti និង Takashi Odawara ព្រមទាំងកីឡាករកម្ពុជា សឿយ វិសាល និង សារ៉េត គ្រីយ៉ា៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


