Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា អាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ 

បានផុស

នៅ

ប្រទេសកម្ពុជា អាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស។ នេះបើតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយទ្វេភាគីពីប្រទេសអេស្ប៉ាញ ជូនរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំយុទ្ធនាការជាតិចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេសជូនដល់ប្រជាជន ជាពិសេសកុមារដែលជាទំពាំងស្នងឬស្សី និងជាអនាគតនៃប្រទេសជាតិ គឺប្រទេសកម្ពុជា អាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។

ជាលទ្ធផល ទោះបីរលកថ្មីនៃការឆ្លងរាលដាលនៅបន្តមានក៏ដោយ ក៏កម្ពុជា អាចបើកដំណើរការប្រទេ​សឡើងវិញលើគ្រប់វិស័យ តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ និងអាចរក្សាបានប្រក្រតីភាពនៃដំណើរការសង្គម-សេដ្ឋកិច្ច ព្រមទាំងបានស្ដារ និងជំរុញកំណើនឡើងវិញ ប្រកបដោយភាពរឹងមាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

សម្ដេចតេជោ ហ៊ុន​ សែន បានថ្លែងបន្តថា សមិទ្ធផលទាំងនេះ សម្រេចបានតាមរយៈការចាក់វ៉ាក់សាំង ដែលបានជួយបង្កើតជារនាំងការពារដ៏រឹងមាំ, ចូលរួមកាត់ផ្ដាច់ការឆ្លងរាលដាល, និងជាពិសេសបញ្ចៀ​សបាននូវការឈឺធ្ងន់ និងការបាត់បង់ជីវិត។ ជាក់ស្ដែង កម្ពុជាមិនមានករណីស្លាប់នោះឡើយ ក្នុងរយៈពេលជិត ៤ខែចុងក្រោយនេះ រាប់តាំងពីខែមេសា ឆ្នាំ ២០២២ មកដល់ថ្ងៃនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះជាយ៉ាងនេះក្ដី ជំងឺកូវីដ-១៩ មិនទាន់ឃ្លាតទៅណាឆ្ងាយពីយើងនោះទេ។ ក្នុងន័យនេះ កម្ពុជា ក៏ដូចជាសកលលោកទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការបន្ត និងពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាជនគ្រប់រូប និងកុមារដែលមានអាយុ ៣ឆ្នាំឡើង ដែឡនឹងបន្តដើរតួនាទីស្នូល ក្នុងការផ្ដល់ការការពារដ៏រឹងមាំ និងមានប្រសិទ្ធភាពបំផុត តទល់នឹងការបំប្លែងខ្លួនថ្មីៗ និងមិនឈប់ឈរនៃជំងឺកូវីដ-១៩៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម