ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ៖ កុំខ្លាចភាពបរាជ័យ កូនកសិករក៏អាចក្លាយជានាយករដ្ឋមន្រ្តីបានដែរ
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រិតការ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ បានមានប្រសាសន៍លើកទឹកចិត្តដល់ប្អូនៗគរុសិស្សថា “សូមប្អូនៗ កុំខ្លាចភាពបរាជ័យ ប្រសិនបើកូនកសិករម្នាក់អាចក្លាយជានាយករដ្ឋមន្ត្រី នោះប្អូនៗទាំងអស់គ្នាក៏អាចទទួលបានជោគជ័យ និងសម្រេចក្ដីស្រមៃរបស់ខ្លួនបានដូចគ្នា”។

ពិធីសំណេះសំណាលនាព្រឹកនេះ បានប្រព្រឹត្តឡើងក្នុងគោលបំណងថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងក្នុងការចូលរួមគាំទ្រជាមួយកិច្ចការសង្គមរបស់គរុសិស្ស និងសាលាគរុកោសល្យ និងវិក្រិតការខេត្តបន្ទាយមានជ័យ ជាពិសេសការស្វែងយល់ និងរៀនសូត្របន្ថែមចំពោះបញ្ហា និងបទពិសោធន៍នានាដែលលោកគ្រូ អ្នកគ្រូ ក៏ដូចជាប្អូនៗបានឆ្លងកាត់ដោយផ្ទាល់ក្នុងកាលៈទេសៈកូវីដ១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវសមាជិក សមាជិកា គណៈកម្មការទី៧ នៃរដ្ឋសភា ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកទេព ណាន នាយកសាលាគរុកោសល្យ និងវិក្រិតការ និងលោក លោកស្រី គណៈគ្រប់គ្រង សាស្ត្រាចារ្យ រួមជាមួយប្អូនគរុសិស្សជាច្រើនរូបផងដែរ។

ឯកឧត្តមប្រធានគណៈកម្មការបានបន្ថែមទៀតថា “បើតាមខ្ញុំទទួលព័ត៌មានពីអាជ្ញាធរខេត្តបានឲ្យដឹងថា ថ្នាក់ដឹកនាំ កម្រិតអភិបាលក្រុងស្រុកជាច្រើនរូបក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យសុទ្ធសឹងតែកើតចេញពីគ្រូបង្រៀន។ ខ្ញុំជឿថា តាមរយៈការខិតខំប្រឹងប្រែងកន្លងមក ប្អូនៗពិតជាអាចធ្វើបាន ហើយអាចសម្រេចក្តីស្រមៃ និងក្លាយជាបុគ្គលនាថ្ងៃអនាគតដែលខ្លួនប៉ងប្រាថ្នា។”

សូមជម្រាបថា ក្រៅពីការសំណេះសំណាល ឯកឧត្តម ហ៊ុន ម៉ានី មានផ្តល់ឱកាសដល់អ្នកចូលរួម ដែលជាលោកគ្រូ អ្នកគ្រូ និងគរុសិស្សទាំងអស់បានចែករំលែកបទពិសោធន៍ និងស្ថានភាពផ្សេងនៃការរៀន និងបង្រៀនជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ដើម្បីបន្តនាំយកស្ថានភាពតាមបណ្តាភូមិសាស្ត្រនានាទូទាំងប្រទេសរាយការណ៍បន្តជូនថ្នាក់ដឹកនាំ ហើយឈានដល់ការស្វែងរកដំណោះស្រាយត្រឡប់មកវិញ៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ