Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គំរាមវាយប្រហាររោងចក្រអគ្គិសនី និងស្ពានរបស់អ៊ីរ៉ង់ នៅ​សប្ដាហ៍ក្រោយ បើមិនព្រមចរចា

បានផុស

នៅ

​នៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fox News កាលពីថ្ងៃអង្គារ ទី​១៤ ខែ​កក្កដា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​បាន​ព្រមានចំៗថា បើទីក្រុងតេហេរ៉ង់មិនព្រមវិលត្រឡប់មកកាន់តុចរចាទេនោះ ក្រុង​វ៉ាស៊ីនតោន​នឹងចាប់ផ្តើមកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់ រួមមាន រោងចក្រអគ្គិសនី និងស្ពាននានា ចាប់ពីសប្តាហ៍ក្រោយនេះតទៅ។

លោក ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយរបស់​ភ្នាក់ងារព័ត៌មាន Anadolu លោក ត្រាំ បានអះអាងថា លោកកំពុងប្រើប្រាស់ «អំណាចយោធា» ជាមធ្យោបាយតែមួយគត់ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ព្រមចរចា ដោយលើកឡើងថា «យើងកំពុងវាយប្រហារពួកគេយ៉ាងចាស់ដៃនៅយប់នេះ និងយប់បន្ទាប់ទៀត។ ហើយសប្តាហ៍ក្រោយ វានឹងក្លាយជារឿងអាក្រក់បំផុតសម្រាប់ពួកគេ ព្រោះយើងនឹងកម្ទេចរោងចក្រអគ្គិសនី និងស្ពានទាំងអស់របស់ពួកគេ»។ ថ្វីដ្បិត​លោកធ្លាប់មានគំនិតចង់ទារថ្លៃសេវា សម្រាប់ការឆ្លងកាត់ច្រកសមុទ្រហ័រមូសក៏ដោយ ក៏ឥឡូវនេះលោកបានប្តូរជំហរវិញ ដោយចង់ឱ្យច្រកសមុទ្រនេះនៅតែជាផ្លូវដឹកជញ្ជូនសេរី សម្រាប់ពិភពលោកវិញ។

ការព្រមានរបស់​ប្រមុខ​សេតវិមានរូបនេះ កើតឡើងស្របពេលដែលបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានបន្តប្រតិបត្តិការវាយប្រហារលើគោលដៅរបស់អ៊ីរ៉ង់ ដើម្បីកាត់បន្ថយសមត្ថភាពរបស់ពួកគេ ក្នុងការគំរាមកំហែងដល់នាវាពាណិជ្ជកម្មនៅច្រកសមុទ្រហ័រមូស។ បច្ចុប្បន្ន នាវាចម្បាំងអាមេរិកជាង ២០គ្រឿង និងយន្តហោះយោធារាប់រយគ្រឿង កំពុងដាក់ពង្រាយពេញតំបន់មជ្ឈិមបូព៌ា។ នៅម្ខាងទៀត កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក៏បានអះអាងថា ខ្លួនបានបំផ្លាញអាវុធ និងដ្រូនរបស់អាមេរិកមួយចំនួន នៅក្នុងការវាយប្រហារទៅលើទីតាំងក្នុងប្រទេសបារ៉ែន និងគូវ៉ែតផងដែរ។

បើទោះបីជាមានការខិតខំសម្របសម្រួលពីប្រទេសប៉ាគីស្ថាន ដើម្បីស្វែងរកសន្តិភាពក៏ដោយ ក៏ជម្លោះរវាងភាគីទាំងពីរហាក់ដូចជាកំពុងតែរីកធំឡើងៗ ដោយគ្មានសញ្ញានៃការចុះសម្រុងនឹងគ្នានោះទេ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ «គ្មានជម្រើសអ្វី ក្រៅពីព្រមធ្វើកិច្ចព្រមព្រៀងនោះទេ» ខណៈពេលដែលពិភពលោកទាំងមូល កំពុងតាមដានដោយក្តីបារម្ភថា តើជម្លោះនេះនឹងឈានទៅដល់កម្រិតណា ប្រសិនបើការវាយប្រហារលើគោលដៅយុទ្ធសាស្ត្រ ដូចជា អគ្គិសនី និងស្ពាននោះក្លាយជាការពិត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម